កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
Gasly ឈ្នះការប្រណាំង F1 លើកដំបូងនៅអ៊ីតាលី ក្រោយជើងខ្លាំងបង្កកំហុសលើទីលាន
07, Sep 2020 , 8:39 pm        
រូបភាព
កីឡាករ Pierre Gasly ឈ្នះការប្រណាំងរថយន្ត Formula One នៅទីលាន Italian Grand Prix ប្រទេសអ៊ីតាលី នៅថ្ងៃទី៦ ខែកញ្ញា។ នេះជាការប្រណាំងដ៏គួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីជើងខ្លាំងជាច្រើនដូចជា Lewis Hamilton សុទ្ធតែបង្កកំហុសក្នុងការសម្រេចទី។


 
អ្នកប្រណាំងសញ្ជតិបារាំង Gasly ដែលបើកបរឲ្យក្រុម AlphaTauri-Honda បានទៅដល់ទីមុនគេដោយប្រើរយៈពេល ១ម៉ោង ៤៧នាទី និង៦វិនាទី នាការប្រណាំងលើទីលានទី៨ ដោយប្រជែងឈ្នះគូប្រជែង Carlos Sainz ដែលបើកឲ្យក្រុម McLaren។ Lance Stroll របស់ក្រុម Racing Point ទទួលបានចំណាត់ថ្នាក់ទី៣ ខណៈម្ចាស់ការពារតំណែងជើងឯក Lewis Hamilton បញ្ចប់នៅលេខរៀតទី៧។
 
នេះជាការទទួលបានជ័យជម្នះលើកដំបូងរបស់ Gasly សម្រាប់ការប្រណាំងរដូវកាលនេះ ក្រោយអ្នកប្រណាំងខ្លាំងៗមួយចំនួនសុទ្ធតែទទួលការពិន័យអំឡុងពេលប្រកួត។
Hamilton ដែលបើកបរឲ្យក្រុម Mercedes ត្រូវទទួលការពិន័យ ១០ វិនាទីដល់ទៅពីរលើកដោយសារខុសលក្ខខណ្ឌការប្រកួត ដែលធ្វើឲ្យកីឡាករសញ្ជាតិអង់គ្លេសវ័យ៣៥ឆ្នាំដែលឈ្នះ៥លើករួចមកហើយទទួលបានត្រឹមលេខ៧។
 
បើទោះបញ្ចប់ទៅក្នុងលេខរៀងទី៧ ប៉ុន្តែម្ចាស់ជើងឯកពិភពលោក ៦ សម័យនៅតែរក្សាចំណាត់ថ្នាក់ទី១ក្នុងតារាង F1 ដដែល ដោយរកបាន១៦៤ពិន្ទុ នាំមុខមិត្តរួមក្រុម Mercedes កីឡាករ Valtteri Bottas ចំនួន៤៧ ពិន្ទុ។ Max Verstappen របស់ក្រុម Red Bull នៅលេខរៀងទី៣ដដែលដោយទទួលបាន១១០ពិន្ទុ។
 
Gasly ដែលមានវ័យ២៤ឆ្នាំ បានឈានទៅចំណាត់ថ្នាក់ទី៨ ក្នុងតារាងដោយទទួលបានពិន្ទុសរុប ៤៣ពិន្ទុ។
 
ផ្នែកគ្រឿងម៉ាស៊ីន Mercedes ឈរកំពូលដដែលមាន២៨១ពិន្ទុ តាមពីក្រោយដោយក្រុម Red Bull រកបាន ១៥៨ពិន្ទុ ខណៈលេខ៣ McLaren Renault កើនដល់៩៨ពិន្ទុ។ 
 
ការប្រណាំងនៅទីលានបន្ទាប់ និងជាទីលានទី៩ ក្នុងរដូវកាល២០២០នេះ នឹងធ្វើឡើងនៅប្រទេសអ៊ីតាលីដដែល នាទីលាន Tuscan Grand Prix នៅចន្លោះថ្ងៃទី១១ ដល់ទី១៣ ខែកញ្ញា៕
 

Tag:
 Pierre Gasly
  Formula One
© រក្សាសិទ្ធិដោយ thmeythmey.com