ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ព្រះតេជគុណ កើត សារ៉ាយ ត្រូវផ្សឹក ហើយយកទៅឃុំនៅព្រៃសជាមួយយុវជន ព្រហ្មមុនី
07, Sep 2020 , 5:07 pm        
រូបភាព
យុវជន មាន ព្រហ្មមុនី (ពាក់អាវស) និង ព្រះតេជគុណ កើត សារ៉ាយ ថតជាមួយមន្រ្តីទូតអាមេរិក (រូបពីគណនីហ្វេសប៊ុក Ma Chettra
យុវជន មាន ព្រហ្មមុនី (ពាក់អាវស) និង ព្រះតេជគុណ កើត សារ៉ាយ ថតជាមួយមន្រ្តីទូតអាមេរិក (រូបពីគណនីហ្វេសប៊ុក Ma Chettra
ដោយ: ថ្មីៗ
ព្រះតេជគុណ កើត សារ៉ាយ ត្រូវបានចាប់ផ្សឹក មុននឹងត្រូវបញ្ជូនទៅតុលាការរាជធានីភ្នំពេញជាមួយយុវជនម្នាក់ទៀតឈ្មោះ មាន ព្រហ្មមុនី នៅព្រឹកថ្ងៃ៧ ខែកញ្ញា ឆ្នាំ២០២០។ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ថា អ្នកទាំពីរ ត្រូវបានយកទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារព្រៃសហើយ បន្ទាប់ពីតុលាការសាកសួររួច។



ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ អ្នកនាំពាក្យនគរបាលជាតិ ថ្លែងថា អ្នកទាំងពីរត្រូវបានចោទពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ លោកឧត្តមសេនីយ៍ឯក និយាយពីករណីអតីតព្រះតេជគុណ កើត សារ៉ាយ ថា៖«គាត់ សឹកហើយ សមត្ថកិច្ចណា ទៅចាប់ទាំងនៅលោកនុ៎ះ»។

ព្រះតេជគុណ កើត សារ៉ាយ និងយុវជន មាន ព្រហ្មមុនី ដែលជាសមាជិកនៃក្រុមយុវជនខ្មែរថាវរៈ ត្រូវបានសមត្ថកិច្ចចូលទៅចាប់កាលពីរសៀលថ្ងៃម្សិលមិញ (៦កញ្ញា) ក្នុងទីស្នាក់ការរបស់សមាគមនិស្សិតបញ្ញវន្តខ្មែរ ស្ថិតនៅជាប់ផ្សារស៊ីខេ (CK Market) ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អ្នកទាំងពីរត្រូវចាប់ខ្លួន បន្ទាប់ពីប្រកាសជំហរថា នៅតែចូលរួមដឹកនាំធ្វើបាតុកម្មទាមទារឲ្យដោះលែងលោក រ៉ុង ឈុន និងទាមទារឲ្យមានយុត្តិធម៌សង្គម ខណៈអាជ្ញាធរ ប្រាប់ថា មិនអនុញ្ញាត។

ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី៧ ខែកញ្ញានេះ ក្រុមយុវជន នៅតែនាំគ្នាធ្វើដំណើរឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យ ដើម្បីសម្តែងមតិ។ តែពួកគេ បានត្រឹមតែទៅជិតដល់ទីលានប្រជាធិតេយ្យប៉ុណ្ណោះ ដោយមិនបានចូលក្នុងទីលានប្រជាធិបតេយ្យឡើយ ដ្បិតមានការរារាំងពីកម្លាំងសមត្ថកិច្ច។ ក្នុងដំណើរទៅកាន់ទីលានប្រជាធិបតេយ្យនេះ មានយុវជនម្នាក់ទៀតឈ្មោះ ថា ឡាវី ត្រូវបានឃាត់ខ្លួន ដោយគេមិនទាន់ដឹងថា បញ្ជូនទៅទីណាឡើយ៕

© រក្សាសិទ្ធិដោយ thmeythmey.com