ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
តំណាង​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​ថា អាជ្ញាធរ ប្រើ​កម្លាំង​ហួសប្រមាណ​លើ​អ្នក​តវ៉ា​ ​
08, Sep 2020 , 12:59 pm        
រូបភាព
ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា (OHCHR) សង្កេតឃើញថា ទោះបីជា​ការជួបជុំ​ឬ​ការប្រមូលផ្តុំ​នៅ​កម្ពុជា មាន​លក្ខណៈ​សន្តិវិធី​ក្តី តែ​នៅតែមាន​ការចាប់ខ្លួន និង​ឧប្បត្តិហេតុ​មួយចំនួន កើតឡើង​ពី​ការប្រើប្រាស់ «​កម្លាំង​ហួសប្រមាណ​» ទប់​ទល់នឹង​ក្រុមបាតុករ ដែល​ភាគច្រើន​ជា​ស្ត្រី​និង​ជា​យុវជន​។



​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម Twitter កាលពី​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២០ ស្តីពី​ការឃ្លាំមើល​របស់ខ្លួន ទៅលើ​ការ​ជួ​បជុំ​ដោយ​សន្តិវិធី​នៅ​កម្ពុជា​។ តាមរយៈ​សារ​នេះ ស្ថាប័ន​តំណាង​អង្គការសហប្រជាជាតិ​ដ៏​ធំ​មួយ​នេះ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ «​គោរព​សិទ្ធិ​អ្នក​តវ៉ា​» ។ 
 
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ចាត់ទុក​សារ​ខាងលើ ថា​គ្រាន់តែ​ជាការ​ព្រួយ​បារ​ម្មណ៍​របស់​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​។ ប៉ុន្តែ លោក បញ្ជាក់ថា ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ មិនមែនជា​អ្នកកំណត់​ជោគវាសនា​កម្ពុជា​ឡើយ​។ 
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ នា​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា អ្នកនាំពាក្យ​រដ្ឋាភិបាល បកស្រាយ​ថា ចំណាត់ការ​របស់​សម​ត្ថ​កិច្ច​ទៅលើ​អ្នក​តវ៉ា​នាពេល​ថ្មីៗ​នេះ គឺជា​ការអនុវត្ត​ច្បាប់ ដើម្បី​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ តែ​មិនមែន​ជាការ​រំ​លោភ​សិទ្ធិមនុស្សនោះទេ។ លោក សង្កត់ធ្ងន់ថា​៖«​ឲ្យ​តែ​បំពាន​ច្បាប់ គឺ​គេ​បង្ក្រាប​ហើយ​»​។ 
 
​លោក បាន​លើក​ករណី​នៅ​សហរដ្ឋអាមេរិក និង​នៅ​បារាំង ថា ប្រទេស​ធំៗ​ទាំងពីរ​នេះ ក៏​មានការ​បង្ក្រាប​ដែរ​។ លោក មានប្រសាសន៍ថា​៖«​នាំគ្នា​ទៅ​តតាំង​នឹង​តុលាការ ប្រទេស​ណា​ក៏​គេ​បង្ក្រាប​ដែរ​»​។ 
 
​អ្នកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​នៃ​អង្គការ​សហ​ប្រជាជា​តិ ទទួលបន្ទុកសង្កេតមើលបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា បានបង្ហាញ​ក្តីកង្វល់​ចំពោះ​ការចាប់​សកម្មជន​បរិ​ស្ថាន​៣​នាក់ (​នៃ​ចលនា​មាតា​ធម្មជាតិ​) និង​មនុស្ស​មួយចំនួនទៀត ដោយមាន​ទាំង​ព្រះសង្ឃ​១​អង្គ​ផងដែរ ក្រោម​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ង្គ​ម​។ អ្នកស្រី ថ្លែងថា សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ ការបង្កើត​សមាគម និង ការជួបជុំ​ដោយ​សន្តិវិធី ត្រូវបាន​ការពារ​ដោយ​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ ក៏ដូចជា​រដ្ឋធម្មនុញ្ញ​កម្ពុជា​ផងដែរ​។​
 
​អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​រូបនេះ សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា​ថា​៖«​ខ្ញុំ សូម​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​កម្ពុជា ធានាថា សិទ្ធិ​ទាំងនេះ ត្រូវបាន​គោរព​និង​ការពារ ហើយ​បង្កើត​បរិយាកាស​មួយ ដែល​បុគ្គល​ម្នាក់ៗ អាចអនុវត្ត​សិទ្ធិ​ទាំងនេះ​»​។ អ្នកស្រី បន្តថា​៖«​ខ្ញុំ សូម​ជំរុញ​ឲ្យ​បញ្ជូន​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំងនោះ​ទៅ​តុលាការ ហើយ​ត្រូវគោរព​ឲ្យ​បាន​ពេញលេញ​នូវ​សិទ្ធិ​ទទួលបាន​នីតិវិធី​ត្រឹមត្រូវ​របស់​ពួកគេ​។ ខ្ញុំ កំពុង​តាមដាន​ព្រឹត្តិការណ៍​ទាំងនេះ​យ៉ាង​ដិតដល់​នៅក្នុង​ប្រទេស​កម្ពុជា​»​។​
 
​មួយរយៈ​ចុងក្រោយ​នេះ គេ ឧស្សាហ៍​ឃើញ​មានការ​តវ៉ា​ពី​សំណាក់​ប្រជាពលរដ្ឋ​និង​ក្រុមយុវជន​។ មួយ​ឡែក គឺ​តវ៉ា​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន ដែល​ជាប់ឃុំ​ដោយសារ​លោក ចេញសេចក្តីថ្លែងការណ៍​ពាក់ព័ន្ធ​នឹង​រឿង​ព្រំដែន​។ ការតវ៉ា​នេះ បាន​បណ្តាល​ឲ្យ​យុវជន​មួយចំនួនទៀត ជាប់ឃុំ​ជាមួយ​លោក រ៉ុង ឈុន ដែរ​។ មួយ​ឡែក​ទៀត គឺ​ក្រុម​ស្ត្រី ​នាំគ្នា​តវ៉ា​សុំ​ឲ្យ​ដោះលែង​ស្វាមី​របស់​ពួកគេ ជា​អតីតមន្ត្រី​គណបក្សប្រឆាំង​ជិត​២០​នាក់ ដែលកំពុង​ជាប់ឃុំ​។ 
 
​ក្នុងចំណោម​ស្ត្រី​តវ៉ា​ទាំងនោះ មាន​ស្ត្រី​ម្នាក់​ឈ្មោះ សេង ចាន់ថន ត្រូវបាន​ប្រជា​ការពារ​ម្នាក់​ឈ្មោះ ឆោម ពិសិដ្ឋ ក្នុង​ខណ្ឌ​៧​មករា រុញ​ឲ្យ​ដួល ហើយ​បែកក្បាលខាងក្រោយ​។ ទង្វើ​របស់​ប្រជា​ការពារ ធ្វើ​ឲ្យ​មានការ​រិះគន់​ខ្លាំង​ពី​ម​ជ្ឈ​ដ្ឋា​នានា​។ រដ្ឋបាល​ខណ្ឌ​៧​មករា បកស្រាយ​ថា ប្រជា​ការពារ​រូបនេះ បាន​ជ្រុលដៃ​។ 
 
​មកដល់ពេលនេះ ការចាប់ខ្លួន​យុវជន នៅតែ​ចេះ​កើតមាន​ជា​ហូរហែ។ ជាក់ស្តែង​ព្រះ​តេជគុណ កើត សា​រ៉ា​យ និង យុវជន មាន ព្រហ្ម​មុនី សមាជិក​នៃ​ក្រុមយុវជន​ខ្មែរ​ថាវរៈ ត្រូវ​ឃាត់ខ្លួន​។ បន្ទាប់មក ព្រះ​តេជគុណ ត្រូវបាន​ផ្សឹក ហើយ​យកទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ជាមួយ​យុវជន មាន ព្រហ្ម​មុនី កាលពី​ថ្ងៃទី​៧ ខែកញ្ញា។  
 
​មុន​ការចាប់ខ្លួន អ្នក​ទាំង២ បានប្រកាស​ជំហរ​ថា នៅតែ​ដឹកនាំ​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​មាន​យុត្តិធម៌​សង្គម ខណៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រាប់ថា​មិន​អនុញ្ញាត​។ ទោះជា​អ្នក​ទាំង២ ត្រូវ​ចាប់ខ្លួន តែ​ក្រុមយុវជន នៅតែ​បន្ត​នាំគ្នា​ឆ្ពោះទៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​សង្កាត់​ឫស្សីកែវ តាម​ការគ្រោងទុក កាលពី​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា ដើម្បី​សម្តែង​មតិ​។ ដំណើរ​របស់​ពួកគេ មិនបាន​ចូលទៅក្នុង​ទីលាន​ប្រជាធិបតេយ្យ​ឡើយ ដោយសារតែ​មានការ​រារាំង​ពី​កម្លាំង​សមត្ថកិច្ច​។ 
 
​គួរ​កត់សម្គាល់ថា ព្រះសង្ឃ​និង​យុវជន ដែល​ត្រូវ​ចាប់ខ្លួន ភាគច្រើន ជា​សមាជិក​នៃ​ក្រុមយុវជន​ខ្មែរ​ថាវរៈ​និង​ក្រុមយុវជន​ចលនា​មាតា​ធម្មជាតិ​។ ព្រះសង្ឃ​និង​យុវជន ដែល​ត្រូវ​ចាប់ខ្លួន មានដូចជា យុវតី ឡុង គ​ន្ធា យុវតី ភួ​ន កែវ​រស្មី យុវជន ថុ​ន រដ្ឋា (​យុវជន​នៃ​ចលនា​មាតា​ធម្មជាតិ​), អតីត​ព្រះ​តេជគុណ កើត សា​រ៉ា​យ យុវតី ឈឿ​ដា​រ៉ាវី យុវតី សូ មេត្តា យុវតី ស កន្និកា យុវជន មាន ព្រហ្ម​មុនី យុវជន ថា ឡា​វី និង យុ​ជន ហ៊ុន វណ្ណៈ (​យុវជន​ខ្មែរ​ថាវរៈ​) ជាដើម​។ 
 
​នៅ​ថ្ងៃទី​៧ ខែកញ្ញា​ ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​អះអាងថា ក្រុមយុវជន​ខ្មែរ​ថាវរៈ និង​ក្រុមយុវជន​ចលនា​មាតា​ធម្មជាតិ កំពុង​ធ្វើ​សកម្មភាព ដោយមាន​អង្គការ​ចាត់តាំង​ច្បាស់លាស់ ខណៈ​បណ្តាញ​ទាំង២ ដែល​ភាគច្រើន​មាន​យុវជន​ជា​សមាជិក មិនបាន​ចុះឈ្មោះ​ក្នុង​បញ្ជី​សមាគម​និង​អង្គការក្រៅរដ្ឋាភិបាល នៅ​ក្រសួងមហាផ្ទៃ​។ ក្រសួងមហាផ្ទៃ រំលេច​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា បណ្តាញ​យុវជន​ទាំង​២​នេះ ធ្វើ​សកម្មភាព​បង្កចលាចល​ដល់​សង្គម​។ 
 
ដើម្បី​ទប់ស្កាត់​រាល់​ការបង្ក​ភាព​អាណាធិបតេយ្យ និង​បង្កចលាចល​ក្នុងសង្គម ក្រសួងមហាផ្ទៃ ស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ​ផ្លូវច្បាប់ ក្នុងករណី​បណ្តាញ​យុវជនទាំង​២នេះ ធ្វើ​សកម្មភាព​ខុសច្បាប់​។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​ក្នុង​សកម្មភាព​ខុសច្បាប់​ទាំងនេះ​៕ 
 

Tag:
 បាតុកម្ម​
  សិទ្ធិមនុស្ស​
  តុលាការ​
  CHCHR
© រក្សាសិទ្ធិដោយ thmeythmey.com