ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ពលរដ្ឋនិងក្រុមយុវជន នៅតែនាំគ្នាឆ្ពោះទៅទីលានប្រជាធិបតេយ្យ ទោះរងការចាប់ខ្លួន
07, Sep 2020 , 10:21 am        
រូបភាព
រូបពីគណនីហ្វេសប៊ុក Ma Chettra
រូបពីគណនីហ្វេសប៊ុក Ma Chettra
ដោយ: ថ្មីៗ
គិតត្រឹមម៉ោង១០ព្រឹក នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ប្រជាពលរដ្ឋនិងក្រុមយុវជនប្រមាណ៥០នាក់ កំពុងស្ថិតនៅជិតទីលានប្រជាធិបតេយ្យ ក្នុងសង្កាត់ឫស្សីកែវ ហើយគោលបំណងរបស់ពួកគេ ចង់ចូលក្នុងទីលានប្រជាធិបតេយ្យ។ ប៉ុន្តែដំណើររបស់ពួកគេ ត្រូវបានផ្អាកឲ្យនៅម្តុំ ដោយមិនទាន់អាចបន្តទៅមុខទៀតឡើយ ដ្បិតកម្លាំងសមត្ថកិច្ច នាំគ្នាឈរពាំងពួកគេ មិនឲ្យបន្តដំណើរចូលទៅក្នុងទីលានប្រជាធិបតេយ្យនោះ។




ក្រុមយុវជន សួរកម្លាំងសមត្ថកិច្ច ថា ហេតុអ្វីបានជារារាំងពួកគេ? កម្លាំងសមត្ថកិច្ច មិនបានឆ្លើយតបអ្វីនោះទេ ដោយពួកគាត់ បានត្រឹមតែឈររារាំងប្រជាពលរដ្ឋនិងក្រុមយុវជន មិនឲ្យបន្តទៅទីលានប្រជាធិបតេយ្យ។ មានតំណាងសមត្ថកិច្ចម្នាក់ ទៅជួបប្រជាពលរដ្ឋនិងក្រុមយុវជន ដោយមិននិយាយអ្វីច្រើនឡើយ ដោយគ្រាន់តែប្រាប់ថា ពួកគេ មិនអាចទៅទីលានប្រជាធិបតេយ្យបានទេ។ ម្យ៉ាងទៀត តំណាងសមត្ថកិច្ចនោះ បានប្រាប់ឲ្យប្រជាពលរដ្ឋនិងក្រុមយុវជន ទៅនិយាយគ្នានៅសាលាខណ្ឌ (ឫស្សីកែវ)។

ប្រជាពលរដ្ឋ និងក្រុមយុវជន បដិសេធមិនទៅសាលាខណ្ឌ ហើយចោទសួរថា ហេតុអ្វី ចាំបាច់ឲ្យពួកគេ ទៅសាលាខណ្ឌ? ប្រជាពលរដ្ឋនិងក្រុមយុវជន និយាយថា ពួកគេ បានព្យាយាមសុំច្បាប់ពីរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វើបាតុកម្ម តែបែរជារដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាត។

យុវជនម្នាក់ ស្រែកនិយាយដូច្នេះថា៖«ពួកយើង ត្រូវទៅលានប្រជាធិបតេយ្យឲ្យបាន»។ បន្ទាប់មក ប្រជាពលរដ្ឋនិងក្រុមយុវជន ស្រែកព្រមគ្នាថា៖«ឥឡូវ យើងសុខចិត្តសំពះ សុំអង្វរពួកគាត់ ឲ្យតែពួកគាត់ ឲ្យពួកយើង ទៅទីលានប្រជាធិបតេយ្យ»។

យ៉ាងណាក៏ដោយ កម្លាំងសមត្ថកិច្ច នៅតែមិនទាន់អនុញ្ញាតឲ្យប្រជាពលរដ្ឋនិងក្រុមយុវជន ទៅទីលានប្រជាធិបតេយ្យ ហើយនៅតែហៅពួកគេ ឲ្យទៅសាលាខណ្ឌ។

ក្រុមយុវជន អះអាងថា យុវជនម្នាក់ឈ្មោះ ថា ឡាវី ដែលចូលរួមក្នុងដំណើរទៅទីលានប្រជាធិបតេយ្យដែរនោះ ត្រូវបានឃាត់ខ្លួន។ គេ មិនទាន់ដឹងថា សមត្ថកិច្ច នឹងនាំយុវជនរូបនេះ ទៅទីណាឡើយ។

ប្រជាពលរដ្ឋនិងក្រុមយុវជន លើកឡើងថា មុនដំបូងពួកគេ មានបំណងធ្វើបាតុកម្មទាមទារឲ្យដោះលែងលោក រ៉ុង ឈុន និងមនុស្សមួយចំនួនទៀត តែឥឡូវពួកគេ ប្តូរជំហរវិញថា មិនទាមទារឲ្យដោះលែងអ្នកណាឡើយ តែការធ្វើបាតុកម្មនេះ គឺដើម្បីសម្តែងមតិ ទាមទារសេរីភាព និង ប្រជាធិបតេយ្យ។

ពួកគេ នាំគ្នាស្រែកដដែលៗថា៖«ជយោ សេរីភាព ប្រជាធិតេយ្យ! ពួកយើង ទាមទារសេរីភាព ប្រជាធិបតេយ្យ និង យុត្តិធម៌!»។

នៅថ្ងៃម្សិលមិញ (៦កញ្ញា) ព្រះសង្ឃព្រះនាម កើត សារ៉ាយ និងយុវជនឈ្មោះ មាន ព្រហ្មមុនី ដែលជាសមាជិកនៃក្រុមយុវជនខ្មែរថាវរៈ ត្រូវឃាត់ព្រះកាយនិងឃាត់ខ្លួន ខណៈព្រះអង្គនិងយុវជនរូបនេះ ប្រកាសជំហរថា នៅតែចូលរួមដឹកនាំធ្វើបាតុកម្មរកយុត្តិធម៌សង្គម ទោះអាជ្ញាធរមិនអនុញ្ញាត។ គេ ក៏មិនទាន់ដឹងដែរថា ពេលនេះ ព្រះអង្គ កើត សារ៉ាយ និងយុវជន មាន ព្រហ្មមុនី ស្ថិតនៅឯណា។ 

ប្រជាពលរដ្ឋនិងក្រុមយុវជនទាំងនោះ គ្រោងធ្វើបាតុកម្មរយៈពេល៧ថ្ងៃជាប់គ្នា គឺពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីទាមទារឲ្យមានយុត្តិធម៌សង្គម។ ពួកគេ ក៏បានដាក់សំណើទៅរដ្ឋបាលរាជធានីភ្នំពេញដែរ តែមិនទទួលបានការអនុញ្ញាតឡើយ។ លើសពីនេះ រដ្ឋបាលរាជធានីភ្នំពេញ ថែមទាំងព្រមានថា ពួកគេ ត្រូវប្រឈមមុខនឹងផ្លូវច្បាប់ បើនៅតែបន្តធ្វើបាតុកម្ម ដោយគ្មានការអនុញ្ញាត៕ 

 

Tag:
 យុវជន
  បាតុកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com