កីឡាជាតិ
ជាតិ
លោក ហែម គី​រី​៖ គ្រូ​ត្រូវ​ស្វែងរក​ចំណេះដឹង​ថ្មី​មក​អនុវត្ត ទើប​អភិវឌ្ឍន៍​សមត្ថភាព​សិស្ស​ឱ្យមាន​គុណភាព​
09, Sep 2020 , 7:59 am        
រូបភាព
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក និងសិក្ខាកាម
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក និងសិក្ខាកាម
ដោយ:
​គ្រូបង្វឹក​បើ​គ្រាន់តែ​បង្ហាត់ ហើយ​មិន​ស្វែងរក​ចំណេះដឹង និង​ការវិវត្ត​ថ្មីៗ​មក​អនុវត្ត​បន្ថែម សមត្ថភាព​របស់​ពួកគេ​នឹង​មិនអាច​រីកចម្រើន​ឡើយ​។ នេះ​ជាការ​លើកឡើង​របស់លោក ហែម គី​រី អគ្គលេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កីឡាហែលទឹក​កម្រិត​ខ្ពស់ កាលពី​សប្តាហ៍​មុន​។

 
​លោក ហែម គី​រី អគ្គលេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​យល់ឃើញថា ការអភិវឌ្ឍន៍​សមត្ថ​ភាព​ត្រូវ​ដើរ​ទន្ទឹមគ្នា​រវាង​ការសិក្សា និង​ការអនុវត្ត​ជាក់ស្តែង​។ បើ​ខ្វះ​កត្តា​ណាមួយ​ក្នុងចំណោម​កត្តា​ទាំងពីរ​នេះ លោក ជឿជាក់ថា គ្រូបង្វឹក​នឹងមិន​អាចមាន​សមត្ថភាព​រីកចម្រើន ហើយ​ការ​បង្វឹក​របស់​ពួកគេ ក៏​ពុំ​ទទួលបាន​លទ្ធផល​ល្អ​ផងដែរ​។ 
 
​សម្រាប់​លោក គី​រី គ្រូបង្វឹក​ម្នាក់​មិនអាច​អង្គុយ​មួយកន្លែង ហើយ​ស្រែកថា ខ្លួន​ចង់​មានការ​រីកចម្រើន​បានទេ ពោលគឺ​ពួកគេ​ត្រូវ​ចេះ​ស្វះស្វែង​សិក្សា ស្រាវជ្រាវ​រក​គំនិត និង​ចំណេះដឹង​ថ្មីៗ ដើម្បី​យកមកអនុវត្ត និង​អភិវឌ្ឍន៍​សមត្ថភាព​បន្ថែមទៀត​។ លោក​ជឿជាក់ថា ការធ្វើ​បែបនេះ​ជា​ផ្លូវ​មួយ​ដ៏​ល្អ​ក្នុង​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​រីកចម្រើន និង​ប្រកប់ដោយ​ប្រសិទ្ធិភាព​។   
«​យើង​អត់​អាច​នៅ​មួយកន្លែង ហើយ​ចេះតែ​ចាប់អារម្មណ៍​ថា យើង​ចង់​អភិវឌ្ឍន៍​ទេ យើង​ត្រូវធ្វើ​ដំណើរ​ទាំងអស់ ទាំង​ការបង្ហាត់​និង​ការរៀន​។ គ្រូ​បើ​គ្រាន់តែ​បង្ហាត់ ហើយ​គាត់​អត់​ស្វែងរក​ចំណេះដឹង​ថ្មីៗ​មក​អនុវត្ត ក៏​មិនអាច​ទៅរួច​ដែរ ព្រោះ​នៅតាម​ប្រទេស​អភិវឌ្ឍន៍ គេ​សិក្សា​ស្រាវជ្រាវ និង​ធ្វើការ​តាម​អន​ឡាញ ដូច្នេះ​យើង​ត្រូវ​ដើរ​ឲ្យ​ទាន់​គេ​»​។ លោក ហែម គី​រី លើកឡើង​បែបនេះ ក្រោយ​បិទ​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កីឡាហែលទឹក​កម្រិត​ខ្ពស់ ដែល​ធ្វើឡើង​តាម​ប្រព័ន្ធ​អន​ឡាញ កាលពីពេល​ថ្មីៗ​។ 
 
​ក្រោយ​ឆ្លងកាត់​ការបណ្តុះបណ្តាល​រយៈពេល​៤​ថ្ងៃ​សិក្ខាកាម​ទាំង​១៨​រូប ទទួលបាន​ការវាយតម្លៃ​ខ្ពស់​ពី​ថ្នាក់ដឹកនាំ​សហព័ន្ធ និង​គ្រូឧទ្ទេស James Richards ពាក់ព័ន្ធ​ការខិតខំ និង​ការយល់ដឹង​របស់​ពួកគេ​។ បើតាម​លោក គី​រី គ្រូបង្វឹក​ជនជាតិ​អង់គ្លេស​រូបនេះ បាន​វាយតម្លៃ​តាម​អន​ឡាញ​ថា សិក្ខាកាម​៩០​ភាគរយ​មានការ​យកចិត្តទុកដាក់​រៀន និង​ទទួលបាន​ចំណេះដឹង​ពី​លោក​។​
 
​លោក ហែម គី​រី ចាត់ទុក​វគ្គ​បណ្តុះបណ្តាល​នេះ​ជា​វគ្គ​បណ្តុះបណ្តាល​មួយ​ដ៏​សំខាន់​ក្នុង​ការជួយ​បង្កើន​សមត្ថភាព​របស់​សិក្ខាកាម ដែលជា​គ្រូបង្វឹក​មកពី​តាម​បណ្តាល​ក្លិប​-​សមាគម​នានា​នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​។ លើសពីនេះ វា​ជា​គន្លឹះ​ជំនួយ​សា្មរ​តី​ក្នុង​ការរៀបចំ និង​ស្វែងរក​ចំណុច​អាចទៅរួច និង​មិនអាច​ទៅ​រួម​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​កីឡាហែលទឹក​នៅ​កម្ពុជា​។   
 
​លោក​បាន​បន្ថែមថា​៖«​ការរៀប​ចំការ​ផែនការ​ហ្វឹកហាត់ និង​ការអភិវឌ្ឍន៍​កីឡាករ​រយៈពេល​វែង ជា​បេះដូង នៃ​ការអភិវឌ្ឍន៍​វិស័យ​កីឡា ក៏ដូចជា​កីឡាហែលទឹក​។ ការរៀន​រយៈពេល​៤​ថ្ងៃ មាន​ចំណុច​ពីរ​នេះ ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្ពស់ សិក្ខាកាម​មានការ​សួរ ចោទ​ជាមួយ​គ្រូបង្វឹក ហើយក៏​មានការ​ជជែក​វែកញែក​គ្នា​ពី​ការអភិវឌ្ឍន៍​វិស័យ​កីឡាហែលទឹក ដោយសារ​ការបង្ហាញ​ពី​គ្រូឧទ្ទេស គឺ​គាត់​ជា​ប្រទេស​អភិវឌ្ឍន៍​»​។  
 
​វគ្គ​បណ្តុះបណ្តាល​នេះ ធ្វើឡើង​តាម​ប្រព័ន្ធ​អន​ឡាញ​ចាប់ពី​ថ្ងៃទី​១-៤ កញ្ញា ឆ្នាំ​២០២០ នៅ​ទីស្នាក់ការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ដោយមាន​សិក្ខាកាម​ចំនួន​១៨​រូប​ចូលរួម ហើយ​ពួកគេ​សុទ្ធសឹង​ជា​គ្រូបង្វឹក ដែល​ធ្លាប់​ឆ្លងកាត់​ការបណ្តុះបណ្តាល​វគ្គ​គ្រូបង្វឹក​កម្រិត​មូលដ្ឋាន និង​មធ្យម​នាពេល​កន្លងទៅ​។ ក្នុងចំណោម​សិក្ខាកាម​ទាំងនេះ​មាន​សិក្ខាកាម​ពីររូប​មកពី​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​៕   
 

Tag:
 ហែល​ទឹក​
  ហែម គី​រី
© រក្សាសិទ្ធិដោយ thmeythmey.com