ពីនេះ ពីនោះ
សុខភាព
ងាយៗ​! ចង់បាន​ស្បែក​ស្អាត​មាន​សុខភាព​ល្អ​? កុំ​រំលង​អាហារ​ទាំងនេះ​
08, Sep 2020 , 6:59 pm        
រូបភាព
​របប​អាហារ​ត្រឹមត្រូវ គឺ​ចាំបាច់​ណាស់​សម្រាប់​សុខភាព​ស្បែក​ល្អប្រសើរ​ស្រស់ស្អាត​។ ថា​តើ​អាហារ​អ្វីខ្លះ​ល្អ​ចំពោះ​ស្បែក​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ប្រសិនបើ​ចង់បាន​ស្បែក​ស្រស់ស្អាត ៖

 
១. ប៉េងប៉ោះ​
 
​ការ​ទទួលទាន​ប៉េងប៉ោះ​ក៏​ជួយ​ទប់ស្កាត់​ការកើត​មុន​ផងដែរ​តាមរយៈ​បរិមាណ​នៃ​សារធាតុ lycopene ដែលមាន​ផ្ទុក​។ សារធាតុ lycopene ក៏​ជួយ​ការពារ​ស្បែក​មិនឱ្យ​ទទួលរង​ការបំផ្លាញ​ពី​ពន្លឺព្រះអាទិត្យ ឬ​កាំរស្មី​យូ​វី​ផងដែរ​។ ដូច្នេះ​កុំ​ភ្លេច​រួមបញ្ចូល​ប៉េងប៉ោះ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
 
២. ក្រូច​
 
​មិន​ថា​ក្រូចឆ្មារ ក្រូចថ្លុង ឬ​ក្រូច​អ្វី​នោះទេ​សុទ្ធតែជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន C ដែល​ជួយ​សារធាតុ proline និង​អាស៊ីត​អា​មី​ណូ lysine បំ​លែង​ទៅជា​កូ​ឡា​ជែ​ន​។ វីតាមីន C ក៏​សំខាន់​ក្នុងការ​កម្ចាត់​រ៉ាឌីកាល់​សេរី​ដែល​វាយប្រហា​យ​និង​បង្ក​ការបំផ្លាញ​អេ​ឡា​ស្ទី​ន​និង​កូ​ឡា​ជែ​ន​ក្នុង​ស្បែក​ផងដែរ​។​
 
៣. ផ្លែ​ទទឹម​
 
​នោះ​ក៏​ព្រោះតែ​ផ្លែ​ទទឹម​មាន​ផ្ទុក​សារធាតុ polyphenols ដែលជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជួយ​សម្រួល​ចរន្តឈាម​ឱ្យ​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង​ហូរ​ផ្ដល់ឱ្យ​ស្បែក​នូវ​ពណ៌​ស៊ី​ជម្ពូរ​ស្រស់ស្អាត​។ ការទទួល​ទាន​ផ្លែ​ទទឹម ឬ​ទឹក​ទទឹម​ស្រស់​ម្ដង​ក្នុង​មួយថ្ងៃ​អាច​ផ្ដល់​ឥទ្ធិពល​វិជ្ជមាន​គួរឱ្យ​ចាប់អារម្មណ៍​ជាច្រើន​ចំពោះ​សុខភាព​ស្បែក​។​
 
៤. ប្រេង​អូ​លីវ​
 
​មាន​ផ្ទុក​ជាតិ​ខ្លាញ់​សុខភាព​ល្អ monounsaturated ដែល​អាចជួយ​រក្សា​ភាព​ក្មេង​ជាតិ​វ័យ​នៃ​ស្បែក​។ លើសពីនេះទៅទៀត​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នៃ​ប្រេង​អូ​លីវ​ក៏​ជួយ​ទប់ស្កាត់​ការបំផ្លាញ​ដែល​បង្កឡើង​ដោយ​រ៉ាឌីកាល់​សេរី​ផងដែរ​។​
 
៥. ផ្លែ​បឺ​រ​
 
​ផ្លែឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ល្អ monounsaturated ដែល​ជួយ​រក្សា​ជាតិ​សំណើម​នៃ​ស្បែ​កបាន​យ៉ាង​ប្រសើរ ខណៈដែល​ស្នាម​ជ្រីវជ្រួញ​ងាយ​នឹង​លេចឡើង​ចំពោះ​ស្បែក​ស្ងួត​។ លើសពីនេះទៅទៀត ជាតិ​ខ្លាញ់ monounsaturated ក៏​ជួយ​អោយ​រាងកាយ​អាច​ស្រូប​សារធាតុចិញ្ចឹម និង​វីតាមីន​ផ្សេងៗ​ដែល​ស្បែក​ត្រូវការ​បាន​ពេញលេញ​ផងដែរ​។​
 
៦. ខ្ទឹមស​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ lipoic acid ស្ពាន់ធ័រ និង​សារធាតុ taurine ជួយ​ក្នុង​ការបង្កើតឡើងវិញ​នូវ​ស​សៃ​កូ​ឡា​ជែ​ន​ដែល​ទទួលរង​ការបំផ្លាញ​យូរ​មកហើយ​។​
 
៧. ទំពាំងបាយជូរ​
 
​ផ្លែឈើ​នេះ​ល្អ​ចំពោះ​ទាំង​សុខភាព​រាងកាយ​និង​សម្រស់​។ ការទទួល​ទាន​ផ្លែ​ទំពាំងបាយជូរ​ជួយ​សម្អាត​ឈាម​និង​ធ្វើឱ្យ​ស្បែ​កមាន​សំណើម​មិន​ស្រអាប់​។ សារធាតុ polyphenols ក្នុង​គ្រាប់​ទំពាំងបាយជូរ​ជួយ​ការពារ​ស្បែក​មិនឱ្យ​ទទួលរង​ការបំផ្លាញ​ពី​សំណាក់​រ៉ាឌីកាល់​សេរី​និង​ពន្យឺត​ដំណើរការ​នៃ​ភាព​ចាស់​តាម​វ័យ​។​
 
៨. ល្ហុង​
 
​ល្ហុង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C និង​វីតាមីន A ដែល​សុទ្ធតែ​ល្អ​សម្រាប់​រក្សា​សុខភាព​ស្បែក​។ ការទទួល​ទាន​ល្ហុង​ជាប្រចាំ​អាចជួយ​បង្កើន​កម្រិត​កូ​ឡា​ជែ​ន​របស់​ស្បែក​គួរឱ្យកត់សម្គាល់​។​
 
៩. គ្រាប់​ធញ្ញជាតិ​និង​គ្រាប់ពូជ​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង​វីតាមីន E ដែល​ល្អ​ណាស់​សម្រាប់​សុខភាព​ស្បែក​។ ទោះជា​យ៉ាងណា​មិនត្រូវ​ទទួលទាន​ច្រើនជាង​មួយ​ក្ដាប់ដៃ​ពេញ​ក្នុង​មួយថ្ងៃ​ឡើយ​។​
 
១០. បន្លែ​បៃតង​
 
​មាន​ផ្ទុក​សារធាតុ zeaxanthin និង lutein ដែល​ជួយ​ការពារ​ស្បែក​ពី​ការបំផ្លាញ​នៃ​ពន្លឺព្រះអាទិត្យ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com