COVID-19
អន្តរជាតិ
បេក្ខជន​នាំមុខ​តំណែង​នាយករដ្ឋមន្ត្រី​ជប៉ុន ចង់​រុះរើ​ក្រសួងសុខាភិបាល​ក្រោយ​ចប់ COVID-19
07, Sep 2020 , 10:59 pm        
រូបភាព
លោក យូស៊ីហ៊ីដេ ស៊ូហ្កា (Yoshihide Suga) ដែលជាបេក្ខជននាំមុខក្នុងការឈោងទៅកាន់តំណែងនាយករដ្ឋមន្ត្រីជប៉ុន បច្ចុប្បន្នកាន់តំណែងជាប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន (AFP)
លោក យូស៊ីហ៊ីដេ ស៊ូហ្កា (Yoshihide Suga) ដែលជាបេក្ខជននាំមុខក្នុងការឈោងទៅកាន់តំណែងនាយករដ្ឋមន្ត្រីជប៉ុន បច្ចុប្បន្នកាន់តំណែងជាប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន (AFP)
ដោយ:
​រដ្ឋាភិបាល​ជប៉ុន ត្រូវការ​ធ្វើកំណែទម្រង់​ក្រសួងសុខាភិបាល ដែលមាន​រចនាសម្ព័ន្ធ​ស្មុគស្មាញ ក្រោយ​ជំងឺ​រាតត្បាត​សកល COVID-19 ស្ងប់ស្ងាត់​។ លោក យូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា (Yoshihide Suga) ដែលជា​បេក្ខជន​នាំមុខ​ក្នុងការ​ឈោង​ទៅកាន់​តំណែង​នាយករដ្ឋមន្ត្រី​ជប៉ុន បញ្ជាក់​បែបនេះ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​កាសែត​ក្នុងស្រុក​ជប៉ុន ។ លោក​មានបំណង​ជំរុញ​សម្រាប់​ការផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​ក្នុងចំណោម​រដ្ឋាភិបាល​ជ​ប៉ុន ដែល​បង្អាក់​ប្រសិទ្ធភាព​ការងារ​។

 
​ក្នុង​បទ​សម្ភាស​ជាមួយ​កាសែត​ជប៉ុន Yomiuri ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី ៧ ខែកញ្ញា លោក ស៊ូ​ហ្កា ដែល​បច្ចុប្បន្ន​កាន់តំណែង​ជា​ប្រធាន​លេខាធិការ​គណៈរដ្ឋមន្ត្រី​ជប៉ុន បាន​អះអាងថា​៖«​ជំងឺ​រាតត្បាត​សកល COVID-19 គឺជា​បញ្ហា​ធំ​សម្បើម​មួយ ដែល​ពុំ​អាច​ចាត់ចែង​បាន​ដោយ​ក្រសួងសុខាភិបាល​តែ​ឯកឯង​ឡើយ​»​។​
 
​អ្នកនយោបាយ​វ័យ​៧១​ឆ្នាំ​រូបនេះ បញ្ជាក់ទៀតថា វា​គឺជា​រឿង​ចាំបាច់​បំផុត​ក្នុង​ការធ្វើ​ឲ្យ​យុទ្ធសាស្ត្រ​ឌីជីថល​របស់​រដ្ឋាភិបាល​មាន​ប្រសិទ្ធភាព ដោយ​ការគ្រប់គ្រង​ចាត់ចែង​ដាច់ដោយឡែក​ពីគ្នា​ពី​សំណាក់​ក្រសួង​ពាក់ព័ន្ធ​នីមួយៗ​។ 
 
​មែនទែនទៅ ក្រសួងសុខាភិបាល ការងារ និង​សុខុមាលភាព​ជប៉ុន ដែលមាន​កញ្ចប់​ថវិកា​ជាតិ​ធំជាងគេ​ក្នុងចំណោម​ក្រសួង​ទាំងអស់​របស់​ជប៉ុន គឺជា​អ្នកទទួលខុសត្រូវ​សម្រាប់​ចាត់ចែង​វិធានការ​ទប់ទល់ ជំងឺ COVID-19 របស់​ប្រទេស​ជប៉ុន​។ 
 
​ការលើកឡើង​របស់លោក ស៊ូ​ហ្កា បង្ហាញថា មនុស្ស​ជំនិត​យូរ​ឆ្នាំ​របស់​នាយករដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ រូបនេះ មានបំណង​ជំរុញ​សម្រាប់​ការផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​ក្នុងចំណោម​រដ្ឋាភិបាល​ជ​ប៉ុន ដែល​នៅមាន​ចន្លោះប្រហោង​។ ទោះបីជា​ប៉ង​កែទម្រង់​ខ្លះ​មែន បេក្ខជន​ឈានមុខ​ក្នុងការ​ប្រកួត​យក​តំណែង​នាយករដ្ឋមន្ត្រី​ជប៉ុន​ក្នុង​បក្ស​ប្រជាធិបតេយ្យ​សេរី (LDP) របស់​ជប៉ុន​រូបនេះ ក៏បាន​ប្តេជ្ញា​បន្ត​អនុវត្ត​គំនិត​ផ្ដួ​ត​ផ្ដើម​សេដ្ឋកិច្ច «Abenomics» របស់​អតីត​រដ្ឋបាល​លោក អា​បេ ផងដែរ​។​
 
​បន្ថែម​ពីលើ​នេះ លោក ស៊ូ​ហ្កា បានបញ្ជាក់​ប្រាប់​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ខណៈ​ការធ្វើការ​ពី​ផ្ទះ​បានក្លាយ​ជា​រឿង​សាមញ្ញ​ច្រើនជាង​មុន​ក្នុងអំឡុងពេល​ជំងឺ COVID-19 លោក​យល់ឃើញថា រដ្ឋាភិបាល និង​វិស័យ​ឯកជន​ទាមទារ​ឲ្យ​មាន​ការវិវត្ត​ទៅ​ការធ្វើការ​បែប​ឌីជីថល​ដែរ​។ 
 
​សូមបញ្ជាក់ថា លោក ស៊ូ​ហ្កា ត្រូវបាន​រំពឹងថា នឹង​ឈ្នះ​ក្នុងការ​ប្រកួតប្រជែង​យក​តំណែង​ប្រធាន​បក្ស​ប្រជាធិបតេយ្យ​សេរី (LDP) ដែលជា​បក្ស​កាន់អំណាច និង​ឈានទៅ​កាន់តំណែង​នាយករដ្ឋមន្ត្រី​បន្ត​ពី​លោក អា​បេ ។ ការបោះឆ្នោត​ក្នុង​បក្ស នឹង​រៀបចំឡើង​នៅ​ថ្ងៃទី ១៤ ខែកញ្ញា ហើយ​សភា​ជប៉ុន​នឹង​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​នៅ​ថ្ងៃទី​១៦ ខែ​ក​ញ្ញ​៕ 


Tag:
 ជប៉ុន​
  យូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា​
  Yoshihide Suga
  ក្រសួងសុខាភិបាល​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com