COVID-19
ជាតិ
សង្គមជាតិ
សិស្សៗ​រីករាយ​ដោយបាន​ចូល​សិក្សា​វិញ ក្រោយ​សាលា​បិទ​អស់​កន្លះ​ឆ្នាំ​ដោយសារ​កូ​វីដ​-១៩
07, Sep 2020 , 9:29 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សិស្សានុសិស្ស​ចាប់ពី​ថ្នាក់​មេ​ត្ត​យ្យ​ដល់​ថ្នាក់មធ្យមសិក្សា​ដែល​បាន​ចូលរៀន​នៅ​សាលារៀន​វិញ​ដោយ​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល បាន​សម្តែង​ក្តី​រីករាយ​ជាខ្លាំង​ក្រោយ​ពួកគេ​ខានមក​រៀន​នៅ​សាលា​អស់​រយៈពេល​៦​ខែ​មកហើយ ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។

 
 
​នា​ថ្ងៃទី​៧ ខែកញ្ញា នៅតាម​សាលារៀន​គ្រប់​កម្រិត​ថ្នាក់​ដែល​ស្ថិតនៅក្នុង​ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី ត្រូវបាន​ក្រសួង​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​ទាំងអស់​។ ដោយសារតែ​ក្រសួង​យល់ថា​សាលា​នៅ​ខេត្ត​ទាំងនោះ​មាន​ហានិភ័យ​ឆ្លង​ទាប​។ 
 
​ចំណែក​នៅតាម​សាលារៀន​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ដទៃទៀត ក៏បាន​បើក​ដំណើរ​ឡើងវិញ​ផងដែរ​។ ប៉ុន្តែ​អនុញ្ញាត​ឲ្យ​បើក​ត្រឹមតែ​ថ្នាក់​ម​ត្តេ​យ្យ និង​ថ្នាក់​ទី​៩ និង​ទី​១២​។ ចំណែក​សិស្ស​ថ្នាក់​ទី​៧,៨,១០ និង​ទី​១១​គឺ​បានបញ្ចប់​ការសិក្សា​សម្រាប់​ឆ្នាំ​២០១៩-២០២០​ហើយ​។ ពួកគេ​នឹងត្រូវ​ឡើង​ថ្នាក់​ថ្មី និង​ចូលរៀន​វិញ​នៅពេលដែល​ក្រសួង​អប់រំ​ប្រកាស​សាជាថ្មី​។ 
 


 
​យុវ​សិស្ស គា រស្មី​វ​ឌ្ឍ​នា រៀន​នៅ​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​ជាស៊ីម​សាមគ្គី ដែល​កំពុងតែ​អង្គុយ​រង់ចាំ​វេន​សិក្សា​នៅ​ម៉ោង​៨​ព្រឹក​នា​ថ្ងៃ​បើក​សាលាដំបូង នៅក្នុង​បរិវេណ​សាលា​បាន​បញ្ជាក់ថា នាង​រីករាយ​នឹង​ការ​ត្រឡប់មក​រៀន​នៅក្នុង​ថ្នាក់រៀន​វិញ​ក្រោយ​ខានមក​សាលា​អស់​រយៈពេល​៦​ខែ​មកហើយ​។ 
 
​យុវ​សិស្ស គា រស្មី​វ​ឌ្ឍ​នា ដែល​បាន​ពាក់​ម៉ាស់ និង​មានទឹក​អាល់កុល​នៅជាប់​ខ្លួន បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ខ្ញុំ​សប្បាយចិត្ត​នៅពេលដែល​ខ្ញុំ​បានមក​រៀន​វិញ​។ ព្រោះ​អីយើ​ង​បានមក​រៀន​គឺ​យើង​បាន​បំប៉ន​សម្រាប់​ការប្រឡង​បាក់​ឌុប​នៅ​ថ្ងៃ​ខាងមុខ​។ ពីព្រោះ​ខ្ញុំ​ដឹងខ្លួន​ខ្ញុំ​បើ​នៅ​រៀន​តាម​អន​ឡាញ មិនថាតែ​ខ្ញុំ និង​សិស្ស​ដទៃទៀត​ទេ បើ​នៅ​បន្ត​រៀន​តាម​អន​ឡាញ​ទៀត​គឺមាន​ភាគរយ​នៃ​ការជាប់​តិច​ណាស់​។ តែបើ​រៀន​នៅ​សាលា​យើង​នឹងមាន​គ្រូ​បំប៉ន ពេល​យើង​អត់​ចេះ​គឺ​យើង​អាច​សួរ​គាត់​បាន​»​។   
 
​សម្រាប់ យុវ​សិស្ស បាន សិទ្ធិជោគ ដែលជា​សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​ជាស៊ីម​សាមគ្គី​ក៏មាន​ក្តី​រីករាយ​ដូចនឹង​សិស្ស​ដទៃទៀត​ផងដែរ​។ យុវ​សិស្ស​រូបនេះ​បាន​បញ្ជាក់ថា ក្នុង​រយៈពេល​៦​ខែ​នៃ​ការរៀន​តាម​អន​ឡាញ​កន្លងមក យុវ​សិស្ស សិទ្ធិជោគ​បានទទួល​ចំណេះ​ដឹងបាន​ច្រើន​គួរសម ដែល​ធ្វើ​ឲ្យ​រូបគេ​ជាក់​ជឿថា​នឹង​ប្រឡង​បាក់​ឌុប​ជាប់​។ រយៈពេល​ការសិក្សា​៣​ខែ​ត​ទៅមុខទៀត​នេះ រូបគេ​នេះ​នឹង​ខិត​ខំរៀន​ដើម្បី​ទទួលបាន​ភាពជោគជ័យ​លើ​ការប្រឡង​បាក់​ឌុប​។ 
 
​យុវ​សិស្ស បាន សិទ្ធិជោគ បាន​រៀបរាប់​ដូច្នេះ​ថា​៖«​រយៈពេល​៦​ខែ​ដែល​រៀន​តាម​អន​ឡាញ ខ្ញុំ​ទទួលបាន​ចំណេះដឹង​ច្រើន​។ ចំពោះ​នៅសល់​រយៈពេល​៣​ខែ​ខាងមុខ​ទៀត ខ្ញុំ​នឹង​ខិតខំ​រៀន​ជាង​ហ្នឹង ហើយ​ខ្ញុំ​សង្ឃឹម​ប្រឡង​ជាប់​៧០ ទៅ​៨០​ភាគរយ​។ ពេល​ខ្ញុំ​ស្វ័យ​សិក្សា​នៅផ្ទះ​ខ្ញុំ​អត់​យល់ ខ្ញុំ​នឹង​យកមក​សួរ​គ្រូ​នៅ​សាលា​»​។ 


 
​សូមបញ្ជាក់ថា ក្រសួង​អប់រំ​អនុញ្ញាត​ឲ្យ​សិស្ស​ថ្នាក់​ម​ត្តេ​យ្យ​ចូលរៀន​នៅតាម​សាលារៀន​វិញ​ត្រឹមតែ​រយៈពេល​២ ទៅ​៣​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ហើយ​ថ្ងៃ​ដែល​នៅសល់​គឺ​ត្រូវ​រៀន​តាម​អន​ឡាញ​វិញ​។ ចំណែក​សិស្ស​ថ្នាក់​ទី​៩ និង​ទី​១២ ត្រូវ​រៀន​នៅ​សាលា​ជា​រៀងរាល់ថ្ងៃ ដើម្បី​ឲ្យ​សិស្ស​ថ្នាក់​ទី​៩​និង​ទី​១២​ទទួលបាន​ចំណេះដឹង​សម្រាប់​ត្រៀមប្រឡង​ឌី​ប្លូ​ម​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា និង​បាក់​ឌុប​នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០​។ 
 
​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​លោក ហង់ ជួន ណា​រ៉ុ​ន បាន​អះអាងថា ការសម្រេច​ឲ្យ​បើក​សាលារៀន​ឡើងវិញ មិនមែន​បើក​ទាំង​ប្រថុយប្រថាន​ឡើយ ។ លោក ហង់ ជួន ណា​រ៉ុ​ន បាន​បញ្ជាក់ថា ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា​វិញ​នេះ គឺ​អនុវត្តតាម​ស្តង់ដា សុវត្ថិភាព​(SOP) តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ រដ្ឋមន្ត្រី​អប់រំ បាន​សង្កត់ធ្ងន់ថា សាលារៀន​ត្រូវ​ធានាបាន​នូវ​សុវត្ថិភាព អនាម័យ រៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ សមស្រប ពិសេស​ធានា​នូវ​គម្លាត​សុវត្ថិភាព ជៀស​វាស​កុំឱ្យ​សិស្ស​ជួបជុំគ្នា ដោយមាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩៕
 

 
 

Tag:
 សិស្ស​
 ​ចូលរៀន​
  covid-19
© រក្សាសិទ្ធិដោយ thmeythmey.com