COVID-19
ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
អ្នកសេដ្ឋកិច្ច​៖ ការប្រមូល​ពន្ធ​មូលធន ជា​យុទ្ធសាស្ត្រ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ និង​ទប់ស្កាត់​ការផ្ទុះ​វិស័យ​អចលនទ្រព្យ​
07, Sep 2020 , 10:29 pm        
រូបភាព
​ភ្នំពេញ​៖ ពន្ធ​មូលធន នឹង​ចាប់ផ្ដើម​អនុវត្ត នៅ​ថ្ងៃទី​១​មករា ឆ្នាំ​២០២១​។ រាជរដ្ឋាភិបាល នឹង​ប្រមូល​ពន្ធ​ចំណេញ​លើ​មូលធន​ចំនួន​២០​ភាគរយ​។ អ្នកជំនាញ​អចលនទ្រព្យ បារម្ភ​ពី​ផលប៉ះពាល់​ដល់​វិស័យ​ដីធ្លី ដោយសារ​ការយកពន្ធ​មូលធន​នេះ ស្រប​ពេលដែល​ជំងឺ​កូ​វីដ​-១៩ កំពុង​បន្ត​អូសបន្លាយ​។ តែ​អ្នកសេដ្ឋកិច្ច មើលឃើញ​ពី​ផល​វិជ្ជមាន​នៃ​ការយកពន្ធ​មូលធន​នេះ​ថា ជា​យុទ្ធសាស្ត្រ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​វិបត្តិ​កូ​វីដ​-១៩ និង​ទប់ស្កាត់​ការផ្ទុះ​វិស័យ​អចលនទ្រព្យ ។ មូលធន​សំដៅ​ដល់​អចលនទ្រព្យ ភតិសន្យា ទ្រព្យ​វិនិយោគ កេរ្តិ៍ឈ្មោះ​អាជីវកម្ម កម្មសិទ្ធិបញ្ញា រូបិយវត្ថុ​បរទេស​។​

 
​អគ្គនាយកដ្ឋាន​ពន្ធដា​រ បានប្រកាស​មុន​ហើយ​ថា រាជរដ្ឋាភិបាល នឹង​ប្រមូល​ពន្ធ​លើ​ការ​ចំណេញ​អចលនទ្រព្យ និង​ពន្ធ​ប្រាក់ចំណេញ​មូលធន ចំនួន​២០​ភាគរយ នៅ​ដើមឆ្នាំ​២០២១​។ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​អះអាងថា គម្រោង​ដាក់ឱ្យអនុវត្ត​ការយកពន្ធ​មូលធន​នេះ ធ្វើឡើង​ស្របពេល​ដែល​សេដ្ឋកិច្ចកម្ពុជា ឈរ​នៅក្នុង​កម្រិត​មួយ​សមរម្យ​។​
 
​អ្នកជំនាញ​សេដ្ឋកិច្ច យល់ថា វិធានការ​ប្រមូល​ពន្ធ​មូលធន​នេះ វា​ផ្ដល់​ផល​វិជ្ជមាន​សម្រាប់​សេដ្ឋកិច្ចកម្ពុជា ក្រោយ​វិបត្តិ​កូ​វីដ​-១៩​។ សម្រាប់​លោក គី សេរី​វឌ្ឍន៍ ការយកពន្ធ​មូលធន​នេះ មិនមាន​អ្វី​ប្លែក​ទេ ខណៈ​បណ្ដា​ប្រទេស​អាស៊ាន និង​អឺរ៉ុប​ខ្លះ បាន​អនុវត្ត​ទៅហើយ​។​
 
​បណ្ឌិត​សេដ្ឋកិច្ច​រូបនេះ ព្យាយាម​ពន្យល់ថា ពន្ធ​មូលធន​២០​ភាគរយ វា​មិន​ច្រើន​ទេ បើ​ធៀប​នឹង​ប្រទេស​ដទៃ ដូចជា​អាល្លឺម៉ង់ កូរ៉េ ដែល​គេ​កំណត់​ពន្ធ​រហូតដល់​៣០​ភាគរយ ។ លោក គី សេរី​វឌ្ឍន៍ បាន​សង្កត់ធ្ងន់ថា ដ្បិត​រដ្ឋាភិបាល​កំណត់​ពន្ធ​មូលធន​២០​ភាគរយ​មែន ប៉ុន្តែ​វា​មិន​ប៉ះពាល់​ដល់​អ្នករក​ស៊ីក្នុង​ស្រុក​ខ្លាំង ដូច​អ្នករកស៊ី និង​ធ្វើការ​នៅក្រៅ​ប្រទេស​ទេ ។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ បណ្ឌិត​សេដ្ឋកិច្ច​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ពន្ធ​លើ​មូលធន​នេះ បើ​នៅ​អឺរ៉ុប​វិញ គឺ​គេ​យក​យូរ​មកហើយ​។ តែ​រដ្ឋាភិបាល​យើង​មិនដែល​យក​។ ឥឡូវនេះ រដ្ឋាភិបាល​ចាប់ផ្ដើម​អនុវត្ត​គោលនយោបាយ​យកពន្ធ​លើ​មូលធន​ហ្នឹង បើ​យើង​ធ្វើការ​នៅក្រៅ​ប្រទេស វិនិយោគ​នៅក្រៅ​ប្រទេស យើង​មាន​ប្រាក់ចំណេញ យើង​ត្រូវ​បង់ពន្ធ​ត្រឡប់​ជូន​រដ្ឋ​។ ហើយ​ខ្ញុំ​ជឿថា​អ្វីដែល​រដ្ឋាភិបាល​ធ្វើ​ហ្នឹង គឺ​មិន​ច្រើន​ទេ ព្រោះ​អី​ការយកពន្ធ​នេះ ការវិនិយោគ​យើង​នៅ​ខាងក្រៅ​មាន​តិច​ទេ ។​ភាគច្រើន​យើង មាន​ពលករ​ដែល​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ជប៉ុន​អី​ទេ ដែល​ជាប់ពន្ធ​ហ្នឹង ចំណែកឯ​ពលករ​ធ្វើការ​នៅ​ថៃ គាត់​បាន​ប្រាក់កម្រៃ​គឺ​មិន​ជាប់ពន្ធ​ទេ គឺ​បានន័យថា ទឹកប្រាក់​ដែល​ហូរ​ចេញចូល​ហ្នឹង​គឺ​តាម​ច្រកព្រំដែន លើកលែង​លុយ​ផ្ទេរ​តាម​ប្រព័ន្ធ​ធនាគារ​ទើបត្រូវ​បាន​បង់​២០​ភាគរយ​»​។ 
 
​សម្រាប់​លោក គី សេរី​វឌ្ឍន៍ ការយកពន្ធ​មូលធន​នេះ វា​ជាការ​បំពេញបន្ថែម លើ​ការយកពន្ធ​រកស៊ី ឬ វិនិយោគ ដែល​រដ្ឋាភិបាល​បាន​អនុគ្រោះ ក្នុង​អត្រា​កម្រិត​ពន្ធ​ទាប​កន្លងមក​។ បើតាម​បណ្ឌិត​សេដ្ឋកិច្ច​រូបនេះ ការអនុវត្ត​ពន្ធ​មូលធន ក៏​ជា​យុទ្ធ​ស្តារ​សេដ្ឋកិច្ចកម្ពុជា​ឡើងវិញ ក្រោយ​វិបត្តិ​កូ​វីដ​-១៩​ផងដែរ​។ «​កាលណា​គេ​និយាយ​ទ្រឹស្តី​សេដ្ឋកិច្ច ការដំឡើង​ពន្ធ​របស់​រដ្ឋាភិបាល មានន័យថា ទាក់ទង​នឹង​ថវិការដ្ឋ ដែល​ត្រូវការ​ដើម្បី​បង្កើន​ចំណាយ វា​ជា​យុទ្ធសាស្ត្រ​មួយ​នៃ​គោលនយោបាយ​សារពើពន្ធ ក្នុងការ​ជំរុញឱ្យមាន​កំណើនសេដ្ឋកិច្ច ក្រោយពេល​កូ​វីដ​-១៩ ។ អ៊ីចឹង​ខ្ញុំ​ជឿថា វា​ជា​យុទ្ធសាស្ត្រ​នៃ​ការស្ដារ​សេដ្ឋកិច្ចកម្ពុជា ឱ្យមាន​សន្ទុះ​ឡើងវិញ សម្រាប់​ក្រោយ​កូ​វីដ​-១៩ នៅក្រោយ​ឆ្នាំ​២០២១​នេះ​។​អ៊ីចឹង​ហើយ​ការប្រមូល​ពន្ធ​បន្ថែម​នេះ វា​ជា​ឧបករណ៍​មួយ​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​ដើរ​»​។​នេះ​ជាការ​បញ្ជាក់​របស់​អ្នកជំនាញ​សេដ្ឋកិច្ច​។​
 
​ដ្បិត​អ្នកសេដ្ឋកិច្ច អះអាងថា ការយកពន្ធ​មូលធន មិន​ប៉ះពាល់​ដល់​អ្នករក​ស៊ីក្នុង​ស្រុក​ក្តី ប៉ុន្តែ​អ្នក​អចលនទ្រព្យ​កំពុង​បារម្ភ​ពី​ការយកពន្ធ​នេះ​។ ប្រធាន​សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បាន​និយាយថា បើ​រដ្ឋ​នឹង​អនុវត្ត​យកពន្ធ​មូលធន​នេះ​មែន នោះ​អ្នករកស៊ី​វិស័យ​អចលនទ្រព្យ នឹងរង​ផលប៉ះពាល់​។ លោក អះអាងថា ការយកពន្ធ​នេះ វា​គឺជា​ការបន្ថែម​បន្ទុក​ដល់​អ្នករកស៊ី​វិស័យ​អចលនទ្រព្យ​ទៅវិញ​ទេ ខណៈដែល​ពួកគេ​កំពុង​ប្រឈមមុខ​ធ្លាក់ចុះ​ចំណូល ដោយសារ​បញ្ហា​កូ​វីដ​-១៩​។​
 
​ប្រធាន​សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​រូបនេះ បានលើកឡើង​ដូច្នេះ​ថា​៖«​ពាក់ព័ន្ធ​នឹង​វិស័យ​អចលនទ្រព្យ រាល់ថ្ងៃ​ដំណើរការ​ដោយសារ​អ្នកទិញ​នៅក្នុង​ស្រុក​ទេ ពាក់ព័ន្ធ​នឹង​បរទេស​សឹងតែ​មិនសូវមាន​(​អ្នកទិញ​)​ហើយ​។ អ៊ីចឹង​បញ្ហា​ការអនុវត្ត​ពន្ធ​សម្រាប់​មូលធន​នេះ ខ្ញុំ​គិតថា វា​ជា​ពេលវេលា​ដែល​លំបាក​សម្រាប់​អ្នក​វិនិយោគិន​នៅក្នុង​ប្រទេស​របស់​យើង ដើម្បី​ទ្រទ្រង់​នូវ​វិស័យ​អចលនទ្រព្យ​នេះ​។ ហើយ​ប្រសិនជា​ពន្ធ​នេះ ត្រូវបាន​អនុវត្ត​ពិតប្រាកដ​មែន ខ្ញុំ​មើលឃើញថា​វា គឺជា​អ​ម្រែ​ក​យ៉ាង​ធ្ងន់​សម្រាប់​អ្នក​វិនិយោគិន​ទៅលើ​វិស័យ​អចលនទ្រព្យ ហើយ​រដ្ឋាភិបាល​ក៏​ជួប​ប្រឈម​នូវ​បញ្ហា​មួយចំនួន​ដែរ​។ ប្រសិនជា​ពន្ធ​នេះ​ចេញ​ឡើង ដូច្នេះ​ខ្ញុំ​គិតថា ការទិញ​ដូរ​(​អចលនទ្រព្យ​)​មួយចំនួន​នឹង​ធ្លាក់ចុះ​»​។ 
 
​សម្រាប់​លោក ច្រឹ​ក សុខ​នី​ម ឆ្នាំ​២០២១​ខាងមុខនេះ មិនមែនជា​ពេលវេលា​ត្រូវ​កំណត់​យកពន្ធ​មូលធន ឬ​ពន្ធ​ផ្សេងៗ​លើ​អ្នករកស៊ី ឬ​ពលរដ្ឋ​នោះទេ ។ លោក​ថា រដ្ឋាភិបាល​គួរតែ​ជួយ​ដល់​វិស័យ​វិនិយោគ​នៅ​កម្ពុជា ជាពិសេស​វិស័យ​អចលនទ្រព្យ ដែល​ត្រូវការ​ទុនវិនិយោគ​បន្ថែម ក្រោយ​វិបត្តិ​កូ​វីដ​-១៩​ផុតរលត់​។​
 
«​ជា​ទស្សន​ផ្ទាល់ខ្លួន​របស់ខ្ញុំ​! ការយកពន្ធ គឺជា​ចំណុច​បន្ថែម​ចំណូល​របស់​រាជរដ្ឋាភិបាល ក៏ប៉ុន្តែ​ធម្មតា​បើ​យើង​ចង់បាន​មួយ គឺ​វា​ប៉ះពាល់​មួយទៀត​ហើយ ។ អ៊ីចឹង​បើ​រដ្ឋ​ទាមទារ​ពន្ធ​ច្រើន វា​ធ្វើឱ្យ​អ្នកលក់​(​អចលនទ្រព្យ​) គេ​បូក​បន្ថែម​(​តម្លៃ​)​ហើយ នូវ​ទឹក​លុយ​ដែល​គេ​ត្រូវ​លក់ អ៊ីចឹង​បើ​គេ​បូក​បន្ថែម​ហើយ គេ​អត់​ឃើញ​ចំណេញ គឺ​គេ​អត់​ត្រូវ​លក់​ដែរ ដូច្នេះ​រដ្ឋ​ក៏​ខាត​ចំណូល​ដូចគ្នា​ដែរ ។​នេះ​ទី​១​។ ទី​២ វា​ធ្វើឱ្យ​ចរន្តទឹក​ប្រាក់​នេះ វា​អត់​សូវ​ចលនា​ដើម្បី​រុញច្រាន​នៅក្នុង​វិស័យសេដ្ឋកិច្ច កាលណា​អត់​សូវ​មានការ​ដោះដូរ​ច្រើន លុយ​ក៏​វា​ពិបាក​វិល​ក្នុង​វិស័យ​ដីធ្លី អ៊ីចឹង​វា​កប់​ទៅមួយៗ វា​ធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​ក្នុងស្រុក​ហ្នឹង លំបាក​តទៅទៀត​។ ទី​៣ យើង​មើលឃើញថា បរិបទ​ក្នុង​ពិភពលោក​កំពុង​ជួប​បញ្ហា​យ៉ាងខ្លាំង អ៊ីចឹង​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត គេ​មានតែ​បញ្ចេញ​ទុន​ច្រើន តែ​យើង​បន្ថែម​បន្ទុក​ទៅដល់​អ្នកវិនិយោគទុន។ ខ្ញុំ​គិតថា​មិនមែនជា​ពេល​វា​លា​មួយ​សមរម្យ ដែល​ត្រូវអនុវត្ត​ធ្វើ​ការងារ​ប្រមូល​ពន្ធ​នេះ​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ច្រឹ​ក សុខ​នី​ម ដែល​បន្ថែមថា រដ្ឋ​អាច​យកពន្ធ​មូលធន​នេះ នៅពេល​សេដ្ឋកិច្ច​ខ្ពស់ ប៉ុន្តែ​មិនមែន​ក្នុង​បរិបទ​វិបត្តិ​កូ​វីដ​-១៩ អូសបន្លាយ​ពេល ដោយ​គ្មាន​ការកំណត់​នេះឡើយ​។​
 
​ផ្ទុយ​ពី​ការលើកឡើង​របស់​អ្នកជំនាញ​អចលនទ្រព្យ​នេះ លោក គី សេរី​វឌ្ឍន៍ អះអាងថា វិស័យ​អចលនទ្រព្យ គឺ​មិន​ងាយ​ដួល​ឡើយ​។ អ្នកជំនាញ​សេដ្ឋកិច្ច​រូបនេះ យល់ឃើញ​បែប​វិជ្ជមាន​វិញ​ថា ការអនុវត្ត​ពន្ធ​មូលធន គឺជា​ការទប់ស្កាត់​មិនឱ្យ​វិស័យ​អចលនទ្រព្យ​ប៉ោង​ផ្ទុះ​ទៅវិញ​ទេ​។ ត្រង់ចំណុច​នេះ​លោក សេរី​វឌ្ឍន៍ ពន្យល់ថា នៅពេល​ការអនុវត្ត​ពន្ធ​មូលធន​ចូល​ជា​ធរមាន វា​ធ្វើឱ្យ​ពលរដ្ឋ​ឈប់​នាំគ្នា​សម្រុក​ទិញ និង​លក់​ដី​ដូច​មុន ព្រោះ​តម្លៃ​អចលនទ្រព្យ​ឡើង​ខ្ពស់​ដោយសារ​កម្រិត​ពន្ធ ហើយ​ករណី​ចាក់ដី​លុប​បឹង ដើម្បី​លក់​ដី​នោះ ក៏​លែង​សូវ​មាន​ទៀត​ដែរ​។ ជាពិសេស​វា​នឹង​ជំ​រុញឱ្យ​ការប្រើប្រាស់​ដីធ្លី មាន​គោលដៅ​ច្បាស់លាស់ និង​បង្កើន​កំណើន​ផលិតកម្មទៀត​ផង​។​
 
«​ដោយសារ​ទីផ្សារ​អចលនទ្រព្យ​នេះ វា​លូតលាស់​លឿន ហើយ​វា​ជាទី​ផ្សារ​ដែលមាន​ហានិភ័យ អ៊ីចឹង​ការយកពន្ធ​នេះ ក៏​ជា​ការជួយ​ទប់​កុំឱ្យ​ការលូតលាស់​ហ្នឹង​វា​លឿន​ខ្លាំងពេក ដែល​ឈានទៅ​វិបត្តិ​(​សេដ្ឋកិច្ច​ដីធ្លី​)​ដូច​កាលពី​ឆ្នាំ​២០០៨​។ ដូច្នេះ​ពន្ធ​នេះ ក៏​ជាការ​រក្សា​លំនឹង​មីក្រូសេដ្ឋកិច្ច​ដែរ ព្រោះ​ឥឡូវនេះ​អ្នកសេដ្ឋកិច្ច​កំពុងមាន​ការព្រួយបារម្ភ​ចំពោះ​ការលូតលាស់​លឿន​នៃ​អចលនទ្រព្យ …​។ ដូច្នេះហើយ​បានជា​រដ្ឋាភិបាល ដាក់​កម្រិត​គោលនយោបាយ​ពន្ធ​នេះ គឺ​សម្រាប់​រក្សា​លំនឹង​សេដ្ឋកិច្ច អ៊ីចឹង​ម្នាក់ៗ​មានការ​ព្រួយបារម្ភ ខ្លាចរអា​ល​ក្នុងការ​រកស៊ី​ទិញ​-​លក់​ដី។ ដូច្នេះ​វា​ជួយ​បង្អាក់​(​ការរកស៊ី​ដីធ្លី​)​បាន​មួយរយៈ កុំឱ្យ​វា​ដល់​កម្រិត​មួយ​ទុំ​ជោរ​។ អ៊ីចឹង​ខ្ញុំ​គិតថា វា​ជា​យុទ្ធសាស្ត្រ​មួយ »​។ នេះ​បើតាម​អ្នកជំនាញ​សេដ្ឋកិច្ច​។​
 
​រាជរដ្ឋាភិបាល នឹង​ចាប់ផ្តើម​ប្រមូល​ពន្ធ​លើ​ចំណេញ​លើ​មូលធន​ចំនួន​២០​ភាគរយ ចាប់​ថ្ងៃទី​១​មករា ឆ្នាំ​២០២១​។ រដ្ឋាភិបាល​បាន​បង្កើត​ពន្ធ​ប្រភេទ​នេះ នៅក្នុង​ច្បាប់​ថវិកាជាតិ តាំង​ឆ្នាំ​២០១០ មកម្ល៉េះ ហើយ​ឱ្យ​អនុវត្ត​ការយកពន្ធ​នេះ​នៅក្នុង ឆ្នាំ​២០២០​។ ប៉ុន្តែ ដោយសារ​ត្រូវការ​ពេលវេលា​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ ដល់​អ្នកមាន​ជាប់​កាតព្វកិច្ច​បង់ពន្ធ​នេះ រាជរដ្ឋាភិបាល​សម្រេច​ពន្យារពេល​អនុវត្ត​នៅ​ដើមឆ្នាំ​២០២១​។​នេះ​ជាការ​លើកឡើង​របស់លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ កាលពី​ថ្ងៃទី​២៧ សីហា​។​
 
​ចំពោះ​ការអនុវត្ត​ពន្ធ​មូលធន​នេះ មាន​វិធី​ពីរ​សម្រាប់​អ្នក​ជាប់ពន្ធ​ជ្រើសរើស គឺ​វិធី​កាត់កង​ចំណាយ​៨០​ភាគរយ​នៃ​ប្រាក់ចំណូល​ដែល​ទទួលបាន​ពី​ការលក់​ឬ​ផ្ទេរ​ទ្រព្យ និង​វិធី​កាត់កង​តាម​ចំណាយ​ជាក់ស្ដែង​(​ដោយ​ផ្ទៀងផ្ទាត់​ជាមួយ​ឯកសារ​ទិញ​លក់​នានា​) ។ នេះ​សម្រាប់​ពន្ធ​មូលធន​លើ​ការទិញ​-​លក់​អចលនទ្រព្យ​។​
 
​សម្រាប់​មូលធន​ដទៃទៀត ក្រៅពី​អចលនទ្រព្យ គឺ​កាត់កង​តាម​ការចំណាយ​ជាក់ស្ដែង​។ ចំពោះ​អ្នកអនុវត្ត​ពន្ធ គឺ​ជន​និវាស​ន​ជន និង​អ​និវាស​ន​ជន​៕

Tag:
 ពន្ធ​មូលធន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com