អន្តរជាតិ
លោកស្រី​ការី ឡាំ​៖ ប្រជាជន​ហុងកុង​ដែល​ត្រូវ​ចាប់ខ្លួន​ពេល​ភៀសខ្លួន​ទៅ​តៃវ៉ាន់ នឹង​ឡើង​តុលាការ​ចិន​
08, Sep 2020 , 11:29 pm        
រូបភាព
លោកស្រីការី​ ឡាំ ប្រធានប្រតិបត្តិទីក្រុងហុងកុង ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅក្នុងទីក្រុងហុងកុង នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។ រូបភាព៖ Reuters
លោកស្រីការី​ ឡាំ ប្រធានប្រតិបត្តិទីក្រុងហុងកុង ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅក្នុងទីក្រុងហុងកុង នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។ រូបភាព៖ Reuters
​ប្រមុខ​ហុងកុង លោកស្រី ការី ឡាំ នៅ​ថ្ងៃទី​៨ ខែកញ្ញា បាន​បញ្ជាក់ថា ប្រជាជន​ហុងកុង​ចំនួន ១២​នាក់ ត្រូវបាន​ចាប់ខ្លួន​ដោយ​អាជ្ញាធរ​ចិន ពេល​កំពុង​ជិះទូក​ទៅកាន់​កោះ​តៃវ៉ាន់ ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ​។ បើតាម​ការអះអាង​រប​ស់​ប្រមុខ​ហុងកុង អ្នក​ទាំងនោះ នឹងត្រូវ​កាត់ទោស​ដោយ​តុលាការ​ចិន មិនមែន​នៅ​ហុងកុង​ឡើយ​។ ប៉ុន្តែ​រដ្ឋាភិបាល​ហុងកុង នឹង​បញ្ជូន​តំណាង​មេធាវី​ទៅ​ជួយ​សម្របសម្រួល​។

 
​អាជ្ញាធរ​ចិន​នៃ​ខេត្ត​គ័ង​តុង នៅ​ថ្ងៃទី​២៣ ខែសីហា​កន្លងទៅ បាន​ចាប់ខ្លួន ប្រជាជន​ហុងកុង​ចំនួន ១២​នាក់ ដែល​ប៉ុនប៉ង​រត់គេច​ទៅកាន់​កោះ​តៃវ៉ាន់ ដើម្បី​ទទួលបាន​សិទ្ធិ​ជ្រកកោន​នយោបាយ បន្ទាប់ពី​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង បាន​ចូល​ជា​ធរមាន​។ ទូក​របស់​អ្នក​ទាំង​១២​នាក់​នេះ ត្រូវបាន​អាជ្ញាធរ​ចិន​ឃាត់​នៅ​ឆ្នេរ​នៃ​ខេត្ត​ភាគខាងត្បូង​មួយ​នេះ​។ 
 
​បើទោះបីជា​អ្នក​ទាំង​១២​នាក់​នោះ​ជា​ពលរដ្ឋ​ហុងកុង​មែន ហុងកុង​មិន​ទទួលខុសត្រូវ​លើ​បញ្ហា​នេះឡើយ ព្រោះ​ស្ថិតក្រោម​យុត្តាធិការ​របស់​ចិន​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​៨ ខែកញ្ញា លោកស្រី​ការី ឡាំ ប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុងកុង បញ្ជាក់​ដូច្នេះ​ថា​៖ «​ប្រសិនបើ​ប្រជាជន​ហុងកុង​ត្រូវបាន​ចាប់ខ្លួន ដោយសារ​បំពាន​ច្បាប់​ចិនដីគោក អ្នក​ទាំងនោះ ត្រូវតែ​ដោះស្រាយ​ទៅតាម​ច្បាប់​ចិន​គោក និង​ផ្អែក​តាម​ប្រព័ន្ធ​យុត្តាធិការ​ចិន មុនពេល​មាន​អ្វី​ផ្សេងទៀត​កើតឡើង​»​។  
 
​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ហុងកុង នឹង​បញ្ជូន​តំណាង​មេធាវី​ទៅ​ជួយ​អ្នក​ទាំងនោះ​។ បើតាម​លោកស្រី​ការី ឡាំ ប្រសិនបើ​ប្រជាជន​ហុងកុង ត្រូវបាន​ចាប់​ដោយសារ​បទល្មើស​ណាមួយ ការិយាល័យ​តំណាង​រដ្ឋាភិបាល​ហុងកុង នៅ​ទីក្រុង​គ័ង​ចូ​វ នឹង​ទទួលខុសត្រូវ​លើ​បញ្ហា​នេះ​។ ប៉ុន្តែ​ទីភ្នាក់ងារ​ព័ត៌មាន​AFP បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​៧ ខែកញ្ញា ថា មេធាវី​មួយចំនួន ដែល​តំណាង​ឲ្យ​អ្នក​ត្រូវបាន​ចាប់ខ្លួន​ទាំងនោះ បាន​បដិសេធ​មិន​តំណាង​ឲ្យ​ពួកគេ​ឡើយ​។ 
 
​សូមបញ្ជាក់ថា អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំង ១២​នាក់​នោះ មិនត្រូវ​បាន​គេ​បញ្ចេញ​អត្តសញ្ញាណ​ទេ ប៉ុន្តែ​សារព័ត៌មាន​ក្នុងស្រុក បាន​ចុះផ្សាយ​ថា អ្នក​ទាំងនោះ ជាប់​ពាក់ព័ន្ធ​ការធ្វើ​បាតុកម្ម​នៅក្នុង​ឆ្នាំ ២០១៩​។ ការចាប់ខ្លួន​នេះ ត្រូវបាន​ឆ្មាំ​សមុទ្រ​ខេត្ត​គ័ង​តុង ប្រកាស​នៅលើ​បណ្តាញ​សង្គម​របស់ខ្លួន នៅ​ថ្ងៃទី​២៦ ខែសីហា​។​
 
​តៃវ៉ាន់ បាន​ក្លាយជា​គោលដៅ​ស្វែង​មួយ​របស់​សកម្មជន​ហុងកុង​ដែល​ចង់​រត់គេចខ្លួន​ពី​ការរំលោភបំពាន​នៅ​ហុងកុង​។ ដែន​កោះ ថែមទាំង​បង្កើត​ការិយាល័យ​មួយ​ទទួលបន្ទុក​ប្រជាជន​ហុងកុង​ដែល​សុំ​សិទ្ធិ​ជ្រកកោន​ផងដែរ​។ បណ្ដា​ប្រទេស​ប៉ែក​អឺរ៉ុប និង​អូស្ត្រាលី​ជាដើម ក៏​ជា​គោលដៅ​ភៀសខ្លួន​ដែរ​៕

Tag:
 ហុងកុង​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com