COVID-19
អន្តរជាតិ
៦ខែដើមឆ្នាំ២០២០ ទំហំពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី មាន២ពាន់លានដុល្លារ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក ម៉ៃឃើល តាន់ អគ្គរដ្ឋទូតសិង្ហបុរីនាពិធីនៅថ្ងៃទី៨ ខែកញ្ញា។
× ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សិង្ហបុរី មានចំនួន២ពាន់លានដុល្លារនៅត្រឹម៦ខែក្នុងឆ្នាំ២០២០ ។ នេះជាការលើកឡើងរបស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជានៅថ្ងៃទី៨ ខែកញ្ញា ក្នុងពិធីប្រគល់ផ្ទាំងគំនូរ និងថវិកាដែលបានមកពីការលក់គំនូរចំនួន១១ផ្ទាំង ដល់អង្គការចំនួនពីរនៅស្ថានទូតសិង្ហបុរី។
ទោះជាជំងឺ COVID-19 កំពុងវាយលុកក្ដី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស មើលឃើញថា ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរី នៅតែបន្តដំណើរការដូចធម្មតា។ លោកថា ខណៈការធ្វើពាណិជ្ជកម្មនៅតែមាន គិតត្រឹមខែមិថុនា ឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរីមាន២ពាន់លានដុល្លារ។
ថ្លែងក្នុងពិធីប្រគល់ផ្ទាំងគំនូរ និងថវិកាដែលបានមកការលក់គំនូរចំនួន១១ផ្ទាំង ដល់អង្គការចំនួនពីរនៅស្ថានទូតសិង្ហបុរីនៅថ្ងៃទី៨ ខែកញ្ញា ប្រមុខការទូតកម្ពុជា បន្តថា ទំនាក់ទំនងទ្វេភាគី ត្រូវបានពង្រឹង និងកាន់តែស៊ីជម្រៅ។ ទំនាក់ទំនងទ្វេភាគីនេះ ត្រូវបានមើលឃើញតាមរយៈការផ្លាស់ប្ដូរកម្រិតខ្ពស់ និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។
ឆ្នាំ២០២០ ជាខួបទី៥៥ នៃការបង្កើតចំណងការទូតកម្ពុជា និងសិង្ហបុរី។ ប្រទេសទាំងពីរ ក៏បានរៀបចំមហោស្រពសិល្បៈតាមដងវិថីនៅខែកុម្ភៈ ដែលក្នុងនោះផ្ទាំងគំនូរ១១ខាងលើ ត្រូវបានគូរដោយវិចិត្រករខ្មែរកាត់កាណាដា Fonki និងអ្នកគូររូបសិង្ហបុរី Yip Yew Chong ។ ផ្ទាំងគំនូរទាំងអស់ ត្រូវបានទិញដោយសប្បុរសជននានា ហើយថវិកាចំនួន៧ម៉ឺនដុល្លារដែលទទួលបានពីការលក់ និងកម្មវិធីមហោស្រពនេះ ត្រូវបានប្រគល់ឲ្យមូលនិធិកុមារកម្ពុជា និងអង្គការសិល្បៈអមតកម្ពុជា។
អគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា លោក ម៉ៃឃើល តាន់ និយាយថា ទំនាក់ទំនងទ្វេភាគី បានឡើងដល់ចំណុចខ្ពស់នៅឆ្នាំ២០១៨ និង២០១៩ ជាមួយនឹងការកើនឡើងទំហំពាណិជ្ជកម្ម ការវិនិយោគដោយផ្ទាល់ វិស័យទេសចរណ៍ និងការបណ្ដុះបណ្ដាល។ លោកបន្តថា នៅឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរីមានដល់៤,២ពាន់លានដុល្លារឯណោះ ដោយឈរនៅលេខ៩។
«សិង្ហបុរី ឈរលំដាប់ទីបួនជាប្រទេសវិនិយោគច្រើនជាងគេនៅកម្ពុជា។» លោក តាន់ បញ្ជាក់បែបនេះ ហើយសង្ឃឹមថា កិច្ចសហប្រតិបត្តិការទ្វេភាគី នឹងកាន់តែល្អប្រសើរ។ បើតាមទិន្នន័យដែលផ្ដល់ដោយស្ថានទូតសិង្ហបុរី គិតតាំងពីឆ្នាំ១៩៩៤ ការវិនិយោគរបស់សិង្ហបុរីនៅកម្ពុជាមាន២,០៣ពាន់លានដុល្លារ។ នៅឆ្នាំ២០១៩ សិង្ហបុរី ក៏ជួយដល់ការបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជាចំនួន៩៩០០នាក់ផងដែរ៕
Tag:
កម្ពុជា
សិង្ហបុរី
ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com