កីឡាជាតិ
ជាតិ
ក្រសួងអប់រំ នឹងកែសម្រួលប្រកាសអន្តរក្រសួង ស្តីពីគោលការណ៍ឧបត្ថម្ភ និងប្រាក់រង្វាន់ លោក ស សុខា (អាវខៀវ)ពេលដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងកែសម្រួលប្រកាសអន្តរក្រសួងលេខ៧១៦, រូបភាពពីហ្វេសប៊ុក Sar Sokha
× ក្រសួងអប់រំ យុវជន និងកីឡា នឹងកែសម្រួលប្រកាសអន្តរក្រសួងស្តីពី គោលការណ៍ឧបត្ថម្ភសម្រាប់ការប្រមូលផ្តុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិ យុវជនថ្នាល គ្រូបង្វឹក គ្រូជំនួយ និងអនុរក្ស និងប្រាក់រង្វាន់សម្រាប់ជ័យលាភីក្នុងការប្រកួតអន្តរជាតិក្នុង និងក្រៅប្រទេស។ បើតាមលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ការកែសម្រួលប្រកាសអន្តរក្រសួងនេះ គឺដើម្បីធ្វើឲ្យមានភាពល្អប្រសើរ។
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីត្រួតពិនិត្យ និងពិភាក្សាគ្នា មុនឈានដល់កែសម្រួលខ្លឹមសារប្រកាសអន្តរក្រសួងលេខ៧១៦។ ប្រកាសអន្តរក្រសួងនេះ និយាយអំពីគោលការណ៍ផ្តល់ប្រាក់ឧបត្ថម្ភដល់ក្រុមកីឡាករជម្រើសជាតិ យុវជនថ្នាល គ្រូបង្វឹក គ្រូជំនួយនិងអនុរក្ស និងប្រាក់រង្វាន់សម្រាប់ម្ចាស់ជ័យលាភីក្នុងការប្រកួតអន្តរជាតិ។
លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដែលបានចូលរួមក្នុងកិច្ចប្រជុំខាងលើ សុំមិនធ្វើអត្ថាធិប្បាយពាក់ព័ន្ធបញ្ហានេះ ព្រោះលោកយល់ថា កិច្ចការនេះនៅមាននីតិវិធីវែងឆ្ងាយ ហើយវាកំពុងស្ថិតក្នុងសេចក្តីពង្រាងនៅឡើយ។ លោកបានបន្ថែមថា៖«យើងនិយាយឲ្យខ្លីការកែសម្រួលប្រកាសអន្តរក្រសួង គឺយើងធ្វើយ៉ាងម៉េចឲ្យវាមានភាពល្អប្រសើរជាងមុន»។
ទោះបីមិនបញ្ជាក់ពីមូលហេតុ ដែលធ្វើឲ្យមានការកែសម្រួលនេះក៏ដោយ ប៉ុន្តែយើងសង្កេតឃើញថា កាលពីពេលកន្លងទៅមានបញ្ហាមួយចំនួនបានកើតឡើង ពាក់ព័ន្ធនឹងការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ម្ចាស់ជ័យលាភី ដែលដណ្តើមបានមេដាយនៅលើឆាកអន្តរជាតិ។ ដូច្នេះការកែសម្រួលប្រកាសអន្តរក្រសួងនៅពេលនេះ ទំនងជាចង់ស្វែងរកចំណុចរួម និងឯកភាពជាក់ជាក់មួយតែប៉ុណ្ណោះ៕
Tag:
ក្រសួងអប់រំ យុវជន និងកីឡា
ប៉ុន សុខ
© រក្សាសិទ្ធិដោយ thmeythmey.com