រដ្ឋមន្ត្រីការបរទេសASEM ៖ វិធានការ​រដ្ឋាភិបាល ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ មិន​ត្រូវយក​ធ្វើជា​មូលហេតុ​កំណត់​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ទេ​
COVID-19
ជាតិ
អន្តរជាតិ
រដ្ឋមន្ត្រីការបរទេសASEM ៖ វិធានការ​រដ្ឋាភិបាល ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ មិន​ត្រូវយក​ធ្វើជា​មូលហេតុ​កំណត់​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ទេ​
08, Sep 2020 , 4:21 pm        
រូបភាព
កិច្ចប្រជុំអាស៊ី-អឺរុប ថ្នាក់រដ្ឋមន្ត្រីការបរទេស នៅប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំ២០១៧ («រូបតំណាង » ដែលបានមកពីវេបសាយ ASEM infoBoard)
កិច្ចប្រជុំអាស៊ី-អឺរុប ថ្នាក់រដ្ឋមន្ត្រីការបរទេស នៅប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំ២០១៧ («រូបតំណាង » ដែលបានមកពីវេបសាយ ASEM infoBoard)
​ភ្នំពេញ​៖ វិធានការ​របស់​រដ្ឋា​ភិ​បាល​នានា ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ នោះ មិន​ត្រូវយក​ធ្វើជា​មូលហេតុ​កំណត់​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ទេ ។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​រួម នៃ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​(ASEM) ស្តីពី​«​ជំងឺ​កូ​វីដ​-១៩ និង​សិទ្ធិមនុស្ស​» លើក​ទី​១៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ ។​

 
រដ្ឋមន្ត្រីការបទេស ASEM បាន​លើកឡើងថា វិធានការ​របស់​បណ្ដា​រាជ​/​រដ្ឋាភិបាល ដែល​ឆ្លើយតប​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ គួរតែ​ការពារ និង​មិន​បំផ្លាញ​សិទ្ធិមនុស្ស​ទេ ខណៈពេលដែល​ត្រូវ​ផ្ដោតលើ​ការជួយ​សង្គ្រោះ​ជីវិត និង​ធានា​សុវត្ថិភាព សុខុមាលភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ រដ្ឋមន្ត្រីការបទេស ASEM បាន​សង្កត់ធ្ងន់ថា វិធានការ​ទាំងនោះ ត្រូវតែមាន​លក្ខណៈ​ចាំបាច់ មិន​លម្អៀង និង​គ្មាន​ការរើសអើង ដែល​ស្របតាម​កាតព្វកិច្ច​សិទ្ធិមនុស្ស​អន្តរជាតិ និង​ច្បាប់​ជាតិ​។​
 
​សេចក្តីថ្លែងការណ៍​រួម នៃ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​(ASEM) ស្តីពី​«​ជំងឺ​កូ​វីដ​-១៩ និង​សិទ្ធិមនុស្ស​» លើក​ទី​១៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​នេះ បាន​លើកយក​ពី​ដំណោះស្រាយ និង​ការប្ដេជ្ញាចិត្ត​២៧​ចំណុច ដូច្នេះ​ថា​៖«​វិធានការ​ទាំងនោះ មិន​ត្រូវយក​ធ្វើជា​មូលហេតុ ដើម្បី​កំណត់​លទ្ធិប្រជាធិបតេយ្យ និង​លំហ​ប្រជាពលរដ្ឋ សិទ្ធិមនុស្ស សេរី​ភាពជា​មូលដ្ឋាន និង​ការគោរព​នីតិរដ្ឋ​ឡើយ​។ យើង​សូម​ថ្កោលទោស​រាល់​សកម្មភាព​ទាំងឡាយណា ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ និង​មិន​ពិត ដែល​បង្ក​គ្រោះថ្នាក់ និង​ធ្វើឱ្យ​សាធារណជន​មានការ​ភាន់ច្រឡំ និង​គ្រោះថ្នាក់​ដល់​សុខភាព​សាធារណៈ ព្រមទាំង​គំរាមកំហែង​ដល់​សិទ្ធិ​ទទួលបាន​បទដ្ឋាន​ខ្ពស់បំផុត​នៃ​សុខភាព​ផ្លូវកាយ និង​ចិត្ត​របស់​ប្រជាពលរដ្ឋ​គ្រប់រូប​»​។​
 
រដ្ឋមន្ត្រីការបទេស ASEM ក៏​ស្នើឱ្យ​គ្រប់ភាគី​ទាំងអស់ សហការគ្នា​ដោះស្រាយ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ដែរ​។ «​ក្រៅពី​ការយកចិត្តទុកដាក់​លើ​វិធានការ​ក្នុងប្រទេស យើង​ទទួលស្គាល់ថា ការប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នឹង​ទាមទារ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​រួមគ្នា សកម្មភាព​នានា​ដ៏​មាន​ប្រសិទ្ធភាព​ពី​សំណាក់​អង្គការ​អន្តរជាតិ​នានា និង​ការគាំទ្រ​ដល់​ពហុភាគី​និយម​ពី​សំណាក់​ដៃគូ ASEM ដោយ​ឈរលើ​គុណ​តម្លៃ និង​គោលការណ៍​របស់​អង្គការសហប្រជាជាតិ​»​។ នេះ​ជាការ​លើកឡើង​របស់រដ្ឋមន្ត្រីការបទេស ASEM​។​
 
រដ្ឋមន្ត្រីការបទេសASEM ក៏​គាំទ្រ​អង្គការសហប្រជាជាតិ ដែល​អំពាវ​ឱ្យមាន​ការទទួលខុសត្រូវ​រួមគ្នា សាមគ្គី​ភាពជា​សាកល និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី ដើម្បី​ឆ្លើយតប​ទៅនឹង​ផលប៉ះពាល់​លើ​ពហុ​វិស័យ​បណ្ដាលមកពី​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​សារៈសំខាន់​នៃ​ការឆ្លើយតប​ផ្នែក​សុខភាព តាម​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក ទៅនឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នេះ​។ «​យើង​ប្ដេជ្ញា​បន្តធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ​អន្តរជាតិ អង្គការ​ក្នុង​តំបន់ និង​ស្ថាប័នហិរញ្ញវត្ថុ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ពង្រីក​បន្ថែមទៀត​នូវ​កិច្ចសហការ​ឆ្ពោះទៅ​ពង្រឹង​ការត្រៀម​លក្ខណៈ​ភាព​ធន់ និង​ការឆ្លើយតប​របស់​យើង​ឱ្យ​កាន់តែ​ប្រសើរឡើង​»​។ នេះ​បើតាម​កិច្ចប្រជុំ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​៕
 
 

Tag:
 ASEM
  កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​
© រក្សាសិទ្ធិដោយ thmeythmey.com