អន្តរជាតិ
ប៉េកាំង បដិសេធការចោទប្រកាន់របស់រដ្ឋមន្រ្តីការពារជាតិអាមេរិកដែលថាកងទ័ពចិនបម្រើបក្សកុម្មុយនីស្ត
07, Sep 2020 , 11:03 am        
រូបភាព
លោក Ren Guoqiang អ្នកនាំពាក្យក្រសួងការពារជាតិចិន។ រូបភាព៖ CGTN
លោក Ren Guoqiang អ្នកនាំពាក្យក្រសួងការពារជាតិចិន។ រូបភាព៖ CGTN
ក្រសួងការពារជាតិចិន នៅថ្ងៃទី៦ ខែកញ្ញា បានទាត់ចោលការលើកឡើងរបស់ប្រមុខការពារជាតិអាមេរិក ម៉ាក អេស្ពើ ដែលបានចោទប្រកាន់កងទ័ពចិនថា គឺជាស្ថាប័នបម្រើឲ្យបក្សកុម្មុយនីស្តចិន និងអង្គភាពពាក់ព័ន្ធ ពោលគឺមិនបានបម្រើប្រជាជន ឬរដ្ឋធម្មនុញ្ញ ដូចយោធាអាមេរិក។

 
លោក ម៉ាក អេស្ពើ រដ្ឋមន្រ្តីការពារជាតិអាមេរិក បានរិះគន់យោធាចិនចំៗក្នុងអត្ថបទវិចារណកថាមួយ ដោយបានចោទកងទ័ពចិនចំៗថា បម្រើឲ្យបក្សកុម្មុយនិស្តចិនប៉ុណ្ណោះ។ ក្នុងអត្ថបទមានចំណងជើងថា «The Pentagon Is Prepared for China»  ដែលផ្សាយនៅលើសារព័ត៌មានអាមេរិក Wall Street Journal លោកអេស្ពើ ក៏បានលើកឡើងពីការធ្វើទំនើបកម្មរបស់កងទ័ពចិន ដែលជាអាចជាបញ្ហាផងដែរ។ 
 
ជាការឆ្លើយតបនឹងប្រមុខការពារជាតិអាមេរិក លោក Ren Guoqiang អ្នកនាំពាក្យក្រសួងការពារជាតិចិន បានបដិសេដទាំងស្រុងលើការចោទប្រកាន់នេះ និងតបវិញថា ចង់កាត់ផ្តាច់ទំនាក់ទំនងរវាងកងទ័ព និងប្រជាជនចិន។ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៦ ខែកញ្ញា មន្ត្រីចិនរូបនេះ បន្ថែមថា អត្ថបទវិចារណកថារបស់លោករដ្ឋមន្រ្តីការពារជាតិអាមេរិក គឺជាការបំផ្លាញចក្ខុវិស័យកងទ័ពចិន ដោយមិនបានសំអាងមូលដ្ឋានច្បាស់លាស់។ 
 
«បក្សកុម្មុយនីស្តចិន និងកងទ័ពចិន គឺបំពេញបេសកកម្មដូចគ្នា ដើម្បីបម្រើប្រជាជនឲ្យអស់ពីសមត្ថភាព ដូចដែលមានចែងក្នុងធម្មនុញ្ញរបស់ចិន»។ លោក Ren បានលើកឡើងបែបនេះ ដើម្បីការពារការចោទប្រកាន់របស់អាមេរិក។ មិនតែប៉ុណ្ណោះ អ្នកនាំពាក្យរូបនេះ បានប្រតិកម្មដាក់ប្រមុខការពារជាតិអាមេរិកទៀតថា ការចោទប្រកាន់ទាំងនោះ មិនមានមូលដ្ឋានច្បាស់លាស់ឡើយ និងជាគំនិតក្នុងសម័យសង្រ្គាមត្រជាក់ និងការប្រឆាំងមនោគមវិជ្ជា។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ចិន CGTN។
 
ថ្លែងប្រាប់អ្នកសារព័ត៌មានជាច្រើនរូប អ្នកនាំពាក្យក្រសួងការពារជាតិចិន បានបន្តទៀតថា ការធ្វើទំនើបកម្មរបស់កងទ័ពចិន គួរតែត្រូវបានចាត់ទុកថា គឺជាការពង្រឹងសន្តិភាពពិភពលោក ដូចដែលរដ្ឋធម្មនុញ្ញ បានចែងថា ចិនស្វែងរកការអភិវឌ្ឍប្រកបដោយសន្តិភាព។
 
នេះមិនមែនជាលើកទីមួយដែលចិនឆ្លើយនឹងការលើកឡើងរបស់លោក អេស្ពើ ។ កន្លងមក ក្រសួងការបរទេសចិន ក៏ធ្លាប់បានច្រានចោលការចោទប្រកាន់របស់ប្រមុខការពារជាតិអាមេរិកម្តងហើយ ដោយអះអាងថា គ្មានមូលដ្ឋានច្បាស់លាស់ផងដែរ។ 
 
សូមបញ្ជាក់ថា ការបញ្ចេញអត្ថបទរបស់លោក អេស្ពើ លើកងទ័ពចិន គឺធ្វើឡើងស្របពីទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន កំពុងមើលមុខគ្នាមិនចំលើបញ្ហាជាច្រើន ក្នុងនោះមានដូចជាបញ្ហាហុងកុង កោះតៃវ៉ាន់ COVID-19 បញ្ហាការទូត សមុទ្រចិនខាងត្បូង និងបញ្ហាជាច្រើនទៀត៕
 

Tag:
 ចិន
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com