ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
មហាផ្ទៃថា ក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ មានអង្គការចាត់តាំងច្បាស់លាស់
07, Sep 2020 , 6:00 pm        
រូបភាព
រូបពីគេហទំព័រក្រសួងមហាផ្ទៃ
រូបពីគេហទំព័រក្រសួងមហាផ្ទៃ
ក្រសួងមហាផ្ទៃ អះអាងថា ក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ កំពុងធ្វើសកម្មភាព ដោយមានអង្គការចាត់តាំងច្បាស់លាស់ ខណៈបណ្តាញទាំងពីរ ដែលភាគច្រើនមានយុវជនជាសមាជិក មិនបានចុះឈ្មោះក្នុងបញ្ជីសមាគមនិងអង្គការក្រៅរដ្ឋាភិបាល នៅក្រសួងមហាផ្ទៃ។



ក្រសួងមហាផ្ទៃ លើកឡើងថា ក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ កំពុងសកម្មភាបំផុស ញុះញង់ធ្វើឲ្យប៉ះពាល់ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង បង្កចលាចល វឹកវរក្នុងសង្គម តាមរយៈការប្រើប្រាស់បណ្តាញសង្គម និងបណ្តាញព័ត៌មានមួយចំនួនទៀត ដើម្បីផ្សព្វផ្សាយអត្ថបទ ខិត្តប័ណ្ណ រូបភាពនានា វីដេអូ ព្រមទាំងបានធ្វើបាតុកម្ម ដោយគ្មានច្បាប់អនុញ្ញាតថែមទៀត។

តាមរយៈសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ ស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការផ្លូវច្បាប់ ដើម្បីធានារក្សាសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ ជាពិសេសទប់ស្កាត់រាល់ការបង្កភាពអាណាធិបតេយ្យ និងបង្កចលាចលក្នុងសង្គម ក្នុងអំឡុងប្រជាពលរដ្ឋខ្មែរ កំពុងរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ អំពាវនាវកុំឲ្យប្រជាពលរដ្ឋ ចូលរួមក្នុងសកម្មភាពខុសច្បាប់ទាំងនេះ។

យុវជនជិត១០នាក់ហើយ ដែលជាសមាជិកនៃក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ ត្រូវបានចាប់ខ្លួន។ ពួកគេ សុទ្ធតែរងបទចោទដូចគ្នា គឺបទញុះញុះបង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។

មួយរយៈចុងក្រោយនេះ ក្រុមយុវជនទាំងនោះ បានចេញធ្វើសកម្មភាពនានា ដើម្បីទាមទារឲ្យដោះលែងលោក រ៉ុង ឈុ និង អ្នកផ្សេងទៀត។ តែលទ្ធផល ពួកគេ ក៏ត្រូវចាប់ខ្លួនដែ៕

Tag:
 ក្រសួងមហាផ្ទៃ
  ខ្មែរថាវរៈ
  ចលនាមាតាធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com