COVID-19
អន្តរជាតិ
របាយការណ៍​៖ ករណី​ស្លាប់​១៣​ភាគរយ នៅ​អឺរ៉ុប​បណ្តាលមកពី​ការបំពុល​បរិស្ថាន​
16, Sep 2020 , 8:30 am        
រូបភាព
ផ្សែងបង្ហុយចេញពីរោងចក្រឧស្សាហកម្ម។ រូបតំណាង។ រូបភាព៖ AFP
ផ្សែងបង្ហុយចេញពីរោងចក្រឧស្សាហកម្ម។ រូបតំណាង។ រូបភាព៖ AFP
ដោយ:
របាយការណ៍​របស់​ទីភ្នាក់ងារ​បរិស្ថាន​អឺរ៉ុប​(EEA) បាន​បង្ហាញថា​មនុស្ស​ម្នាក់​ក្នុងចំណោម​៨​នាក់​(​ឬ​១៣​ភាគរយ​)​ស្លាប់​ដោយមាន​ការពាក់ព័ន្ធ​ទៅនឹង​ការបំពុល​បរិស្ថាន​។ របាយការណ៍ដែលបាន​ចេញ​កាលពីថ្ងៃទី​៧ ខែកញ្ញា​ ក៏បាន​ទាញ​ចំណាប់អារម្មណ៍​ឲ្យ​យកចិត្តទុកដាក់​ពី​កត្តា​សុខភាព និង​បរិស្ថាន ក្នុងពេល​មាន​ជំងឺឆ្លង​រាតត្បាត​COVID-19​ផងដែរ​។​



​របាយការណ៍​របស់​ទីភ្នាក់ងារ​បរិស្ថាន​អឺរ៉ុប បាន​គូសបញ្ជាក់ថា​ប្រជាជន​រស់នៅក្នុង​សហភាព​អឺរ៉ុប ប្រឈមមុខ​ជាប្រចាំ​ទៅនឹង​គ្រោះ​បំពុលបរិស្ថាន​ដូចជា​ខ្យល់​បំពុល សម្លេង និង​សារ​ធាតុគីមី​។​ចំណែកឯ ការផ្ទុះ​ឡើង​នៃ​ជំងឺ​COVID-19 ត្រូវបាន​របាយការណ៍​នេះ​ទាញយក​ជា​ឧទាហរណ៍​នៃ​ការពាក់ព័ន្ធគ្នា​រវាង​សុខភាព​មនុស្ស និង​សុខភាព​ប្រព័ន្ធ​អេកូឡូស៊ី​។​
 
​របាយការណ៍​នេះ បាន​ចង្អុល​បញ្ជាក់ថា ការលេចចេញ​វត្ត​មាននៃ​មេរោគ​ដែល​ចម្លងជំងឺ​ពីស​ត្វ​ទៅ​មនុស្ស​(Zoonosis) មាន​ការជាប់​ពាក់ព័ន្ធ​នៅ​នឹង​ការ​ខូច​រិច​រិល​បរិស្ថាន និង​សកម្មភាព​របស់​មនុស្ស​ជាមួយ​សត្វ​នៅក្នុង​ប្រព័ន្ធ​ចំណីអាហារ​។​
 
​ក្នុងចំណោម​ប្រទេស​ទាំង​២៧​ក្នុង​សហភាព​អឺរ៉ុប រួមទាំង​ចក្រភព​អង់គ្លេស​ផងដែរ អ្នកស្លាប់​ចំនួន​៦​សែន​៣​ម៉ឺន​នាក់​មានការ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​កត្តា​បំពុលបរិស្ថាន នេះ​យោងតាម​ទិន្ន័យ​ចុងក្រោយ​ដែល​ទីភ្នាក់ងារ​បរិស្ថាន​អឺរ៉ុប​មាន​ត្រឹម​ឆ្នាំ​២០១២​។​
 
​របាយការណ៍​ខាងលើ ក៏​បង្ហាញ​ផងដែរ​ពី​ភាពខុសគ្នា​នៃ​ផលប៉ះពាល់​បរិស្ថាន​ទៅលើ​ជីវិត​មនុស្ស នៅតាម​ប្រទេស​នីមួយៗ​។ គេ​កត់សម្គាល់​ឃើញថា ចំនួន​អ្នកស្លាប់​ដោយសារ​បរិស្ថាន​នៅ​អឺរ៉ុប​ខាងលិច មាន​ចំនួន​តិចជាង​នៅ​អឺរ៉ុប​ខាងកើត ដែល​វិស័យ​ថាមពល​របស់​បណ្តារ​ប្រទេស​ទាំងនោះ​អាស្រ័យ​ខ្លាំង​ទៅលើ​ហ្វូ​ស៊ី​ល​ឥន្ធនៈ​ដូចជា​ធ្បូ​ង​ថ្ម​ជាដើម​។ 
 
​ជាក់ស្តែង រ៉ូ​ម៉ា​នី​ដែលជា​ប្រទេស​ស្ថិតនៅ​ខាងកើត មាន​ចំនួន​អ្នកស្លាប់​ដោយសារ​កត្តាបរិស្ថាន​ដល់​ទៅ​២០​ភាគរយ ធៀប​ទៅនឹង​ស៊ុយអែត​ដែលមាន​ត្រឹមតែ​១០​ភាគរយ​ប៉ុណ្ណោះ​។​
​ការបំពុល​បរិស្ថាន​ត្រូវ​ចាត់ទុកថា​មានការ​ពាក់ព័ន្ធ​យ៉ាង​ចម្បង​ទៅនឹង​ជំងឺមហារីក ជំងឺ​បេះដូង និង​ជំងឺ​ផ្លូវដង្ហើម​។​ភ្នាក់ងារ​បរិស្ថាន​បាន​សង្កត់ធ្ងន់ថា ករណី​ស្លាប់​ទាំងនោះ​អាច​ជៀសវាង​បាន តាមរយៈ​ការកាត់បន្ថយ​គ្រោះថ្នាក់​ដែល​បណ្តាលមកពី​ការបំពុល​បរិស្ថាន​។​
 
​យោងតាម​ទីភ្នាក់ងារ​បរិស្ថាន គេ​អាច​លើកកម្ពស់​សុខភាព និង​បរិស្ថាន​នៅ​អឺរ៉ុប​បាន​តាមរយៈ​ការបង្កើត​តំបន់​បៃតង និង​ខៀវ ដែល​រួមបញ្ចូល​ដើមឈើ និង​ទឹក ដើម្បី​កាត់បន្ថយ​កម្តៅ​នៅក្នុង​ទីក្រុង គ្រោះទឹកជំនន់ ការរំខាន​ដោយ​សម្លេង និង​គាំទ្រ​ជីវចម្រុះ​ក្នុង​ទីក្រុង​។​
 
​ក្រៅតែពី​នេះ គេ​អាចបង្កើត​តំបន់​សាធារណៈ​ដែលមាន​ដើមឈើ​ក្នុង​ទីក្រុង ដើម្បី​អាច​សម្រាក និង​ហាត់ប្រាណ ដែល​ជម្រុញ​សកម្មភាព​បែប​សហគម ដែល​អាច​កាត់បន្ថយ​ការរស់នៅ​តែ​ឯកឯង​។​បន្ថែម​ពីនេះ គេ​ក៏​គួរ​កាត់បន្ថយ​ការធ្វើដំណើរ កាត់បន្ថយ​ការបរិភោគ​សាច់ និង​លែង​ផ្តល់​ការ​ឧ​ប​ត្ត​ម្ភ​ធន​ដល់​ឧស្សាហកម្ម​ដែល​ប្រើប្រាស់​ហ្វូ​ស៊ី​ល​ឥន្ធនៈ​៕

© រក្សាសិទ្ធិដោយ thmeythmey.com