សង្គមអន្តរជាតិ​
អន្តរជាតិ
ចិន​ឈប់​បន្ត​ផ្ដល់​ទិដ្ឋាការ​ដល់​អ្នកកាសែត​ដែល​ធ្វើការ​ឲ្យ​ស្ថាប័ន​ព័ត៌មាន​សហរដ្ឋអាមេរិក​
08, Sep 2020 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ បុរស​ម្នាក់​ពាក់​ម៉ាស់ ឈរ​នៅក្បែរ​ស្ថាន​កុងស៊ុល​អាមេរិក ប្រចាំ​ទីក្រុង Chengdu ខេត្ត Sichuan ប្រទេស​ចិន កាលពី​ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ​២០២០​។​
​រូប​ឯកសារ​៖ បុរស​ម្នាក់​ពាក់​ម៉ាស់ ឈរ​នៅក្បែរ​ស្ថាន​កុងស៊ុល​អាមេរិក ប្រចាំ​ទីក្រុង Chengdu ខេត្ត Sichuan ប្រទេស​ចិន កាលពី​ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ​២០២០​។​
ដោយ: VOA
​អាជ្ញាធរ​ប្រទេស​ចិន​បាន​ឈប់​ផ្ដល់​ប័ណ្ណ​សារព័ត៌មាន​ដល់​អ្នកកាសែត​បរទេស ដែល​ធ្វើការ​ឲ្យ​ស្ថាប័ន​ព័ត៌មាន​អាមេរិក ក្នុងប្រទេស​ចិន​។ នេះ​គឺជា​វិធានការ​ថ្មី​ចុងក្រោយ​បំផុត នៃ​ការបន្ត​សងសឹក​គ្នា​ទៅវិញទៅមក រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ី​ង​តោន ទាក់ទិន​នឹង​ជម្លោះ​សេដ្ឋកិច្ច​និង​ការទូត​។​
 
​អ្នកកាសែត​ដែល​បានដាក់​ពាក្យ កាលពីពេល​ថ្មីៗ​នេះ ស្នើសុំ​បន្ត​ប័ណ្ណ​សារព័ត៌មាន​របស់​ពួកគេ​ដែលមាន​សុពលភាព​ពេញ​មួយឆ្នាំ​នោះ ពេលនេះ​បានទទួល​បាន​ប័ណ្ណ​សារព័ត៌មាន​បណ្តោះអាសន្ន​ជំនួស​វិញ និង​ទិដ្ឋាការ​ថ្មី​ដែលមាន​រយៈពេល​ត្រឹមតែ ២ ខែ​ប៉ុណ្ណោះ​។​
 
​បណ្តាញ​ព័ត៌មាន CNN របស់​សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា អ្នកឆ្លើយឆ្លង​ព័ត៌មាន​ម្នាក់​របស់ខ្លួន លោក David Culver ដែល​កើត​ក្នុង​សហរដ្ឋអាមេរិក គឺជា​អ្នកកាសែត​ម្នាក់ ក្នុងចំណោម​អ្នកកាសែត​ដែល​រង​ការប៉ះពាល់​ដោយសារ​ការសម្រេច​រប​ស់​រដ្ឋាភិបាល​ចិន​នេះ​។​
 
​សារព័ត៌មាន The New York Times បាន​បញ្ជាក់ថា ក្រៅពី​អ្នកកាសែត CNN នោះ អ្នកកាសែត​ផ្សេងទៀត​ដែល​រង​ការប៉ះពាល់​នេះដែរ គឺ​អ្នកកាសែត​ដែល​ធ្វើការ​ឲ្យ​សារព័ត៌មាន The Wall Street Journal និង​ក្រុមហ៊ុន​ផ្សព្វផ្សាយ Getty Images ដែលជា​ក្រុមហ៊ុន​ផ្តល់​រូបថត​ឌីជីថល​ដល់​ស្ថាប័ន​ព័ត៌មាន​នានា​ជុំវិញ​ពិភពលោក​។​
 
​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក អ្នកស្រី Morgan Ortagus បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​បញ្ជាក់ថា សហរដ្ឋអាមេរិក​មាន​ការរំខាន​ចិត្ត​ដោយ​ការសម្រេច​របស់​ប្រទេស​ចិន​នេះ ដែល​នេះ​នឹងធ្វើ​ឲ្យ​បរិយាកាស​នៃ​ការរាយការណ៍​ព័ត៌មាន​នៅក្នុង​ប្រទេស​ចិន​កាន់តែ​អាក្រក់​ឡើង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com