សេដ្ឋកិច្ច
អន្តរជាតិ
លោក ត្រាំ បន្តលើកគំនិតលែងចង់ធ្វើពាណិជ្ជកម្មជាមួយចិន លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ក្នុងទិវាពលកម្មអាមេរិក។ រូបភាព៖ AFP
× លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានលើកឡើងជាថ្មីគំនិតលែងចង់ធ្វើជំនួញជាមួយចិន ហើយមិនចង់ឲ្យសេដ្ឋកិច្ចរបស់អាមេរិកមានទំនាក់ទំនងជាមួយសេដ្ឋកិច្ចចិនឡើយ។ លោកអះអាងថា អាមេរិក នឹងមិនខាតបង់ទឹកប្រាក់អ្វីឡើយបើសិនជាមហាអំណាចសេដ្ឋកិច្ចទាំង២នេះ ឈប់ធ្វើពាណិជ្ជកម្មជាមួយគ្នា។
ថ្លែងនៅក្នុងទិវាពលកម្មអាមេរិក នៅថ្ងៃទី៧ ខែកញ្ញា លោក ដូណាល់ ត្រាំ បានសន្យាថា នឹងនាំយកការងារដែលបាត់បង់ត្រឡប់ចូលមកក្នុងស្រុកវិញ។ លោកនិយាយបែបនេះ ដោយសំដៅទៅលើការងារដែលបាត់បង់ក្នុងទឹកដីអាមេរិក ដោយសារតែក្រុមក្រុមហ៊ុនរបស់ខ្លួនទៅវិនិយោគ និងបង្កើតការងារនៅចិនវិញ។ ជាថ្មីម្ដងទៀត លោកត្រាំ បានអះអាងថា គំនិតដែលលែងចង់ឲ្យសេដ្ឋកិច្ចអាមេរិក និងចិនមានទំនាក់ទំនងជាមួយគ្នា គឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ។
«យើងខាតបង់ទឹកប្រាក់រាប់ពាន់លានដុល្លារ ដូច្នេះបើសិនជាយើងមិនធ្វើជំនួញចិន យើងនឹងមិនខាតប្រាក់រាប់លានដុល្លារនោះដែរ»។ លោក ត្រាំ បញ្ជាក់បែបនេះ ជាមួយនឹងការសន្យាថា នាពេលអនាគត រដ្ឋបាលរបស់លោកនឹងហាមប្រាមទីភ្នាក់ងារសហព័ន្ធមិនឲ្យចុះកិច្ចសន្យារកស៊ីជាមួយក្រុមហ៊ុនណាដែលចេញទៅផលិតនៅចិន និងឲ្យចិនទទួលខុសត្រូវចំពោះជំងឺ COVID-19 ដែលកំពុងសាយភាយជុំវិញពិភពលោកផង។
បន្ថែមពីលើនោះ លោក ត្រាំ ក៏ប្ដេជ្ញាថា រដ្ឋបាលលោក នឹងធ្វើឲ្យអាមេរិកក្លាយជាមហាអំណាចផលិតកម្មរបស់ពិភពលោក និងបញ្ចប់ការពឹងពាក់លើចិនទាំងស្រុង។ បើតាមមេដឹកនាំអាមេរិករូបនេះ មិនថាការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយគ្នា ឬការដាក់ពន្ធនាំចូលឡើយ អាមេរិកនឹងបញ្ចប់ការពឹងពាក់លើចិន ព្រោះអាមេរិកមិនអាចពឹងប្រទេសនេះបានទេ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
លោក ក៏គំរាមយកពន្ធលើក្រុមហ៊ុនណាដែលមិនបង្កើតការងារនៅអាមេរិក និងទៅបង្កើតការងារនៅចិន ឬប្រទេសដទៃដែរ។
នេះមិនមែនជាលើកទីមួយដែលលោក ត្រាំ និយាយដល់រឿងឈប់រកស៊ីជាមួយចិន។ ប៉ុន្តែលោកប្រើពាក្យនេះកាន់តែខ្លាំងពេលការបោះឆ្នោតខិតកាន់តែកៀក។ ទាក់ទងរឿងនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin ធ្លាប់លើកឡើងក្នុងខែមិថុនាថា ការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចរវាងអាមេរិក និងចិន អាចនឹងកើតឡើងមែន បើសិនជាក្រុមហ៊ុនអាមេរិកមិនត្រូវបាន អនុញ្ញាតឲ្យប្រកួតប្រជែងដោយយុត្តិធម៌ក្នុងសេដ្ឋកិច្ចចិននោះ។
យ៉ាងណាមិញ គំនិតខាងលើ មិនទទួលបានការគាំទ្រឡើយ។ ទាំងមន្ត្រីអាមេរិក ក៏ដូចជាអ្នកវិភាគសេដ្ឋកិច្ចបាននាំគ្នាអះអាងថា គំនិតដែលចង់ផ្តាច់មិនឲ្យប្រទេសទាំងពីរមានទំនាក់ទំនងសេដ្ឋកិច្ចនឹងគ្នា គឺជារឿងមិនអាចធ្វើទៅរួចឡើយ ដោយហេតុថា សេដ្ឋកិច្ចរបស់ប្រទេសទាំង២ជាប់ជំពាក់ជំពិនគ្នាអស់ហើយ។ ប៉ុន្តែ ទីក្រុងវ៉ាស៊ីនតោន នៅអាចបន្តដាក់សម្ពាធឲ្យទីក្រុងប៉េកាំង បើកផ្លូវឲ្យក្រុមហ៊ុនអាមេរិកធ្វើជំនួញដោយស្មើភាព៕
© រក្សាសិទ្ធិដោយ thmeythmey.com