អន្តរជាតិ
លោក ច​ន​សុន ទុកពេល​ត្រឹម​ថ្ងៃទី​១៥ ខែតុលា​សម្រាប់​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អង់គ្លេស​-​អឺរ៉ុប​
08, Sep 2020 , 12:04 pm        
រូបភាព
នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន ។ រូបភាព AFP
នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន ។ រូបភាព AFP
​នាយករដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន ប្រកាស​ទុកពេល​ត្រឹម​ពាក់កណ្ដាល​ខែតុលា​សម្រាប់​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អង់គ្លេស និង​អឺរ៉ុប​។ ការចរចា​លើ​កិច្ចព្រមព្រៀង​ដែល​កំណត់​របៀបរបប​រកស៊ី​រវាង​អង់គ្លេស​ដែល​ចាក​ចេញពី​អឺរ៉ុប​កាលពី​ឆ្នាំ​២០១៩ និង​អឺរ៉ុប ជា​បញ្ហា​ប្រឈម​ដ៏​លំបាក​តាំងពី​ការចាប់ផ្ដើម​ក​ម្ល៉េះ ខណៈ​ការចរចា​ជាច្រើន​ជុំ ក៏​មិន​ទន់​មាន​លទ្ធផល​សមប្រកប​ដែរ​។ ទីក្រុង​ឡុង​ដ៍ ហាក់​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់​ខ្លាំង ហើយ​ជារឿយៗ​ព្រមាន​ថា មិនបាច់​មាន​កិច្ចព្រមព្រៀង​ក៏បាន​។

 
​ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប នឹង​បើក​ការចរចា​ជុំវិញ​ទី​៨ លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្រោយ​ការចាកចេញ​អង់គ្លេស​កាលពី​ឆ្នាំ​២០១៩ ។ ទោះ​បាន​ចំណាយពេល​ច្រើនក្ដី ភាគី​ទាំងពីរ​នៅតែ​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​ជាច្រើន ហើយ​ភាគី​ម្ខាងៗ​បាន​ចោទ​គ្នា​ទៅវិញទៅមក​ថា មិនចេះ​ថយក្រោយ​មួយ​ជំហាន ហើយ​ប្រើប្រាស់​គោលនយោបាយ​គ្រោះថ្នាក់​ក្នុង​ការចរចា​ទៀតផង​។ 
 
​មុន​ជំនួប​ជាមួយ​សម​ភាគី​អឺរ៉ុប Michel Barnier ប្រធាន​ក្រុម​ចរចា​អង់គ្លេស លោក David Frost បាន​ផ្ញើ​សារ​នៅ​ថ្ងៃទី​៦ ខែកញ្ញា ថា អង់គ្លេស នឹងមិន​សម្របសម្រួល​ជំហរ​របស់ខ្លួន​ឡើយ​។ ចំណែក​លោក Barnier វិញ ក៏​ធ្លាប់​ព្រមាន​ថា​រួចហើយ​ថា ការចរចា​អាច​ទៅមុខ ឬ​បរាជ័យ​អាស្រ័យ​ត្រង់​ការសម្រេចបាន​ឬ​អត់​ការ​ឯកភាពគ្នា​លើ​ការអនុញ្ញាត​ឲ្យ​អឺរ៉ុប​ចូល​ដែន​នេសាទ​អង់គ្លេស និង​បញ្ញត្តិ​ទាក់ទង​ការផ្ដល់​ជំនួយ​របស់រ​ដ្ឋ​។ 
 
​ខណៈ​ការចរចា​ជួប​បញ្ហា​រាំងស្ទះ​ច្រើន នាយករដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន បាន​ទុក​ឱសានវាទ​ត្រឹម​ថ្ងៃទី​១៥ ខែតុលា ឲ្យ​ការចរចារ​សម្រេចចិត្ត​ឲ្យ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​។ ជំហរ​នេះ ក៏​មិន​ខុសគ្នា​ប៉ុន្មាន​ពី​ការចង់បាន​របស់​អឺរ៉ុប​ដែរ ព្រោះ​អឺរ៉ុប​ត្រូវការ​ពេល​ដើម្បី​អនុវត្ត​នីតិវិធី​ផ្សេងទៀត​ដូចជា​ការបកប្រែ និង​ការផ្ដល់​សច្ចាប័ន​របស់​សភា​អឺរ៉ុប​ជាដើម​។ 
 
«​មានការ​ចាំបាច់​ដែល​ត្រូវមាន​កិច្ចព្រមព្រៀង​ជាមួយ​មិត្តភក្តិ​អឺរ៉ុប​របស់​យើង នៅត្រឹម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​នៅ​ថ្ងៃទី​១៥ ខែតុលា ប្រសិន​ចង់​ឲ្យ​កិច្ចព្រមព្រៀង​ចូល​ធរ​មា​នៅ​ចុង​ឆ្នាំនេះ​។​» លោក ច​ន​សុន បញ្ជាក់​បែបនេះ​ក្នុង​សេចក្ដីថ្លែងការណ៍​ចេញ​ដោយ​ការិយាល័យ​នាយករដ្ឋមន្ត្រី​។ លោក​ព្រមាន​ថា វា​ជា​រឿង​គ្មាន​ប្រយោជន៍​ដែល​ចង់​គិត​ហួស​ពី​រយៈពេល​ខាងលើ ហើយ​បើ​ចរចា​មិនបាន​សម្រេច វា​ក៏​គ្មាន​ការចាំបាច់​ត្រូវមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែរ​។​
 
​ក្នុងករណី​គ្មាន​កិច្ចព្រមព្រៀង​មែន​នោះ លោក ច​ន​សុន លើកឡើងថា ប្រទេស​របស់លោក នឹង​យក​លំនាំ​តាម​អូស្ត្រាលី​ក្នុងការ​រកស៊ី​ជាមួយ​អឺរ៉ុប ឬ​លំនាំ​តាម​កិច្ចព្រមព្រៀង​រវាង​កាណាដា និង​ប្រទេស​ផ្សេង​។ សម្រាប់​អូស្ត្រាលី ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អឺរ៉ុប ធ្វើឡើង​តាម​ប​ញ្ញ​តិ្ត និង​ក្បួន​យកពន្ធ​ដែល​កំណត់ដោយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​៕
 
 

Tag:
 អង់គ្លេស​
  អឺរ៉ុប​
  បូរី​ស ច​ន​សុន
© រក្សាសិទ្ធិដោយ thmeythmey.com