អន្តរជាតិ
នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​៖ ទាំង​រដ្ឋាភិបាល​និង​បក្សប្រឆាំង ត្រូវ​ធ្វើការ​ដើម្បី​ជាតិ មិនមែន​បក្សពួក​ខ្លួន​ឡើយ​
06, Sep 2020 , 5:59 pm        
រូបភាព
ដោយ:
​លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង ក្នុង​សប្តាហ៍​នេះ បាន​ថ្លែងការណ៍​ជា​សាធារណៈ​លើកដំបូង​ទៅកាន់​សភាជាតិ​របស់ខ្លួន​ស្តីពី​គោលនយោបាយ​ជាតិ​សម្រាប់​អាណត្តិ​ដឹកនាំ​ថ្មី នៃ​បក្ស​កាន់អំណាច និង​រដ្ឋាភិបាល​បច្ចុប្បន្ន​។ តាមរយៈ​វេទិកា​ដ៏​សំខាន់​នេះ លោកនាយក​រដ្ឋមន្ត្រី បាន​ក្រើនរម្លឹក​ត្រង់ៗ​ថា ទាំង​រដ្ឋាភិបាល និង​បក្សប្រឆាំង ទោះ​មាន​និន្នាការ​ផ្ទុយគ្នា​ក៏ដោយ ភាគី​ទាំងពីរ ត្រូវតែ​ធ្វើការ​ដើម្បី​ប្រទេស មិនមែន​ដើម្បី​ផលប្រយោជន៍​បក្សពួករ​បស់​ខ្លួន​នោះទេ​។

 
​នា​វេទិកា​លើកដំបូង​ក្នុង​អាណត្តិ​ថ្មី​នៃ​ការដឹកនាំ​រដ្ឋាភិបាល​សិង្ហ​បុរី លោកនាយក​រដ្ឋមន្ត្រី លី សៀន​ឡុង បានបង្ហាញ​ពី​ផែនការ​ជាច្រើន​ដែល​ត្រូវធ្វើ​ក្នុងនាម​រដ្ឋាភិបាល​នៃ​បក្ស​កាន់អំណាច រួមមាន​ដូចជា ការកសាង​កុងសង់ស៊ីស​នយោបាយ​, ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ទប់ស្កាត់​ការផ្ទុះ​ជំងឺ​រាតត្បាត​ផ្សេងៗ​, គោលនយោបាយ​ពលករ​បរទេស​, ស្ថិរភាព​សេដ្ឋកិច្ច ក៏ដូចជា​ការរក្សា​ឲ្យ​បាន​ពី​លក្ខណៈពិសេស​នៃ​នយោបាយ និង​រដ្ឋាភិបាល​សិង្ហ​បុរី​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Channel News Asia ក្នុងចំណោម​បញ្ហា​ជាច្រើន​ខាងលើ លោកនាយក​រដ្ឋមន្ត្រី បាន​ផ្តោត​សំខាន់​លើ​តួនាទី​របស់​រដ្ឋាភិបាល និង​បក្សប្រឆាំង​។ លោកនាយក​រដ្ឋមន្ត្រី លើកឡើងថា រដ្ឋាភិបាល នឹង​នៅតែ​បន្ត​អនុវត្ត​ការងារ​បែប​ចំហរ និង​ស្ថាបនា ក្នុងការ​ពិភាក្សា​លើ​គោលនយោបាយ និង​បញ្ហា និង​ស្តា​ប់រាប់​យោបល់​និង​ទស្សនៈ ទោះបី​ជាមាន​និន្នាការ​ផ្ទុយគ្នា​ក៏ដោយ​។​
 
​លោកនាយក​រដ្ឋមន្ត្រី បាន​អះអាងថា ភាពជោគជ័យ​មួយ​ក្នុងការ​ស្វែង​ដំណោះស្រាយ​ដ៏​ត្រឹមត្រូវ​លើ​បញ្ហា​របស់​សិង្ហ​បុរី អាស្រ័យ​លើ​បរិយាកាស​នយោបាយ​ល្អប្រសើរ​។ លោក បន្តថា កន្លងមក​សិង្ហ​បុរី សម្រេចបាន​កុងសង់ស៊ីស​នយោបាយ​ក្នុង​កម្រិត​ខ្ពស់​មួយ​លើ​បញ្ហា​ជាច្រើន​ពាក់ព័ន្ធ​នឹង​សង្គម និង​សេដ្ឋកិច្ច ដែល​ចំណុច លោកនាយក​រដ្ឋមន្ត្រី ចង់​បង្ហាញថា ការចេះ​ធ្វើការ​របស់​រដ្ឋាភិបាល និង​បក្សប្រឆាំង​នេះហើយ ដែលជា​ហេតុផល​ចម្បង​មួយ​ធ្វើ​ឲ្យ​សិង្ហ​បុរី​មានការ​លូតលាស់​ឆាប់រហ័ស​។ 
 
​នា​វេទិកា​ដដែល​នេះ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​សិង្ហ​បុរី​រូបនេះ បាន​គូសបញ្ជាក់ថា លោក បាន​ស្តាប់​ការលើកឡើង​នូវ​គោលនយោបាយ និង​ជំហរ​របស់​មេដឹកនាំ​បក្សប្រឆាំង ហើយ​លោក ក៏បាន​សាទរ និង​ស្វាគមន៍​នឹងធ្វើ​ការ​ជាមួយ​បក្សប្រឆាំង តាមរយៈ​ការជជែក​ដេញដោល​បែប​ស្ថាបនា​ក្នុង​ក្របខណ្ឌ​សភា​។ ក៏ប៉ុន្តែ​សម្រាប់​លោក ការជជែក ត្រូវតែ​ផ្អែកលើ​គោលការណ៍ និង​ការពិត​។ 
 
​លោក ក៏បាន​សង្កត់ធ្ងន់ថា ដើម្បី​ឲ្យ​នយោបាយ​របស់​សិង្ហ​បុរី​បន្ត​ដើរទៅ​មុខ ទាំង​រដ្ឋាភិបាល និង​ក្រុមប្រឆាំង​ត្រូវតែ​បង្ហាញ​គោលបំណង​រួម ដើម្បី​ធ្វើការ​ដើម្បី​សិង្ហ​បុរី និង​មិនមែន​គ្រាន់តែ​ដើម្បី​បក្ស ឬ​អ្នកគាំទ្រ​របស់ខ្លួន​ឡើយ​។ ជាមួយគ្នានេះ ប្រមុខ​បក្ស​កាន់អំណាច​សិង្ហ​បុរី​រូបនេះ ក៏បាន​រំពឹង​ផងដែរ​ថា បក្សប្រឆាំង នឹង​អាចធ្វើ​ការមិន​ត្រឹមតែ​ការ​ចោទសួរ និង​រិះគន់​លើ​សំណើ​រដ្ឋាភិបាល​ប៉ុណ្ណោះ​នោះទេ​៕ 
 

Tag:
 សិង្ហ​បុរី​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com