អន្តរជាតិ
តៃវ៉ាន់ អំពាវនាវ​ឲ្យ​សម្ព័ន្ធមិត្ត​ទប់ស្កាត់​សកម្មភាព​អុង​អាត់​របស់​ប្រទេស​ខ្លះ​ក្នុង​តំបន់​
08, Sep 2020 , 6:09 pm        
រូបភាព
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen។ រូបភាព៖ Reuters
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen។ រូបភាព៖ Reuters
​ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី Tsai Ing-wen នៅ​ថ្ងៃទី​៨ ខែកញ្ញា បាន​អំពាវនាវ​ឲ្យ​ប្រទេស​សម្ព័ន្ធមិត្ត​កាន់​របប​ប្រជាធិបតេយ្យ ប្រឆាំង​សកម្មភាព​អុង​អាត់​របស់​ប្រទេស​មួយចំនួន និង​ការពារ​សេរីភាព​នៅក្នុង​តំបន់​។ ការលើកឡើង​របស់លោក​ស្រី​ប្រមុខ​តៃវ៉ាន់​បែបនេះ ធ្វើឡើង​ស្របពេល​ចិន កំពុង​បង្កើន​សមយុទ្ធ​យោធា​របស់ខ្លួន​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង សមុទ្រ​ចិន​ខាងកើត និង​ច្រក​សមុទ្រ​តៃវ៉ាន់​ជាដើម​។

 
​ថ្លែង​នៅក្នុង​វេទិកា​មួយ ដែលមាន​ការចូលរួម​ពី​មន្ត្រី​សន្តិសុខ​តៃវ៉ាន់ និង​អ្នកការទូត​ជាន់ខ្ពស់​របស់​ប្រទេស​លោកខាងលិច​មួយចំនួន  ប្រមុខ​ដឹកនាំ​តៃវ៉ាន់ Tsai Ing-wen បាន​អះអាងថា តៃវ៉ាន់ បាន​ឈរ​នៅ​តំបន់​ជួរមុខ​នៃ​ការការពារ​លទ្ធិប្រជាធិបតេយ្យ​ពី​«​ការឈ្លានពាន​របស់​ជ​ន​ផ្តាច់ការ​»​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ដោយ​ចង់​សំដៅ​ចិន លោកស្រី Tsai បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ « ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​យោ​ធូប​នីយកម្ម​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ការកើនឡើង​នៃ​យុទ្ធវិធី​តំបន់​ប្រផេះ នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​សមុទ្រ​ចិន​ខាងកើត ការទូត​ចាប់បង្ខំ ដែល​បាន​ប្រើប្រាស់​ប្រាស់​ប្រឆាំង​លើ​ប្រទេស និង​ក្រុមហ៊ុន​មួយចំនួន​...​កំពុង​បង្ក​ឲ្យ​មាន​អស្ថិរភាព​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​»​។ 
 
​ក្នុងន័យនេះ ប្រមុខ​តៃវ៉ាន់ បាន​ទទូច​ឲ្យ​ប្រទេស​ដែលមាន​ប្រជាធិបតេយ្យ​ដូចគ្នា​នៅក្នុង​តំបន់​អាស៊ី និង​តំបន់​ផ្សេងទៀត គិតគូ​ពី​ចំណាត់ការ និង​យុទ្ធសាស្ត្រ​មួយចំនួន ដើម្បី​ទប់ស្កាត់​សកម្មភាព​បំពាន​គេឯង​បែបនេះ​។ ជាមួយគ្នា​ដែរ លោកស្រី Tsai បាន​បន្តថា យុទ្ធសាស្ត្រ​ទាំងនោះ ត្រូវតែ​ជៀសវាង​ការធ្វើ​សង្គ្រាម និង​ការពារ​លទ្ធិប្រជាធិបតេយ្យ តាមរយៈ​កិច្ចសហប្រតិបត្តិការ តម្លាភាព កិច្ចចរចា​ជាដើម​។​
 
​សូមបញ្ជាក់ថា ចិន បាន​បង្កើន​សមយុទ្ធ​យោធា​របស់ខ្លួន​យ៉ាងខ្លាំង​មួយរយៈ​ចុងក្រោយ​នេះ​។ ថ្មីៗ​នេះ ចិន​ទើបតែ​បញ្ចប់​សមយុទ្ធ​យោធា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​ច្រក​សមុទ្រ​តៃវ៉ាន់​។ បន្ថែម​ពីនេះ ចិន នៅ​ថ្ងៃទី​៧ ខែកញ្ញា ក៏បាន​ចាប់ផ្តើម​សមយុទ្ធ​យោធា​នៅក្នុង​សមុទ្រ Bohai ភាគ​ខាងកើត​ប្រទេស និង​សមយុទ្ធ​នៅ​តំបន់​សមុទ្រ​ផ្សេងទៀត ដែល​ធ្វើ​នៅ​ថ្ងៃទី​៨ ខែកញ្ញា និង​ថ្ងៃទី​៩ ខែកញ្ញា​។ 
 
​សមយុទ្ធ​នេះ ក៏មាន​វត្តមាន​របស់​នាវា​ដឹក​យន្តហោះ​ចម្បាំង​ចិន​ទាំងពីរ​គ្រឿង​របស់​ចិន​ផងដែរ​។ សមយុទ្ធ​ទាំងនេះ មិនបាន​ធ្វើ​ឲ្យ​តៃវ៉ាន់​ស្ងប់ចិត្ត​ទេ ហើយ​ថែមទាំង​ធ្វើ​ឲ្យ​ដែន​កោះ​មួយ​នេះ បារម្ភ​ពី​បញ្ហា​សន្តិសុខ​ថែមទៀត​៕
 

Tag:
 តៃវ៉ាន់​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com