អន្តរជាតិ
ចិន ចោទ​ទ័ព​ឥណ្ឌា ថា​បាញ់កាំភ្លើង​ច្រើន​គ្រាប់​នៅ​តំបន់​ព្រំដែន​
08, Sep 2020 , 2:22 pm        
រូបភាព
កងសន្តិសុខតាមព្រំដែនរបស់ឥណ្ឌា យាមល្បាតនៅតាមព្រំដែនឥណ្ឌា និងចិន។ រូបភាព៖ Getty Image
កងសន្តិសុខតាមព្រំដែនរបស់ឥណ្ឌា យាមល្បាតនៅតាមព្រំដែនឥណ្ឌា និងចិន។ រូបភាព៖ Getty Image
​កងទ័ព​ចិន នៅ​ថ្ងៃទី​៧ ខែកញ្ញា បាន​ចោទ​កងទ័ព​ឥណ្ឌា​ថា បាន​បំពាន​កិច្ចព្រមព្រៀង​ដែល​បាន​ឯកភាពគ្នា​ក្នុង​ការរក្សាសន្តិសុខ​តាម​ព្រំដែន ដោយបាន​បាញ់​គ្រាប់កាំភ្លើង​ជាច្រើន​គ្រាប់​ទៅលើ​អាកាស​។ យោធា​ចិន បាន​ចាត់វិធានការ​តប​នឹង​សកម្មភាព​យោធា​ឥណ្ឌា​ដែរ​។

 
​ការប្រឈមមុខ​ដាក់គ្នា ក្នុង​រយៈពេល​ចុងក្រោយ​នេះ ហាក់​មិន​ធូរស្បើយ​ឡើយ បើទោះបីជា​ទើបតែ​មាន​ជំនួប​ចរចា​រវាង​ប្រមុខ​ការពារជាតិ​រវាង​ចិន និង​ឥណ្ឌា នៅ​ទីក្រុង​មូ​ស្គូ ប្រទេស​រុស្ស៊ី​ក៏ដោយ​។ នៅ​ថ្ងៃទី​៧ ខែកញ្ញា កងទ័ព​ចិន បាន​ចោទ​ឥណ្ឌា​ជាថ្មី ថា​បាន​បំពាន​កិច្ចព្រមព្រៀង​ព្រំដែន​ទ្វេភាគី​។ 
 
​ក្នុង​សេចក្តីថ្លែងការណ៍​ថ្ងៃទី​៧ ខែកញ្ញា អ្នកនាំពាក្យ​ទីបញ្ជាការ​ភូមិភាគ​ខាងលិច​របស់​កងទ័ព​ចិន លោក Zhang Shuili បាន​បញ្ជាក់ថា កងទ័ព​ឥណ្ឌា បាន​បំពាន​កិច្ចព្រមព្រៀង​ព្រំដែន​ទ្វេភាគី តាមរយៈ​ការឆ្លង​ព្រំដែន​ចូលមកក្នុង​តំបន់​យុទ្ធសាស្ត្រ​នៃ​ទន្លេ Pangong Tso ស្ថិតនៅក្នុង​តំបន់ Ladakh​។ មិនតែប៉ុណ្ណោះ ក្នុង​សេចក្តី​ថ្លែង​ការ​ដដែល​នេះ ក៏បាន​ចោទ​កងទ័ព​ឥណ្ឌា​ផងដែរ​ថា បាន​បាញ់​គ្រាប់កាំភ្លើង​ជាច្រើន​គ្រាប់​ទៅលើ​អាកាស ដើម្បី​ព្រមាន​កងទ័ព​ចិន​ថែមទៀត​។ 
 
​កងទ័ព​ចិន​បាន​ចាត់វិធានការ​ការពារ​មួយចំនួន ក្នុងការ​ឆ្លើយតប​នឹង​ស្ថានភាព​អាសន្ន ដើម្បី​ការពារ​ស្ថិរភាព​តំបន់​។ ប៉ុន្តែ​អ្នកនាំពាក្យ​ខាងលើ មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់ ពី​វិធានការ​ឆ្លើយតប​របស់​ចិន​ឡើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​បន្ថែម​ពីលើ​នេះ កងទ័ព​ចិន ក៏បាន​ទទូច​ឲ្យ​ឥណ្ឌា​ស៊ើបអង្កេត​លើ​ទាហាន​ដែល​បាន​បាញ់កាំភ្លើង​ជាច្រើន​គ្រាប់​នោះ​ផងដែរ ដើម្បី​ធានា​ពី​ការគោរព​របស់​កងទ័ព​នៅ​តំបន់​ព្រំដែន​ជួរមុខ​។ 
​នេះ​ជា​លើក​ទី​ពីរ​ក្នុងពេល​មិន​ដល់​ពីរ​សប្ដាហ៍​ផង​ដែល ព្រំដែន​ឥណ្ឌា និង​ចិន​ឡើង​កម្ដៅ​ជាថ្មី​។ នៅ​ដើម​សប្តាហ៍​មុន ឥណ្ឌា និង​ចិន ក៏បាន​ប្រឈមមុខ​ដាក់គ្នា​នៅ​តំបន់​ទន្លេ​Pangong Tso ដែរ ដោយ​ភាគី​ទាំងសងខាង បាន​ចោទ​គ្នា​ទៅវិញទៅមក​ថា ជា​អ្នក​បង្ករឿង​មុន​។ 
 
​សូមបញ្ជាក់ថា ទីក្រុង​ប៉េកាំង និង​ឥណ្ឌា គឺមាន​ព្រំដែន​ជាប់​គ្នា​ប្រវែង​សរុប ៣៤៨៨​គីឡូម៉ែត្រ ប៉ុន្តែ​ប្រទេស​ទាំងពីរ​មិនទាន់មាន​ការកំណត់​ផ្លូវការ​ណាមួយ​នៅឡើយ​ទេ ពោលគឺ​មានតែ​ខ្សែ​បន្ទាប់​ព្រំដែន​គ្រប់គ្រង​ជាក់ស្តែង​ប៉ុណ្ណោះ​(LAC) ដែលជា​ហេតុ​ធ្វើ​ឲ្យ​យក្ស​អាស៊ី​ទាំងពីរ​នៅតែ​បន្ត​ប្រឈមមុខ​ដាក់គ្នា​តាម​ព្រំដែន​៕ 
 

Tag:
 ចិន​
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com