ជាតិ
ប្រមុខ UN អរគុណ​នាយករដ្ឋមន្ត្រី​កម្ពុជា ដែលមាន​មនុស្សធម៌​ជួយ​ជន​ងាយ​រងគ្រោះ​ដោយសារ​កូ​វីដ
08, Sep 2020 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស (António Guterres) អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) បាន​ផ្ញើលិខិត​មក​ថ្លែងអំណរគុណ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលមាន​ឆន្ទៈ​ជួយ​សម្រួល​ដល់​ការហោះហើរ​ផ្នែក​មនុស្សធម៌ រួមទាំង អនុញ្ញាត​ឲ្យ​បុគ្គលិក​មនុស្សធម៌​និង​បុគ្គលិក​សុខាភិបាល​របស់​អង្គការសហប្រជាជាតិ ចូលទៅ​កាន់​ប្រទេស​មួយចំនួន​ដើម្បី​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។​


​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) បង្ហាញ​ការរីករាយ​នៅពេល​ដឹងថា កម្ពុជា ចាត់​ឲ្យ​ក្រសួង​និង​អាជ្ញាធរ​ពាក់ព័ន្ធ សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​ស្បៀងអាហារ​ពិភពលោក ក៏ដូចជា​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ និង​ទីភ្នាក់ងារ​មនុស្សធម៌​នានា ដើម្បី​ជួយ​សម្រួល​ដល់​ប្រតិបត្តិ​ការសង្គ្រោះ​ជន​ងាយ​រងគ្រោះ​ដោយសារ​កូ​វីដ​-១៩​។ លោក​បន្ថែមថា លោក រីករាយ​នឹង​បន្តធ្វើ​ការងារ​ជាមួយ​កម្ពុជា ក្នុង​គ្រា​លំបាក​នេះ តាមរយៈ​ការធ្វើការ​រួមគ្នា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ 
 
​លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស បាន​លើកឡើងថា ការគាំទ្រ​របស់​សម្ដេច ហ៊ុន  សែន ក្នុងការ​ប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩ គឺ​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ក្រុមការងារ​មនុស្សធម៌ គ្រូពេទ្យ និង ការដឹក​សម្ភារ​បរិក្ខា​រ​ផ្សេងៗ​។ ការគាំទ្រ​នេះ គឺមាន​សារៈសំខាន់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាតត្បាត​កូ​វីដ​-១៩ ហើយ​បាន​បន្ត​ជួយសង្គ្រោះ​ជីវិត​នៅ​ទីកន្លែង​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​បំផុត​នៅលើ​ពិភពលោក​។ 
 
​តាមរយៈ​លិខិត ធ្វើឡើង កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២០ ប្រមុខ​អង្គការសហប្រជាជាតិ សរសេរថា​៖«​ខ្ញុំ សូម​ថ្លែងអំណរគុណ​ជាពិសេស​ដល់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​ឆន្ទៈ​ក្នុង​ការជួយ​សម្រួល​ដល់​ការហោះហើរ​ផ្នែក​មនុស្សធម៌ ដែល​អនុញ្ញាតឱ្យ​បុគ្គលិក​មនុស្សធម៌ និង​បុគ្គលិក​សុខាភិបាល ចូលទៅ​កាន់​ប្រទេស​មួយចំនួន ដើម្បី​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​បំផុត​»​។  
 
​លោក បន្តថា បច្ចុប្បន្ន ផែនការ​ឆ្លើយតប​មនុ​ស្ស​ធម៌​សកលលោក​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ របស់​អង្គការសហប្រជាជាតិ និង​ដៃគូ​របស់ខ្លួន បានផ្តល់​ជំនួយ​ផ្នែក​សុខភាព​និង​ជំនួយ​សង្គ្រោះ​ជីវិត​ផ្សេងទៀត​ដល់​ប្រទេស​៦៣​។ លោក បន្ថែមថា ប្រទេស​ទាំង​៦៣​នេះ គឺជា​ប្រទេស​ប្រឈមមុខ​នឹង​វិបត្តិ​មនុស្សធម៌​ឬ​ភាពផុយស្រួយ​កម្រិត​ខ្ពស់​៕ 

Tag:
 កូ​វីដ​-១៩
  UN
  António Guterres
© រក្សាសិទ្ធិដោយ thmeythmey.com