​​​ន​យោ​បាយ​ជាតិ​
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
Jacob Blake បុរសស្បែកខ្មៅអាមេរិកដែលត្រូវប៉ូលិសបាញ់៧គ្រាប់ ផ្ញើសារទៅអ្នកគាំទ្រពីគ្រែពេទ្យ
07, Sep 2020 , 1:18 pm        
រូបភាព
ដោយ:
លោក Jacob Blake បុរសស្បែកខ្មៅដែលត្រូវបាញ់៧គ្រាប់ដោយប៉ូលិសអាមេរិកក្នុងរដ្ឋ Wisconsin កាលពីខែមុន បានចេញមុខក្នុងវីដេអូនិយាយពីស្ថានភាពសុខភាពលោកជាលើកដំបូង។ ពីគ្រែមន្ទីរពេទ្យ លោកបានរៀបរាប់ពីការឈឺចាប់របស់លោក ហើយលើកទឹកចិត្តឲ្យអ្នកគាំទ្រលោកដើរទៅមុខ និងកុំខ្ជះខ្ជាយពេលវេលាក្នុងជីវិត។



អត្ថបទទាក់ទង


ក្នុងវីដេអូរយៈពេលជិត១នាទី ដែលបង្ហោះលើបណ្ដាញសង្គម Twitter កាលពីថ្ងៃទី៥ ខែកញ្ញា លោក Blake ដែលស្លៀកសម្លៀមបំពាក់អ្នកជំងឺ បានរៀបរាប់ថា ខ្នង និងពោះរបស់ត្រូវបានដេរភ្ជិត។ លោកនិយាយបន្តថា៖«វាធ្វើឲ្យខ្ញុំពិបាកដកដង្ហើម ពិបាកនឹងដេក ពិបាកនឹងធ្វើចលនាពីម្ខាងទៅម្ខាង ហើយពិបាកនឹងបរិភោគផងដែរ»។

ទោះស្ថិតក្នុងការឈឺចាប់បែបនេះ បុរសស្បែកខ្មៅអាយុ២៩ឆ្នាំរូបនេះ ក៏ឆ្លៀតផ្ញើសារលើកទឹកចិត្តដល់អ្នកគាំទ្រលោកផងដែរ ដោយប្រាប់ឲ្យពួកគេធ្វើដំណើរទៅមុខក្នុងជីវិត មុនពេលលែងអាចធ្វើអ្វីបានដូចលោក។ លោកអះអាងទៀតថា ពួកគេត្រូវរួបរួមគ្នាធ្វើរឿងល្អៗ ហើយកុំបន្តខ្ជះខ្ជាយពេលវេលាតទៅទៀត។

Blake ត្រូវរងគ្រាប់កាំភ្លើង៧គ្រាប់នៅថ្ងៃទី ២៣ ខែសីហា ដោយប៉ូលិសស្បែកសអាមេរិកម្នាក់បានបាញ់លោកពីក្រោយខ្នង ពេលត្រូវបានចាប់ខ្លួន ហើយព្យាយាមចូលក្នុងរថយន្តលោក ។ លោក Blake គ្មានអាវុធក្នុងខ្លួនឡើយនៅពេលលោកត្រូវប៉ូលិសបាញ់ ក៏ប៉ុន្តែ ក្រោយមក កាំបិតខ្លីមួយដើម ត្រូវបានរកឃើញនៅក្នុងរថយន្តលោក ដោយភ្នាក់ងារស៊ើបអង្កេត។

មូលហេតុនៃការបាញ់នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ ហើយកាលពីថ្ងៃទី ៤ ខែកញ្ញា លោក Blake បានបង្ហាញនៅមុខតុលាការតាមរយៈប្រព័ន្ធវីដេអូអនឡាញ ហើយអះអាងពីភាពស្អាតស្អំរបស់លោក មុនពេលការបាញ់ប្រហារកើតឡើង។ យ៉ាងណា លោក Ben Crump មេធាវីតំណាងឲ្យគ្រួសារលោក Blake ធ្លាប់បានបញ្ជាក់ថា លោក Blake បានព្យាយាមបំបែកការឈ្លោះប្រកែកគ្នារវាងស្ត្រី២នាក់។

ឧបទ្ទវហេតុបាញ់ប្រហារលើបុរសស្បែកខ្មៅ Blake នេះ បានបង្កទៅជារលកបាតុកម្មនៅសហរដ្ឋអាមេរិក ដែលបានផ្ដើមចេញពីទីក្រុង Kenosha នៃរដ្ឋ Wisconsin ។ ក្រុមបាតុករបាននំាគ្នាតវ៉ាប្រឆាំងនឹងអំពើរើសអើសពូជសាសន៍ និងភាពឃោរឃៅរបស់ប៉ូលិសអាមេរិក។

ទាំងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងបេក្ខជនប្រធានាធិបតីអាមេរិកមកពីប្រជាធិបតេយ្យ លោក ចូ បៃឌិន សុទ្ធតែបានទៅដលទីក្រុង ដែលជាសមរភូមិតវ៉ានេះ ។ លោក បៃឌិន បាននិយាយជាមួយសាច់ញាតិរបស់លោក Blake និងបានជួយពួកគេផងដែរ។

ក្នុងជំនួបនេះ លោកបានស្នើឲ្យមានការចាប់ខ្លួនមន្ត្រីប៉ូលិស ដែលបាញ់លោក Blake ។ យ៉ាងណាមិញ លោកប្រធានាធិបតី ត្រាំ ពុំបានជួបគ្រួសារបុរសស្បែកខ្មៅនេះឡើយ ដោយនិយាយថា លោកចង់ឲ្យក្រុមមេធាវីទៅជួបជំនួសវិញ៕

Tag:
 សហរដ្ឋអាមេរិក
  Jacob Blake
© រក្សាសិទ្ធិដោយ thmeythmey.com