ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
សង្គមអន្តរជាតិ​
អន្តរជាតិ
ឃាតកម្ម​លោក Khashoggi៖ តុលាការ​អា​រ៉ា​ប៊ី​សា​អូឌីត​ឲ្យ​អ្នកពាក់ព័ន្ធ​ជាប់គុក​ជំនួស​ទោស​ប្រហារជីវិត​
08, Sep 2020 , 3:26 pm        
រូបភាព
អ្នកកាសែតរបស់សារព័ត៌មានអាមេរិក Washington Post លោក Jamal Khashoggi (AFP)
អ្នកកាសែតរបស់សារព័ត៌មានអាមេរិក Washington Post លោក Jamal Khashoggi (AFP)
ដោយ:
​តុលាការ​អា​រ៉ា​ប៊ី​សា​អូឌីត នៅ​ថ្ងៃទី​៧ ខែកញ្ញា​បានសម្រេច​មិន​កាត់ទោស​ប្រហារជីវិត​លើ​មនុស្ស​៥​នាក់​ក្នុងករណី​ឃាតកម្ម​អ្នកកាសែត Jamal Khashoggi កាលពី​ឆ្នាំ​២០១៨​។ ក្នុង​សាលក្រម​ចុងក្រោយ ដែល​ត្រូវបាន​ថ្កោលទោស​ដោយ​គូ​ដណ្ដឹង​របស់លោក Khashoggi តុលាការ​សម្រេច​ដាក់គុក​ជនជាប់ចោទ​៨​នាក់​ជំនួស​វិញ​។ អ្នកជំនាញ​របស់​អង្គការសហប្រជាជាតិ ចាត់ទុក​សាលក្រម​នេះ​ថា ជាការ​លេងសើច​លើ​ប្រព័ន្ធយុត្តិធម៌​។

 
​ក្នុង​សាលក្រម​នៅ​ថ្ងៃទី​៧ ខែកញ្ញា ជនជាប់ចោទ​ដែល​ពុំ​ត្រូវ​បានផ្ដល់​អត្តសញ្ញាណ​ចំនួន​៨​នាក់ ត្រូវបាន​តុលាការ​សម្រេច​កាត់ទោស​ឲ្យ​ជាប់គុក​ចន្លោះ​ពី ៧​ឆ្នាំ​និង​២០​ឆ្នាំ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកនាំពាក្យ​ព្រះរាជអាជ្ញា​អា​រ៉ា​ប៊ី​សា​អូឌីត​ម្នាក់ បាន​អះអាង​ដូច្នេះ​ថា​៖«​ទណ្ឌិត​៥​នាក់ ត្រូវបាន​កាត់ទោស​ឲ្យ​ចាប់​គុក​២០​ឆ្នាំ​។ ទណ្ឌិត​ម្នាក់​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​១០​ឆ្នាំ ហើយ​២​នាក់​ទៀត​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​៧​ឆ្នាំ​»​។​
 
​ការ​សវនាការ​បិទទ្វា​រលើ​ជនសង្ស័យ​១១​នាក់ បាន​បិទ​បញ្ចប់​កាលពី​ខែធ្នូ ឆ្នាំ​២០១៩ ដោយ​មនុស្ស​៥​នាក់ ត្រូវបាន​សម្រេច​កាត់ទោស​ប្រហារជីវិត និង​៣​នាក់​ផ្សេងទៀត ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​សរុប​២៤​ឆ្នាំ​ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​លោក Khashoggi អ្នកកាសែត​របស់ The Washington Post​។ ក្រុមគ្រួសារ​លោក Khashoggi ក្នុង​ខែឧសភា ឆ្នាំ​២០២០ បានសម្រេច​ចិត្ត​លើកលែងទោស​ឲ្យ​ឃាតករ ដែលជា​ហេតុ​ធ្វើ​ឲ្យ​តុលាការ​សម្រេច​សម្រាលទោស​ពី​ប្រហារជីវិត​មក​ដាក់គុក​បែបនេះ​។ 
 
​ប៉ុន្មាន​ខែ​មុន​ប្រកាស​លើកលែងទោស​នេះ កាសែត​អាមេរិក The Washington Post ធ្លាប់បាន​រាយការណ៍​ថា កូនៗ​របស់លោក Khashoggi ទទួលបាន​ភូមិគ្រឹះ​តម្លៃ​រាប់លាន​ដុល្លារ ហើយ​ត្រូវ​ផ្ដល់​លុយ​ឧបត្ថម្ភ​រាប់ពាន់​ដុល្លារ​ប្រចាំខែ​ពី​សំណាក់​អាជ្ញាធរ​។ យ៉ាងណាមិញ កូនប្រុស​ម្នាក់​របស់លោក Khashoggi បាន​ទាត់ចោល​របាយការណ៍​នេះ និង​បាន​បដិសេធ​រាល់​ការពិភាក្សា​ស្តីពី​ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ​ណាមួយ​ជាមួយ​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត​ផងដែរ​។ 
 
​ជា​រឿង​គួរ​ឲ្យ​សង្ស័យ គ្មាន​ជនជាប់ចោទ​ណា​ម្នាក់ ត្រូវបាន​បញ្ជាក់​ឈ្មោះ​ក្នុង​សាល​ក្រុម​ចុងក្រោយ​របស់​តុលាការ​លើ​សំណុំរឿង​ឃាតកម្ម​នេះឡើយ​។ ចំណុច​មិន​ប្រក្រតី​នេះ បាន​បង្ក​កំហឹង​អន្តរជាតិ និង​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​រជ្ជទាយាទ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman ។ 
 
​គូ​ដណ្ដឹង​ជនជាតិ​តួ​ក​គី​របស់​អ្នកកាសែត Khashoggi និង​អ្នករាយការណ៍​ពិសេស​របស់ UN អ្នកស្រី Agnes Callamard បាន​ថ្កោលទោស​សាល​ក្រុម​នេះ ដោយ​ចោទ​ទុក​ថា​ជាការ​លេងសើច​លើ​ប្រព័ន្ធតុលាការ​។ តាមរយៈ​បណ្ដាញ​សង្គម Twitter អ្នកស្រី Agnes Callamard បានបញ្ជាក់​ទៀតថា សាលក្រម​នេះ គ្មាន​តម្លាភាព គ្មាន​យុត្តិធម៌ និង​មិន​ត្រឹមត្រូវ​។ 
 
​លោក Khashoggi ដែលជា​អ្នកកាសែត​សរសេរ​រិះគន់​ខ្លាំងៗ​លើ​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត  ត្រូវបាន​សម្លាប់ និង​សាកសព​ត្រូវ​បានជា​កង់ៗ ដោយ​ក្រុម​ឃាតករ​១៥​នាក់​ក្នុង​ស្ថាន​កុងស៊ុល​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុងប្រទេស​តួ​ក​គី កាលពី​ខែតុលា ឆ្នាំ​២០១៨ ។ បច្ចុប្បន្ន សព​របស់លោក ពុំទាន់​ត្រូវបាន​គេ​រកឃើញ​ឡើយ ។  
 
​រាជធានី រី​យ៉ា​ដ បានចាត់ទុក​ឃាតកម្ម​លើ​អ្នកកាសែត Khashoggi ថា ជា​ប្រតិបត្តិ​ការដែល​រៀបចំឡើង​ដោយ​បុគ្គល​ឬ​អង្គការ​ដែល​មិន​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​របស់ខ្លួន​ឡើយ​។ ក៏ប៉ុន្តែ ភ្នាក់ងារ​ចារកម្ម​អាមេរិក (CIA) និង​ប្រេសិត​ពិសេស​របស់ UN ម្នាក់ បាន​ភ្ជាប់​ករណី​ឃាតកម្ម​នេះ​ដោយផ្ទាល់​ទៅ​ព្រះអង្គម្ចាស់ រជ្ជទាយាទ bin Salman ។  យ៉ាងណាមិញ រដ្ឋាភិបាល​ក្រុង​រី​យ៉ា​ដ​ច្រានចោល​ការចោទប្រកាន់​នេះ​៕
 
 

Tag:
 អា​រ៉ា​ប៊ី​សា​អូឌីត​
  Jamal Khashoggi
© រក្សាសិទ្ធិដោយ thmeythmey.com