«សាលាដ» ងាយបានផល តែត្រូវដាំដោយមានបច្ចេកទេសត្រឹមត្រូវ
ជាតិ
ពីនេះ ពីនោះ / មិនយល់...!
«សាលាដ» ងាយបានផល តែត្រូវដាំដោយមានបច្ចេកទេសត្រឹមត្រូវ
08, Sep 2020 , 8:59 am        
រូបភាព
សាលាដ ជាដំណាំមួយប្រភេទដែលគេដាំនៅតំបន់ត្រជាក់បង្គួរ និងអាចដាំលើដីក៏បាន លើទឹកក៏បាន។ សម្រាប់កម្ពុជាពូជសាលាដលាត ឬសាលាដក្រញាញ់មានការពេញនិយមបំផុត ដែលអាចសម្របទៅនឹងលក្ខខណ្ឌអាកាសធាតុនៅតាមមូលដ្ឋាន។ ហើយពូជនេះកសិករនិយមដាំ និងអាចដាំពេញមួយឆ្នាំដោយសារមានរយៈពេលខ្លីក្នុងការប្រមូលផល ត្រឹមតែ ២៥ថ្ងៃ ទៅ ៣០ថ្ងៃប៉ុណ្ណោះ។ នេះបើតាមសៀវភៅកសិកម្មរបស់អគ្គនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម។

 
ទោះសាលាដជាប្រភេទងាយដាំ និងងាយទទួលផលពិតមែន តែមុនដាំកសិករក៏ត្រូវស្វែងយល់ពីបច្ចេកទេសមួយចំនួនដូចជា ការរៀបចំដី, ការបណ្ដុះកូន, ការដាំ, ការដាក់ជី, ការគ្រប់គ្រងសត្វល្អិត និងការប្រមូលផល ជាដើម។ ថ្ងៃនេះ ThmeyThmey25 សូមលើកយកពីបច្ចេកទេសដាំសាលាដលើដីដែលឆាប់ទទួលទិន្នផល។
 
ការរៀបចំដី  
 
ត្រូវរៀបចំចន្លោះពី ៣០-៤៥ថ្ងៃ មុនពេលដាំកសិករត្រូវភ្ជួរដីឲ្យបាន ២-៣ដង។ បន្ទាប់ពីភ្ជួររួចត្រូវលើករងកម្ពស់ពី ២០-៣០សង់ទីម៉ែត្រ និងទទឹងរង ១ម៉ែត្រ។ ការរៀបចំប្រព័ន្ធស្រោចស្រពដំណក់ទឹក ជាការល្អសម្រាប់ដំណាំសាលាដ។ 
 
ការបណ្ដុះកូន
 
 ទោះសាលាដអាចដាំគ្រាប់ដោយផ្ទាល់បាន តែជំនាញកសិកម្មបានណែនាំឲ្យកសិករដាំកូន ព្រោះវាជួយបង្កើនទិន្នផល។ កូនសាលាដ ដែលអាចយកទៅដាំបានបន្ទាប់ពីអាយុ ១៨-២១ថ្ងៃ។ 

ការដាំ
 
មុនដាំកូនត្រូវផ្សើមដីឲ្យបានជោគល្អជាមុនសិន ពោលស្រោចទឹកមុនដាំ ២-៣ម៉ោង។ យើងអាចដាំសាលាដពី ៤-៦ជួរក្នុងមួយរង។ ហើយរណ្ដៅត្រូវឲ្យជ្រៅជាងដីនៅជាប់កូនសាលាដដែលដកចេញពីថ្នាលបណ្ដុះកូន។ ការជ្រើសរើសកូនដំណាំត្រូវរើសឲ្យប៉ុនៗគ្នា ដែលត្រូវដាំលើរងតែមួយ។ បន្ទាប់ពីដាំរួច ត្រូវស្រោចទឹក ដើម្បីឲ្យដីសើមល្អ។

ការដាក់ជី
 
ជាការល្អសម្រាប់សាលាដ ត្រូវស្រោចទឹកឲ្យបានរាល់ថ្ងៃជាប្រចាំ។ ៣ថ្ងៃបន្ទាប់ពីដាំត្រូវស្រោចទឹករាល់ ៣ ម៉ោងម្ដង។ ប៉ុន្តែក្រោយពីនោះត្រូវផ្អាកស្រោចទឹកមួយរយៈ រហូតពិនិត្យឃើញកូនដំណាំអាចធន់ទ្រាំបាន ប៉ុន្តែបើសង្កេតឃើញដំណាំមានភាពស្រពោនត្រូវស្រោចទឹកជាធម្មតាវិញ។ ដោយឡែកការដាក់ជី ត្រូវធ្វើតាមប្រព័ន្ធស្រោចស្រពតំណក់ទឹកជាការល្អ និងយ៉ាងហោចដាក់ជីម្ដងក្នុងមួយសប្ដាហ៍។
 
កសិករគួរប្រុងប្រយ័ត្នដោយសារ សាលាដជាដំណាំងាយទទួលរងការបំផ្លាញពីសត្វល្អិតដូចជា កូនខ្យងក្តក់ ចៃ ស្រឹងជញ្ជក់ដើម ដង្កូវដួង និងមមាចស្លឹកជាដើម។ ជាទូទៅជំងឺដែលងាយកើតលើសាលាដមានជំងឺផ្សិតសំឡី និងផ្សិតប្រផេះ។ ក្នុងករណីមានសត្វល្អិត និងជំងឺ កសិករមិនត្រូវប្រើថ្នាំគីមីឡើយ ត្រូវទាក់ទងអ្នកបច្ចេកទេសកសិកម្ម។ សម្រាប់ការប្រមូលផលសាលាដ ត្រូវប្រមូលឲ្យទាន់ពេលវេលា ហើយបើប្រមូលយឺតធ្វើឲ្យស្លឹកសាលាដស្វិត និងមានរសជាតិល្វីង៕ 
 




Tag:
 សាលាដ
© រក្សាសិទ្ធិដោយ thmeythmey.com