ពីនេះ ពីនោះ
សុខភាព
គួរ​អាន​! ផឹក​កាហ្វេ​ជាប្រចាំ បើ​ឈប់​តើ​នឹងមាន​អ្វី​កើតឡើង​ចំពោះ​រាងកាយ​?
09, Sep 2020 , 6:59 am        
រូបភាព
​ធ្លាប់តែ​ទទួលទាន​កាហ្វេ​ជាប់​ជាប្រចាំ ដូច្នេះ​នៅពេល​បញ្ឈប់​តើ​នឹងមាន​អ្វី​កើត​ឡើងទៅ​? កម្រ​នឹងមាន​រណា​ម្នាក់​ដឹងខ្លួន​ឯង​ថា​កំពុង​ញៀន​កាហ្វេ​ណាស់​រហូត​ដល់ពេល​ផ្ដាច់ ឬ​ឈប់​ទទួលទាន​ទើប​ចាប់អារម្មណ៍​។ ជាធម្មតា​អាកា​រៈ​ឬ​រោគសញ្ញា​ញៀន​កាហ្វេ​កើតឡើង​ក្រោយពេល​មិនបាន​ទទួលទាន​ប្រហែល​ពី ១២ ទៅ ២៤ ម៉ោង​។ កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​រោគសញ្ញា​ដែល​កើតឡើង​ពេល​ផ្ដាច់​កាហ្វេ ៖

 
១. ឈឺក្បាល​ញឹកញាប់​
 
​មួយ​ក្នុងចំណោម​រោគសញ្ញា ឬ​អាកា​រៈ​ទូទៅ​បំផុត​នៃ​ការផ្ដាច់​កាហ្វេ​គឺ ឈឺក្បាល​។ នោះ​ក៏​ព្រោះតែ​នៅពេល​អ្នក​ទទួលទាន​កាហ្វេ ស​សៃ​ឈាម​ទៅកាន់​ខួរក្បាល​នឹង​ប្រែ​ជារួម​តូច​ពន្យឺត​លំហូរ​ឈាម ហើយ​នៅពេល​អ្នក​ឈប់​ទទួលទាន​នោះ​ជាតិ​កាហ្វេ​អ៊ី​ន​ក៏​គ្មាន​ឥទ្ធិពល​អ្វី​លើស​សៃ​ឈាម​ទៀត​ទេ​ក្រោយមក​ឈាម​ក៏​ស្ទុះ​ហូរ​ទៅកាន់​ខួរក្បាល​ភ្លាមៗ​នាំ​ឲ្យ​កើតមាន​អាកា​រៈ​ឈឺក្បាល​។​
 
២. ពិបាក​ផ្ដោតអារម្មណ៍​
 
​រោគសញ្ញា​មួយទៀត​ដែល​អ្នក​គួរ​សម្គាល់​មើល​នៅពេល​កាត់បន្ថយ​ការ​ទទួលទាន​កាហ្វេ​នោះ គឺ​អ្នកនឹង​ជួបប្រទះ​នូវ​បញ្ហា​ពិបាក​ផ្ដោតអារម្មណ៍​។ ត្រូវ​ចាំ​ទុក​ក្នុង​ចិត្ត​ថា កាហ្វេ ដើរតួ​រំញោច​បង្កើន​សកម្មភាព​នៃ​ខួរក្បាល​។ ដូច្នេះ​នៅពេល​មិនបាន​ទទួលទាន​វា មុខងារ​នៃ​សតិអារម្មណ៍​ប្រែជា​ដំណើរការ​យឺត​មិនសូវ​សកម្ម​រហ័ស​ដូច​មុន​។​
 
៣. អស់កម្លាំង ឬ​ថាមពល​រាងកាយ​ថយចុះ​
 
​ការ​ទទួលទាន​កាហ្វេ អាចជួយ​ជម្រុញ​បង្កើន​កម្រិត​ថាមពល​រាងកាយ​គួរ​ឲ្យ​កត់សម្គាល់​តាមរយៈ​សារធាតុ​រំញោច​លើក​កម្លាំង​ដែល​វា​មាន​ផ្ទុក​។ ទោះជា​យ៉ាងណាក៏ដោយ ម្ដង​ដែល​អ្នក​ផ្ដាច់​វា​នោះ​អ្នក​ប្រាកដជា​ជួបប្រទះ​នូវ​បញ្ហា​អស់កម្លាំង ហើយ​ងងុយគេង​ជាមិនខាន​។​
 
៤. ឆាប់​ខឹង​មួរ​ម៉ៅ​
 
​រោគសញ្ញា​នៃ​ការផ្ដាច់​កាហ្វេ​មួយ​ផ្សេងទៀត​នោះ គឺ​ការ​ឆាប់​ខឹង​មួរ​ម៉ៅ​។ នោះ​ក៏​ព្រោះតែ​ជាតិ​កាហ្វេ​អ៊ី​ន​មាន​សមត្ថភាព​គ្រប់គ្រង​លើ​អារម្មណ៍ ប៉ុន្តែ​ឥទ្ធិពល​របស់​វា​មិន​លើសពី ៦ ម៉ោង​ឡើយ ហើយ​អារម្មណ៍​របស់​អ្នកនឹង​ប្រែជា​ធម្មតា​វិញ​។​
 
៥. ញ័រ​
 
​រោគសញ្ញា​នេះ​ប្រហែលជា​មិនកើត​ឡើង​ចំពោះ​មនុស្ស​គ្រប់គ្នា​ទេ ប៉ុន្តែ​ក៏មាន​អ្នក​ចំនួន​ជួបប្រទះ​នូវ​អាកា​រៈ​ញ័រ​ខ្លួន​នៅពេល​ពួកគេ​ផ្ដាច់ ឬ​មិនបាន​ទទួលទាន​កាហ្វេ​។ ភាគច្រើន​ការ​ញ័រ​កើតមាន​នៅត្រង់​ដៃ ហើយ​វា​កើត​ឡើងជា​ញឹកញយ​ចំពោះ​អ្នក​ដែល​ទទួលទាន​កាហ្វេ​ច្រើន​ក្នុង​មួយថ្ងៃ ហើយ​ស្រាប់តែ​ផ្ដាច់​ភ្លាមៗ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​កាត់បន្ថយ​ម្ដង​បន្តិចៗ​។​
 
៦. អារម្មណ៍​ធ្លាក់​ទឹកចិត្ត​
 
​នោះ​ក៏​ព្រោះតែ​ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​កាហ្វេ​មាន​ឥទ្ធិពល​រំញោច​ប្រព័ន្ធ​ប្រសាទ ហើយក៏​ជម្រុញ​ការផលិត​អ័រម៉ូន​រីករាយ​នៅក្នុង​ខួរក្បាល​ដូចជា អ័រម៉ូន serotonin និង អ័រម៉ូន dopamine​។​
 
៧. ទម្ងន់​រាងកាយ​ប្រែប្រួល​
 
​ទម្ងន់​រាងកាយ​ដែល​ស្រាប់តែ​ប្រែប្រួល​ដោយ​មិនបាន​រំពឹងទុក​អាច​នឹង​បង្ក​ការព្រួយបារម្ភ​សម្រាប់​គ្រប់គ្នា ហើយ​ការផ្ដាច់​កាហ្វេ​ពេលខ្លះ​ជា​មូល​ហេ​តយ​នៃ​បញ្ហា​នេះ​។ កាហ្វេ​អ៊ី​ន​ដើរតួនាទី​ជម្រុញ​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​ដែល​មានន័យថា​រាងកាយ​ដុតបំផ្លាញ​កាឡូរី​កាន់តែ​មាន​ប្រសិទ្ធភាព​។ នៅពេល​អ្នក​ឈប់​ទទួលទាន​កាហ្វេ​នោះ​ការផ្គត់ផ្គង់​ជាតិ​កាហ្វេ​អ៊ី​ន​ដែល​ធ្លាប់តែ​ទទួលបាន​ដើម្បី​បង្កើន​ការដុត​បំផ្លាញ​កាឡូរី​លែងមាន​ទៀត​។ ជា​លទ្ធផល​អ្នកនឹង​កើន​ទម្ងន់​។ ប៉ុន្តែ​ផ្ទុយទៅវិញ ប្រសិនបើ​អ្នក​ធ្លាប់តែ​ទទួលទាន​កាហ្វេ​ដែលមាន​ផ្ទុក​កាឡូរី​ច្រើន ៣​ដង​ក្នុង​មួយថ្ងៃ ហើយ​ស្រាប់តែ​ឈប់​ទទួលទាន​នោះ​អ្នក​អាច​នឹង​ស្រក​ទម្ងន់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com