ជាតិ
ព្រំដែន
អ្នកជំនាញព្រំដែន​រក​មិន​ឃើញ​ទីតាំង​ដី ដែលលោក រ៉ុង ឈុន អះអាងថា វៀតណាម​រំលោភឡើយ​
07, Sep 2020 , 4:01 pm        
រូបភាព
អ្នកស្រី កុយ ពិសី និង លោក វ៉ា គឹមហុង ថ្លែងទៅកាន់អ្នកសែត ពេលចុះទៅជួបប្រជាពលរដ្ឋ ក្នុងឃុំត្រពាំងផ្លុង កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ (រូបពីអ្នកស្រី កុយ ពិសី)
អ្នកស្រី កុយ ពិសី និង លោក វ៉ា គឹមហុង ថ្លែងទៅកាន់អ្នកសែត ពេលចុះទៅជួបប្រជាពលរដ្ឋ ក្នុងឃុំត្រពាំងផ្លុង កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ (រូបពីអ្នកស្រី កុយ ពិសី)
ដោយ:
សេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន ដែលសរសេរថា ប្រជាពលរដ្ឋមួយចំនួន នៅឃុំត្រពាំងផ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ បានបាត់ដី ដោយសាររំលោភយកពីអាជ្ញាធរវៀតណាម ជំរុញឲ្យសម្តេចនាយករដ្ឋមន្រ្តី ត្រូវបញ្ជាឲ្យលោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ទទួលបន្ទុកលើកិច្ចការព្រំដែន ចុះទៅពិនិត្យមើល ដើម្បីចង់ដឹងថា ពិតឬមិនពិត។



នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ លោក វ៉ា គឹមហុង បានដឹកនាំមន្រ្តីរបស់លោក ចុះពិនិត្យមើលតាមព្រំដែន និងបានជួបសួរប្រជាពលរដ្ឋ ក្នុងឃុំត្រពាំងផ្លុង។ ផ្ទុយស្រឡះ​ពីសេចក្តីថ្លែង​ការណ៍​របស់លោក រ៉ុង ឈុន ចម្លើយដែលលោក វ៉ា គឹមហុង ទទួលបានពីប្រជាពលរដ្ឋ គឺពួកគាត់អះអាងថា ពុំបានបាត់ដីនោះ​ឡើយ។

ពលរដ្ឋ ចាត់ទុកការស្រង់សម្តីរបស់ពួកគាត់ យកទៅសរសរក្នុងសេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន ថាជាការប្រឌិត។ លោក វ៉ា​ គឹមហុង ប្រាប់អ្នកកាសែតថា ពលរដ្ឋ បាន​និយាយ​ដូច្នេះ ទៅកាន់លោក។ បើតាមលោក វ៉ា គឹមហុង តំណាងប្រជាពលរដ្ឋតែជាង១០គ្រួសារប៉ុណ្ណោះ ដែលស្ថិតក្នុងរឿងនេះ ខណៈលោក រ៉ុង ឈុន បង្ហាញក្នុងសេចក្តីថ្លែងការណ៍ថា មានតំណាងប្រជាពលរដ្ឋជាង១០០គ្រួសារ ដែលបានជួបលោក និងផ្តល់ចម្លើយពីការបាត់បង់ដីធ្លី។ 

ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចព្រំដែនកម្ពុជា ថ្លែងថា៖«ដូចប្អូនស្តាប់ឮទាំងអស់គ្នាហើយថា ពួកគាត់ [ប្រជាពលរដ្ឋ] អះអាងច្បាស់លាស់ រហូតហ៊ានផ្តិតមេដាយលើ​ឯកសារជូន​ទៅ​ថ្នាក់លើ ហើយថា ពួកគាត់មិនដែលនិយាយថា គណៈកម្មាធិការកិច្ចការព្រំដែន បោះបង្គោល [ធ្វើឲ្យ] បាត់ទឹកបាត់ដីទេ ពួកគាត់ មិនដែលថាទេ។ អ្វីដែលគេថា អ្វីដែលគេ​យក​ពាក្យ​គាត់ទៅអះអាង គឺជាការភូតកុហក»។

អ្នកស្រី កុយ ពិសី អនុប្រធានរបស់លោក វ៉ា គឹមហុង សរសរទំព័រនិងគណនីហ្វេសប៊ុករបស់អ្នកស្រីថា គ្រប់ចម្លើយរបស់ប្រជាពលរដ្ឋ គឺអត់មានបាត់ដីទៅវៀតណាមទេ។ អ្នកស្រី កុយ ពិសី បានចុះទៅជាមួយលោក វ៉ា គឹមហុង បានបញ្ជាក់ថា៖«អ្វីដែលពួកគាត់ ចូលរួមជាមួយពួកអគតិកន្លងទៅ ដោយសារពួកអគតិ បានសន្យាថា នឹងជួយតវ៉ាសុំដី ដែលកម្ពុជា ទទួលបានបន្ទាប់ពីការបញ្ចប់ការងារខណ្ឌសីមានិងការបោះបង្គោលព្រំដែននៅតំបន់នោះ ឲ្យពួកគាត់បានអាស្រ័យផលទៅថ្ងៃមុខតែប៉ុណ្ណោះ។ អ្នកស្រី បន្តថា៖«ការពិតត្រូវបានលាតត្រដាងបន្ថែមទៀត»។

លោក រ៉ុង ឈុន ជាមេសហជីព ជាទីប្រឹក្សាសមាគមគ្រូបង្រៀនឯករាជ្យ និងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មិនត្រឹមតែសរសេរក្នុងសេចក្តីថ្លែងការណ៍ថា ប្រជាពលរដ្ឋនៅឃុំត្រពាំងផ្លុង បាត់បង់ដីធ្លីទេ តែថែមទាំងរំលេចទៀតថា បន្ទាត់ព្រំដែនកន្លែងខ្លះ ត្រូវបានខាងវៀតណាម រំកិលចូលមកប្រហែល៥០០ម៉ែត្រ ក្នុងទឹកដីកម្ពុជា។ លោក អះអាងថា អ្វីដែលលោកសរសេរក្នុងសេចក្តីថ្លែងការណ៍ គឺយោងទៅតាមសម្តីរបស់តំណាងប្រជាពលរដ្ឋជាង១០០គ្រួសារ។

ក្រោយចេញសេចក្តីថ្លែងការណ៍ ក្នុងនាមជាតំណាងរបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារួចហើយ លោក រ៉ុង ឈុន ក៏ត្រូវកម្លាំងសមត្ថកិច្ច ចូលទៅដល់គេហដ្ឋាន ក្នុងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។ សមត្ថកិច្ច ចាត់ទុកថា លោក រ៉ុង ឈុន បានប្រព្រឹត្តបទល្មើសជាក់ស្តែង និងបានបំភ្លៃខុសការពិតក្នុងរឿងព្រំដែន។ បច្ចុប្បន្ន លោក កំពុងជាប់ឃុំបណ្តោះអាសន្ន ក្នុងពន្ធនាគារព្រៃស ក្រោមបទចោទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។

ក្នុងរឿងនេះ មានអ្នកខ្លះ ជឿលើលោក រ៉ុង ឈុន និងចាត់ទុកលោក រ៉ុង ឈុន ថាជាមនុស្សស្អាតស្អំ តែក៏មានអ្នកខ្លះ ជឿជាក់​លើមន្រ្តីរដ្ឋាភិបាលដែរ ហើយហៅសកម្មភាពរបស់លោក រ៉ុង ឈុន ថាជាការបំពុលសង្គម។ លើសពីនេះ មានមតិពីរ បានកើតឡើងទន្ទឹមគ្នា គឺទីមួយ រិះគន់រដ្ឋាភិបាល ចំពោះការឃុំលោក រ៉ុង ឈុន ហើយយល់ថា ជាការ​រំលោភសិទ្ធិមនុស្ស និងបិទសិទ្ធិសេរីភាព រីឯទីពីរ គាំទ្រចំណាត់ការរបស់សមត្ថកិច្ច ទៅលើលោក រ៉ុង ឈុន។ 

ទាំងលោក រ៉ុង ឈុន ទាំងមន្រ្តីរដ្ឋាភិបាលផ្នែកកិច្ចការព្រំដែន សុទ្ធតែមានអំណះអំណាងដូចគ្នាថា ព័ត៌តមានដែលទទួលបាន គឺពឹងផ្អែកលើការផ្តល់ចម្លើយរបស់ប្រជាពលរដ្ឋ។ លោក រ៉ុង ឈុន បានចម្លើយពីប្រជាពលរដ្ឋថា ពួកគាត់ បាត់ដី តែមន្រ្តីរដ្ឋាភិបាល បែរជាបានចម្លើយថា ពួកគាត់ ពុំបានបាត់ដីទេ។ 

លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ក៏ត្រូវជាប់ឃុំ ដោយសាររឿងព្រំដែនដែរ។ លោក ចុះទៅជួបប្រជាពលរដ្ឋក្នុងឃុំត្រពាំងផ្លុង និងដើរមើលតំបន់មួយចំនួនតាមព្រំដែន ដើម្បីដឹងថា អ្វីលោក រ៉ុង ឈុន លើកឡើង ជាការពិតឬយ៉ាងណា។ ក្រោយមក លោក បាននិយាយជាមួយ The Cambodia Daily ថា ការដោះដូរដីជាមួយវៀតណាម ជាអំពើក្បត់ជាតិ។ ទំនងជាដោយសារតែសម្តីត្រង់នេះ ដែលលោក ត្រូវចាប់ខ្លួន។

នៅមានយុវជន-យុវតិមួយចំនួនទៀត ដែលមកដល់នេះមិនតិចជាង៦នាក់ឡើយ ត្រូវចាប់ខ្លួនជាបន្តបន្ទាប់ ដោយសារតែពួកគេ ចូលរួមទាមទារឲ្យដោះលែងលោក រ៉ុង ឈុន។ ពួកគេ សុទ្ធតែរងពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ដូចលោក រ៉ុង ឈុន ដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com