កីឡាអន្តរជាតិ
អន្តរជាតិ
Everton យកបាន James ពី Real Madrid ក្នុងតម្លៃ​២៧​លាន​ដុល្លារ
08, Sep 2020 , 11:11 am        
រូបភាព
Everton យកបាន​ខ្សែបម្រើ James Rodriguez ពី Real Madrid ហើយ​ក្នុងតម្លៃ​ផ្ទេរ ២០ លាន​ផោន (​ជិត​២៧​លាន​ដុល្លារ​អាមេរិក​)​។ នេះ​បើតាម​ការប្រកាស​របស់​ក្លិប Everton តាមរយៈ​វេ​ប​សាយ​ផ្ទាល់​របស់​ពួកគេ​។​


​បើតាម​ការផ្សាយ​របស់ BBC ខ្សែបម្រើ​សញ្ជាតិ​កូ​ឡុំ​ប៊ី វ័យ ២៩ ឆ្នាំ​រូបនេះ បាន​យល់ព្រម​ចុះកិច្ចសន្យា​រយៈពេល ២ ឆ្នាំ បូករួម​នឹង​ជម្រើស​បន្ថែម​មួយ​រដូវ​កាល​ទៀត​ជាមួយ​ក្លិប​រហស្សនាម​ស្ក​គ្រាប់​។​
 
​ការមកដល់​ទឹកដី Goodison Park ក្នុងតម្លៃ​២៧​លាន​ដុល្លារ បាន​នាំ​ឲ្យ Rodriguez ក្លាយជា​កីឡាករ​ដំបូង​គេ​ដែល​លោក Carlo Ancelotti នាំចូល​ទៅកាន់ Eveton ក្នុងតម្លៃ​ថ្លៃ ចាប់តាំងពី​លោក​ត្រូវបានតែងតាំង​ជា​អ្នកចាត់ការ​កាលពី​ខែធ្នូ ឆ្នាំ​២០១៩​មក​។​
 
Rodriguez បាន​ចូលរួម​ជាមួយ Real Madrid ពី Monaco កាលពី​ឆ្នាំ ២០១៤ បន្ទាប់ពី​ឈ្នះ​ស្បែកជើង​មាស (Golden Boots) ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០១៤ នៅ​ប្រេ​ស៊ី​ល​។ រូបគេ​បង្ហាញខ្លួន​ឲ្យ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​៨៥​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​២៩​គ្រាប់ មុន​ឲ្យ Bayern Munich ខ្ចី​ពី​ឆ្នាំ​២០១៧​ដល់ ២០១៩ ដោយ​លេង​បាន​៤៣​លើក និង​រក​គ្រាប់​បាន​១៤​គ្រាប់​។​


 
Rodriguez មិនសូវ​បានបង្ហាញ​ខ្លួន​សម្រាប់​ក្រុម Real Madrid ឡើយ ក្រោម​ការដឹកនាំ​របស់​លោក Zinedine Zidane ខណៈ អ្នកចាត់ការ​សញ្ជាតិ​បារាំង​ក៏បាន​អនុ​ញ្ជា​តិ​ឲ្យ​សមាជិក​ក្រុម​ជម្រើសជាតិ​កូ​ឡំ​ប៊ី​រូបនេះ​ខកខាន​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម​មុន​បើក​រដូវ​កាល​ថ្មី​ផង មុន​សម្រេច​លក់​រូបគេ​ទៅ​ឲ្យ Everton​។​
 
​ទៅដល់​ទឹកដី​អង់គ្លេស Rodriguez សង្ឃឹមថានឹង​អាច​លេង​ក្នុង​ជម្រើស​១១​នាក់​ដំបូង​សម្រាប់​ក្រុម​លោក Ancelotti​។ «​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​បាន​ផ្លាស់​មកកាន់​ក្លិប​ដ៏​អស្ចារ្យ​នេះ និង​ជា​ក្លិប​មួយ​ដែលមាន​ប្រ​វ​ត្ដិ​សាស្ដ្រ​យូរ​មកហើយ​។ ហើយ​នៅទីនេះ​ជាមួយ​អ្នកចាត់ការ​ម្នាក់​ដែល​ស្គាល់​ខ្ញុំ​ច្បាស់​។ ខ្ញុំ​ទន្ទឹងរង់ចាំ​ទទួលបាន​អ្វីដែល​អស្ចារ្យ​នៅទីនេះ - និង​ការ​ឈ្នះ​ពាន ដែលជា​គោលដៅ​ធំ​របស់​កីឡាករ​គ្រប់គ្នា​»​។​
 
​មុន​យកបាន Rodriguez ក្លិប Everton ទិញ​បាន​ខ្សែបម្រើ​សញ្ជាតិ​ប្រេ​ស៊ី​ល Allan វ័យ​២៩​ឆ្នាំ ពី Napoli រួចហើយ​ដែរ នៅមុន​បើក​រដូវ​កាល​ថ្មី ២០២០-២១ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១២ ខែកញ្ញា​៕
 
 

Tag:
 Everton
  James Rodriguez
© រក្សាសិទ្ធិដោយ thmeythmey.com