COVID-19
អន្តរជាតិ
លោកស្រី ស៊ូជី លុបចោលយុទ្ធនាការបោះឆ្នោត ដោយសារ COVID-19
07, Sep 2020 , 5:31 pm        
រូបភាព
លោកស្រី អ៊ុងសាន ស៊ូជី រដ្ឋមន្រ្តីការបរទេស និងជាទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា។ រូបភាព៖ Reuters
លោកស្រី អ៊ុងសាន ស៊ូជី រដ្ឋមន្រ្តីការបរទេស និងជាទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា។ រូបភាព៖ Reuters
មេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី នៅថ្ងៃទី៧ ខែកញ្ញា បានប្រកាសលុបចោលយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃដំបូង ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៨ ខែកញ្ញា ដោយផ្អែកលើហេតុផលទប់ស្កាត់ការរាតត្បាតCOVID-19។

 
មីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី៧ ខែកញ្ញា បានរាយការណ៍ថា មានករណីឆ្លងCOVID-19 ថ្មី ចំនួន ៤៥ករណី។ ការរាតត្បាតនៃកូរ៉ូណាវីរុស កំពុងតែបង្កផលវិបាកដល់យុទ្ធនាការបោះឆ្នោតនៅមីយ៉ាន់ម៉ា ដែលនឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៨ ខែកញ្ញា។ 
 
ក្នុងថ្ងៃដំបូងនៃយុទ្ធនាការឃោសនារកការគាំទ្រសម្រាប់ការបោះឆ្នោតខែវិច្ឆិកា លោកស្រី អ៊ុងសាន ស៊ូជី រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា និងជាទីប្រឹក្សារដ្ឋ នឹងត្រូវទៅមណ្ឌលបោះឆ្នោតមួយក្នុងទីក្រុងយ៉ាំងហ្គោន ទីដែលអ្នកស្រីត្រូវការពារកៅអីសមាជិកសភា។ ប៉ុន្តែគម្រោងនេះត្រូវលុបចោលវិញ ដោយផ្អែកទៅតាមការណែនាំរបស់រដ្ឋមន្រ្តីសុខាភិបាល ដើម្បីបង្ការករណីឆ្លង COVID-19 ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។  
 
«ខណៈពេលនេះ ក្រសួងសុខាភិបាល គឺមានអំណាចបំផុត។ យើងត្រូវតែគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល»។ លោកស្រីស៊ូជី បានលើកឡើងបែបនេះ នៅក្នុង Facebook Live របស់ខ្លួន។ 
 
មួយរយៈពេលចុងក្រោយនេះ ករណីឆ្លងCOVID-19 នៅមីយ៉ាន់ម៉ា នៅតែបន្តកើនឡើង និងអាចបង្អាក់ដល់ការបោះឆ្នោតថ្នាក់ជាតិ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៨ ខែវិច្ឆិកាខាងមុខ។ កន្លងមក អ្នកនាំពាក្យគណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធរបស់មីយ៉ាន់ម៉ា បានលើកឡើងថា ព័ត៌មានទាក់ទិននឹងការពន្យារពេលបោះឆ្នោត នឹងប្រកាសនៅខែតុលាខាងមុខ ពោលគឺត្រូវមើលស្ថានការណ៍ COVID-19 នៅក្នុងប្រទេសសិន។ 
 
គិតមកត្រឹមព្រឹកថ្ងៃទី៧ ខែកញ្ញា មីយ៉ាន់ម៉ា មានករណីCOVID-19 សរុបចំនួន ១៤៧៤ករណី អ្នកស្លាប់មានចំនួន ៨នាក់ និងអ្នកជាសះស្បើយមានចំនួន ៣៨៥នាក់៕ 
 

Tag:
 មីយ៉ាន់ម៉ា
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com