អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ឌូទើតេ ឲ្យមេគយបាញ់សម្លាប់ឈ្មួញថ្នាំញៀននឹងកន្លែង បើរកឃើញជាក់ស្តែង
08, Sep 2020 , 8:29 am        
រូបភាព
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ។ រូបភាព Xinhua
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ។ រូបភាព Xinhua
ដោយ:
ប្រធានាធិបតីហ្វីលីពីន លោក  រ៉ូឌ្រីហ្គោ ឌូទើតេ បន្តជំរុញយុទ្ធនាការបោសសម្អាតគ្រឿងញៀនឲ្យអស់ពីប្រទេស តាមរយៈគ្រប់មធ្យោបាយរាប់បញ្ចូលទាំងការបាញ់សម្លាប់ជនល្មើសភ្លាមៗនៅនឹងកន្លែង។ មកទល់ពេលនេះ ប្រមុខដឹកនាំរូបនេះ  មើលឃើញថា លំហូរថ្នាំញៀននៅទូទាំងប្រទេសមិនទាន់មានភាពថមថយច្រើនប៉ុន្មាននោះទេ។

 
តាមរយៈសេចក្តីថ្លែងការណ៍តាមកញ្ចប់ទូរទស្សន៍នាពេលថ្មីនេះ លោកប្រធានាធិបតី  រ៉ូឌ្រីហ្គោ ឌូទើតេ បានបញ្ជាជាសាធារណៈឲ្យប្រធានគណៈកម្មាធិការគយរបស់ប្រទេស គឺលោក រ៉េ លេអូណាដូ ហ្គេរ៉េរ៉ូ បាញ់សម្លាប់ឈ្មួញថ្នាំញៀនភ្លាមៗនឹងកន្លែង ប្រសិនបើរកឃើញថា ក្រុមទាំងនេះពិតបានប្រព្រឹត្តបទឧក្រិដ្ឋជាក់ស្តែងមួយនេះមែន។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian លោកប្រធានាធិបតី បានលើកឡើងថា កន្លងមក លោក បានអនុញ្ញាត និងអនុម័តកញ្ចប់ថវិកាសម្រាប់គណៈកម្មាធិការគយដើម្បីទិញកាំភ្លើងសម្រាប់ប្រតិបត្តិការរបស់ខ្លួន ក៏ប៉ុន្តែមកទល់ពេលនេះ លោក អះអាងថា លោក មិនទាន់ទទួលបានការរាយការណ៍ពីការបាញ់សម្លាប់ឈ្មួញថ្នាំញៀន ដោយប្រធានគណៈកម្មាធិការគយសូម្បីតែម្នាក់ផង។
 
តាមប្រភពព័ត៌មានដដែល ប្រមុខដឹកនាំកំពូលហ្វីលីពីនរូបនេះ បានថ្លែងថា លោក ធ្លាប់បានប្រាប់មេគយរបស់ប្រទេសត្រង់ៗហើយថា ថ្នាំញៀននៅតែមានចូលក្នុងប្រទេស ហើយលោក បានផ្តល់ឲ្យមន្ត្រីគយសម្លាប់ជនល្មើសភ្លាមៗនៅនឹងកន្លងតែម្តង ប្រសិនបើរកឃើញការចរាចរថ្នាំញៀន។ លោក ថែមទាំងបានផ្តល់ការការពារដល់មេគយរបស់ប្រទេសថា លោក មិនឲ្យមន្ត្រីគយជាប់ពន្ធនាគារ ដោយសារតែការបាញ់សម្លាប់ ឈ្មួញថ្នាំញៀននោះទេ។
 
គិតចាប់ពីលោកប្រធានាធិបតី ឌូទើតេ ឡើងកាន់អំណាចមក រយៈពេលបួនឆ្នាំមកហើយ ដែលយុទ្ធនាការបោសសម្អាតគ្រឿងញៀនត្រូវបានអនុវត្ត។ ទោះជាមានការចោទប្រកាន់ពីការអនុវត្តផ្ទុយច្បាប់ស្តីពីកាត់ទោសក្រៅប្រព័ន្ធតុលាការពាក់ព័ន្ធនឹងបញ្ហាថ្នាំញៀននេះក៏ដោយ លោកប្រធានាធិបតី នៅតែជ្រើសរើសការបាញ់សម្លាប់ជនល្មើស ជាវិធានការដែលមិនអាចរំលងបានឡើយ។ កន្លងមក អ្នកដែលអនុវត្តបទបញ្ជាបាញ់សម្លាប់ជនល្មើសនេះ គឺមានតែកងកម្លាំងប៉ូលិសប៉ុណ្ណោះ៕ 
 

Tag:
 ហ្វីលីពីន
  ថ្នាំញៀន
© រក្សាសិទ្ធិដោយ thmeythmey.com