COVID-19
ជាតិ
បុណ្យភ្ជុំបិណ្ឌ
សុខភាព
វេជ្ជបណ្ឌិត ឱ វណ្ណឌីន ទទូចឱ្យវត្តអារាម និងពុទ្ធបរិស័ទ អនុវត្តវិធានបង្ការជំងឺកូវីដ នាពិធីបុណ្យភ្ជុំបិណ្ឌ
08, Sep 2020 , 7:59 am        
រូបភាព
ភ្នំពេញ៖ គ្រប់វត្តអារាម និងពុទ្ធបរិស័ទ ត្រូវតែអនុវត្តវិធានទប់ស្កាត់ ឬបង្ការពីចម្លងជំងឺកូវីដ-១៩(COVID-19)ឱ្យបានខ្ជាប់ខ្ជួន នាអំឡុងពិធីបុណ្យភ្ជុំបិណ្ឌដែលកំពុងប្រព្រឹត្តសព្វថ្ងៃ។ នេះជាការអំពាវនាវដ៍ទទូចរបស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បន្ទាប់ពីឃើញវត្តទីអារាម និងពុទ្ធបរិស័ទមួយចំនួនមិនទាន់អនុវត្តបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍។

 
បើតាមសម្តីរបស់លោកស្រីឱ វណ្ណឌីន នៅក្នុងក្រុមអ្នកសារព័ត៌មានតាមប្រព័ន្ធទំនាក់ទំនងសង្គមតេលេក្រាម នារសៀលថ្ងៃទី៦កញ្ញា ឆ្នាំ២០២០ ដែលត្រូវនឹងថ្ងៃទី៤នៃពិធីបុណ្យកាន់បិណ្ឌរបស់ពលរដ្ឋខ្មែរ បានទាមទារឱ្យគណៈកម្មការវត្តអារាមទាំងអស់ ដែលមិនទាន់អនុវត្តធានាការសុខាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩នោះ  គឺត្រូវតែនាំគ្នារៀបចំនិងអនុវត្តឱ្យបានម៉ត់ចត់ជាទីបំផុត ដោយមានការពាក់ម៉ាស់, រក្សាគម្លាតសុវត្ថិភាព មានទឹកសម្លាប់មេរោគ និងលាងដៃនឹងសាប៊ូជាដើម...។
 
រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ មានប្រសាសន៍ដូច្នេះ៖«វិធានការសុខាភិបាលនេះ ជាវិធានការសាមញ្ញាទេ គ្រាន់តែតម្រូវឱ្យមានការចាត់ចែង និងការកែប្រែនូវទម្លាប់របស់យើងខ្លះៗតែប៉ុណ្ណោះឯង»។ ជាមួយគ្នានេះលោកស្រីឱ វណ្ណឌីន បានក្រើនរម្លឹកសារជាថ្មីដល់ប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទទាំងអស់ ត្រូវប្រកាន់យកវិធានការការពារខ្លួន ដោយធ្វើយ៉ាងណាកុំឱ្យមានការចម្លងជំងឺកូវីដ-១៩។
 
អ្នកស្រី ឱ វណ្ណឌីន បាននិយាយថា៖«ពុទ្ធបរិស័ទដែលធ្វើដំណើរទៅវត្តអារាម គឺត្រូវមានទឹកអាល់កុលឬជែលសម្រាប់លាងដៃ ពិសេសគឺពាក់ម៉ាស់ជាចាំបាច់។ ទន្ទឹមនឹងគ្នាការអង្គុយ ក៏ត្រូវឱ្យគម្លាតសុវត្ថិភាពបុគ្គលពីម្នាក់ទៅម្នាក់ ក្នុងចម្ងាយចាប់ពី១,៥ម៉ែត្រឡើងទៅផងដែរ»។ 
 
ក្រៅពីនេះ លោកស្រី ឱ វណ្ណឌីនក៏បានអំពាវដល់ប្រជាពលរដ្ឋឱ្យចម្អិនអាហារឱ្យមានឆ្អិនល្អ និងទុកដាក់ម្ហូបអាហារឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការពុលចំណីអាហារដែលធ្វើឱ្យគ្រោះថ្នាក់សុខភាព និងឈានទៅដល់ការបាត់ជីវិត។ 
 
ពិធីបុណ្យភ្ជុំបិណ្ឌនេះ តែងតែបារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ដល់១៥រោច ខែភទ្របទ៕ 



Tag:
 ភ្ជុំបិណ្ឌ
  វេជ្ជបណ្ឌិត ឱ វណ្ណឌីន
  វត្តអារាម
© រក្សាសិទ្ធិដោយ thmeythmey.com