កីឡាអន្តរជាតិ
អន្តរជាតិ
ត្រឹម​អាយុ​១៧​ឆ្នាំ Fati ក្លាយជា​កីឡាករ​ក្មេង​បំផុត​ដែល​អាច​រក​គ្រាប់​ឲ្យ​អេ​ស្ប៉ា​ញ​
07, Sep 2020 , 9:59 pm        
រូបភាព
Ansu Fati ក្លាយជា​កីឡាករ​វ័យក្មេង​បំផុត​ដែល​អាច​ស៊ុត​បាល់​បញ្ចូល​ទី​ឲ្យ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​នៅត្រឹម​អាយុ​១៧​ឆ្នាំ ក្នុង​ជ័យជម្នះ ៤-០ លើ​ក្រុម​អ៊ុយ​ក្រែ​ន នា​ការប្រកួត​ពានរង្វាន់ UEFA Nations League នៅ​ថ្ងៃទី​៦ ខែកញ្ញា​។ ខ្សែការពារ Sergio Ramos រកបាន​ដល់​ទៅ​២​គ្រាប់​ម្នាក់ឯង​ក្នុងជំនួប​នេះ​។​



​នា​ការប្រកួត​នៅ​កីឡដ្ឋាន Alfredo Di Stefano សម្រាប់​ជំនួប​លី​គ A ពូ​ល​ទី​៤ ខ្សែបម្រើ Fati បាន​បង្កើត​ឱកាស​សម្រាប់​ក្រុម​អេ​ស្ប៉ា​ញ ដោយ​ទទួលបាន​បាល់​ពិន័យ​១១​ម៉ែត្រ​ក្រោយ​ខ្សែការពារ​អ៊ុយ​ក្រែ​ន​ទាក់​ជើង​ដួល​នៅ​តំបន់​គ្រោះថ្នាក់​។ ប្រធាន​ក្រុម Ramos ជា​អ្នករ៉ាប់រង​ការទា​ត់បាល់​ពិន័យ​នេះ និង​សម្រេច​ទី​បាន​នៅ​៣​នាទី​ដំបូង​នៃ​វគ្គ​ទី​១​។​



​ខ្សែការពារ​ចាស់វស្សា​រូបនេះ​អាច​បន្ត​រក​គ្រាប់​បាល់​ទី​២​របស់ខ្លួន​នៅ​នាទី​២៩ មុនពេល Fati សមាជិក​ក្រុម FC Barcelona បន្ថែម​គ្រាប់​ទី​៣ នៅ​៣​នាទី​បន្ទាប់​។ ចប់​ការប្រកួត​វគ្គ​ទី​១ ក្រុម​លោក Luis Enrique នាំមុខ​អ៊ុយ​ក្រែ​ន ៣-០​។​
 
​ចូលដល់​វគ្គ​ទី​២ ខ្សែប្រយុទ្ធ Ferran Torres បន្ថែម​គ្រាប់​ទី​៤​នៅ​នាទី​៨៤ ដោយ​លទ្ធផល​ផ្លូវការ​៩០​នាទី​បញ្ចប់​ទៅក្នុង​លទ្ធផល ៤-០​។​
Fati ដែល​ទើប​បង្ហាញខ្លួន​ឲ្យ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ឈុត​ធំ​ចំនួន​ពីរលើក​ទាំង​លើក​នេះ បង្កើតបាន​កំណត់ត្រា​ថ្មី​នៅ​៩៥​ឆ្នាំក្រោយ តាមរយៈ​ការរក​គ្រាប់​បាល់​ដំបូង​សម្រាប់​ជម្រើសជាតិ​នៅ​វ័យ​ត្រឹម​១៧​ឆ្នាំ​។ Fati ដែល​កើត​នៅ​ហ្គី​ណេ បាន​បំបែក​កំណត់ត្រា​របស់លោក Juan Errazquin ដែល​ស៊ុត​បញ្ចូល​ទី​ឲ្យ​អេ​ស្ប៉ា​ញ​នៅ​វ័យ​១៨​ឆ្នាំ នា​ជ័យជម្នះ​លើ​ក្រុម​ស្វ៊ី​ស​កាលពី​ឆ្នាំ​១៩២៥​។​
Fati ក៏បាន​ក្លាយជា​កីឡា​ក៏​វ័យក្មេង​បំផុត​របស់​ក្រុម​អ្នកមាន​បុណ្យ ដែល​អាច​រក​គ្រាប់​បាល់​ក្នុង​លី​គ La Liga និង​ក្នុង​ក្របខណ្ឌ​អឺរ៉ុប Champions League ផងដែរ​។​


 
​សម្រាប់ Ramos ខ្សែការពារ Real Madrid ក៏បាន​បង្កើត​ប្រវត្តិ​ដ៏​អស្ចារ្យ​សម្រាប់​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ផងដែរ​។ Ramos ដែលមាន​វ័យ​៣៤​ឆ្នាំ​អាច​រក​គ្រាប់​បាល់​ដល់​ទៅ​២​គ្រាប់​ម្នាក់ឯង​ក្នុងការ​ប្រកួត​ពាន​តំបន់​អឺរ៉ុប​នេះ ក្នុងនាម​ខ្លួន​ជា​ខ្សែការពារ​។ មិនមែន​តែ​ក្រុម​ជម្រើសជាតិ​នោះ Ramos តែងតែ​អាច​រកបាន​គ្រាប់​បាល់​ជា​រើ​យៗ​សម្រាប់​ក្រុម​រហស្សនាម​អធិរាជ​ស​ដូចគ្នា​ដែរ​។​
 
​ជ័យជម្នះ ៤-០ លើ​ក្រុម​អ៊ុយ​ក្រែ​ន បាន​ជួយ​អេ​ស្ប៉ា​ញ​ឈរ​កំពូល​តារាង​លី​គ A ពូ​ល​ទី​៤ ដោយបាន​៤​ពិន្ទុ​ពី​ការប្រកួត​២​លើក តាម​ពីក្រោយ​ដោយ​អ៊ុយ​ក្រែ​ន​មាន​៣​ពិន្ទុ និង​លេខ​៣​អាល្លឺម៉ង់​មាន​២​ពិន្ទុ ហើយ​ស្វ៊ី​ស​នៅ​បាត​តារាង​មាន​១​ពិន្ទុ​៕
 

Tag:
 Ansu Fati
  UEFA Nations League
© រក្សាសិទ្ធិដោយ thmeythmey.com