សង្គមជាតិ
អូស្ត្រាលីជួយក្រុងព្រះសីហនុអភិវឌ្ឍគម្រោង«ទីក្រុងឆ្លាតវៃ» ឆ្លើយតបនឹងការអភិវឌ្ឍយ៉ាងគំហុក
08, Sep 2020 , 5:24 pm        
រូបភាព
ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជាលោក Pablo Kang នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយសារព័ត៌មានថ្មីៗកាលពីដើមខែកញ្ញា។​ (រូបភាព៖ សែម វណ្ណា)
ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជាលោក Pablo Kang នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយសារព័ត៌មានថ្មីៗកាលពីដើមខែកញ្ញា។​ (រូបភាព៖ សែម វណ្ណា)
ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលីកំពុងជួយរដ្ឋាភិបាលកម្ពុជាអភិវឌ្ឍ«គម្រោងទីក្រុងឆ្លាត»ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍរហ័សនៃទីក្រុងព្រះសីហនុ និងផ្តល់ការគាំទ្របច្ចេកទេសជំរុញការដោះស្រាយបញ្ហាសុវត្ថិភាពសំណង់នៅកម្ពុជាទាំងមូលផង។--
 
ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជាលោក Pablo Kang បានថ្លែងថា រដ្ឋាភិបាលអូស្ត្រាលីកំពុងយកចិត្តទុកដាក់ជួយរដ្ឋាភិបាលកម្ពុជា ជាពិសេសរដ្ឋបាលខេត្តព្រះសីហនុដើម្បីធានាការអនុវត្តគម្រោងទីក្រុងឆ្លាតដើម្បី ដោះស្រាយបានបញ្ហាដែលកើតចេញពីការអភិវឌ្ឍយ៉ាងគំហុក។ 
 
«ក្រុងព្រះសីហនុផ្លាស់ប្តូរទាំងស្រុងក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ។ ក្រុងព្រះសីហនុផ្លាស់ប្តូរ ឆាប់រហ័សខ្លាំងដោយទីក្រុងទាំងមូលសម្បូរទៅដោយអាគារខ្ពស់ៗ ស្កេកស្កះ រួមជាមួយសំណង់អាគារជាច្រើនដែលស្ថិតក្រោមការសាងសង់ទៀត»។ លោក Pablo Kang ថ្លែងបែបនេះក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយសារព័ត៌មានថ្មីៗ។ 
 
ទន្ទឹមនឹងការរីកចម្រើន និងកំណើននៃអាគារខ្ពស់ៗ ឯកអគ្គរាជទូតរូបនេះបានសង្កត់ធ្ងន់ថា វាក៏កើតមានឡើងបញ្ហាប្រឈមនានាជាពិសេសបញ្ហាហេដ្ឋារចនាសម្ព័ន្ធ និងផលប៉ះពាល់ផ្សេងទៀតនៅក្នុងទីក្រុង។ 
«ជាជំហរខ្ញុំផ្ទាល់ វាហាក់ចម្លែកបន្តិច នៅពេលដែលយើងឃើញមានសំណង់ទំនើបល្អៗ ដែលនៅព័ទ្ធជុំវិញទៅដោយផ្លូវកខ្វក់នោះ»។ នេះជាការលើកឡើងរបស់លោក Pablo Kang។
 
«ដូច្នេះហើយ រដ្ឋាភិបាលអូស្ត្រាលីកំពុងសហការជាមួយរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុដើម្បីស្វែងរកវិធីដើម្បីធ្វើយ៉ាងណាអាចធានាថា ក្រុងព្រះសីហនុត្រូវអភិវឌ្ឍក្នុងទម្រង់មួយដែលមានភាពឆ្លាតវ័យ»។ លោកថ្លែងបន្តដូច្នេះ។
 
តាមពិតទៅ ក្រុងព្រះសីហនុស្គាល់ការអភិវឌ្ឍយ៉ាងកំហុគដោយសារការកើនឡើងនៃវិនិយោគទុកពីចិនរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ហើយអ្វីដែលសំខាន់ហេដ្ឋារចនាសម្ព័ន្ធជាពិសេសផ្លូវនៅក្នុងក្រុងរងការខូចខាតយ៉ាងដំណំ។ ដូច្នេះហើយ រដ្ឋាភិបាលបានកម្ពុជាសម្រេចអនុញ្ញាតឲ្យមានការកសាងផ្លូវទាំង ៣៤ ខែ្សនោះឡើងវិញ ដោយប្រើប្រាស់ថវិការដ្ឋាភិបាលប្រមាណ ៣០០ លានដុល្លារ ដោយដំណើរការនៃការសាងសង់ចាប់ផ្តើមពីខែវិច្ឆិកាឆ្នាំ ២០១៩។ 
 
ទាក់ទិននឹងការអនុវត្តគម្រោងទីក្រុងឆ្លាតវ័យនេះ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុលោក ឃាង ភារម្យ បានប្រាប់សារព័ត៌មានថ្មីៗ វាស្ថិតនៅក្នុងចក្ខុវិស័យមួយស្ថិតក្នុងផែនការអភិវឌ្ឍខេត្តសម្រាប់ឆ្នាំ ២០៣០ របស់រដ្ឋាភិបាលកម្ពុជា។ 
 
អ្នកនាំពាក្យរូបនេះបន្តថា រដ្ឋបាលខេត្តព្រះសីហនុពេញចិត្ត និងអរគុណចំពោះជំនួយរដ្ឋាភិបាលអូស្ត្រាលីក្នុងគម្រោងអភិវឌ្ឍទីក្រុងឆ្លាតវ័យ ដ្បិតថា វាផ្តោតការគាំទ្រលើការបណ្តុះបណ្តាលធនធានមនុស្សដែលជាប្រយោជន៍យូរអង្វែងសម្រាប់ការអភិវឌ្ឍដោយនិរន្តភាព។
 
យ៉ាងណាមិញ អ្នកនាំពាក្យរូបនេះសង្កត់ធ្ងន់ដែរថា រដ្ឋបាលខេត្តក៏បើកទូលាយ និងស្វាគមន៍រាល់ការជួយជ្រោមជ្រែងក្នុងការអភិវឌ្ឍខេត្តពីគ្រប់មជ្ឈដ្ឋានជាពិសេសបណ្តាប្រទេសជាមិត្តទាំងអស់ មិនថាតែអូស្ត្រាលីទេ។ 
លោកថ្លែងដូច្នេះ៖ «យើងបើកទូលាយចំពោះប្រទេសជាមិត្តដែលមានឆន្ទៈនិងសមានចិត្តចង់ជួយអភិវឌ្ឍខេត្តឲ្យមានភាពសម្បូរបែប និងមានសក្តានុពលសេដ្ឋកិច្ច។ [កាលណា] យើងមានគំនិតយោបល់ជាធាតុចូលច្រើន វាធ្វើឲ្យការសម្រេចចិត្តរបស់យើងមានភាពច្បាស់លាស់ និងមានភាពត្រឹមត្រូវដូចគ្នា»។ 
 
ជុំវិញការផ្តល់ជំនួយនេះដែរ អ្នកនាំពាក្យរូបនេះពន្យល់ថា ការអភិវឌ្ឍទីក្រុងព្រះសីហនុទាំងមូលវាមានតម្រូវការធំណាស់។ ដូច្នេះហើយវាចាំបាច់ត្រូវមានការគាំទ្រទាំងបច្ចេកទេស ថែមទាំងថវិកា និងសម្ភារជាដើម ហើយកន្លងមករដ្ឋបាលខេត្តក៏បានព្យាយាមកៀងគររកជំនួយ និងការគាំទ្រដែរដើម្បីទ្រទ្រង់ការអភិវឌ្ឍនេះ។
 
ត្រឡប់មកផ្តោតលើគម្រោងទីក្រុងឆ្លាតវៃនេះ បើតាមឯកអគ្គរាជទូតអូស្រ្តាលី អ្វីដែលរដ្ឋាភិបាលអូស្ត្រាលីព្យាយាមជួយកម្ពុជា គឺ ជំរុញរបៀបគ្រប់គ្រងដំណើរការអភិវឌ្ឍនៃទីក្រុង  និងឆ្លើយតបតម្រូវការ ឬបង្កភាពងាយស្រួលដល់ពលរដ្ឋក្នុងតំបន់តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា។ 
 
ទស្សនវិស័យនៃទីក្រុងឆ្លាតវៃរួមមានទាំងការបញ្ចូលបច្ចេកវិទ្យាក្នុងការគ្រប់គ្រងបញ្ហាចរាចរណ៍ និង កាត់បន្ថយការកកស្ទះ, រៀបចំកន្លែងចតយានជំនិះ រួមទាំងការប្រើបច្ចេកវិទ្យាសម្រួលដល់ការបង់ថ្លៃសេវាប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃដូចជាថ្លៃទឹក និងភ្លើងជាដើមផង។ លោក Pablo លើកឡើងជាឧទាហរណ៍បែបនេះ។ 
 
 

ជួយកម្ពុជាដោះស្រាយបញ្ហាសុវត្ថិភាពសំណង់ក៏ជារឿងអាទិភាពសម្រាប់អូស្ត្រាលី

ក្រៅពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាគ្រប់គ្រងការអភិវឌ្ឍ ឯកអគ្គរាជទូតអូស្ត្រាលីក៏បានរៀបរាប់ផងដែរ ពីជំនួយបច្ចេកទេសសម្រាប់គាំទ្រកម្ពុជាលើកកម្ពស់សុវត្ថិភាពសំណង់ ស្របពេលដែលសំណង់ធំៗនៅកម្ពុជាមានការកើនឡើង។  
 
«ជារួមនៅកម្ពុជា មិនត្រឹមតែក្នុងព្រះសីហនុទេ អ្វីដែលយើងផ្តោតសំខាន់គឺ លើកកម្ពស់សុវត្ថិភាពសំណង់នៅទូទាំងប្រទេស»។ លោក Pablo Kang ថ្លែងបែបនេះ។
 
«ការយកចិត្តទុកដាក់នោះ គឺ ផ្តើមចេញពីបញ្ហាដែលកើតចេញពីគ្រោះថ្នាក់ដែលបង្កដោយសំណង់ក្នុងនោះមានឧប្បទ្ទវហេតុរលំអាគារនៅខេត្តព្រះសីហនុ នៅខេត្តសៀមរាប នៅខេត្តកែប និងខេត្តបន្ទាយមានជ័យនៅពេលថ្មីៗនេះដែរ»។ 
 
លោកបន្តថា រលំអាគារទាំងកំពុងសាងសង់ខាងលើ រួមជាមួយការខ្វះការយកចិត្តទុកដាក់លើសុវត្ថិភាពសំណង់ និងការធានាយ៉ាងណាសំណង់ដែលត្រូវសាងសង់ត្រូវធ្វើឡើងស្របតាមលក្ខខណ្ឌសុវត្ថិភាពសុទ្ធតែជាបញ្ហាដែលកម្ពុជាត្រូវដោះស្រាយ។
 
«ដូច្នេះហើយ យើងបានឆ្លើយតបចំពោះការស្នើសុំដោយផ្ទាល់ពីរដ្ឋាភិបាលកម្ពុជាដើម្បីឲ្យជួយជ្រោមជ្រែងនិងដោះស្រាយបញ្ហាទាំងអស់នេះ»។ នេះជាការលើកឡើងរបស់លោក Pablo Kang។ 
 
ជុំវិញការផ្តល់ជំនួយបច្ចេកទេសនេះដែលធានាសុវត្ថិភាពនៃការសាងសង់នេះ ឯកអគ្គរាជទូតរូបនេះបានបង្ហើបថា មុនមានមេរោគកូវីដ រដ្ឋាភិបាលអូស្ត្រាលីបាននាំអ្នកជំនាញកម្ពុជា ២២ រូបទៅកាន់អូស្ត្រាលី ដើម្បីសិក្សានិងទទួលការបណ្តុះបណ្តាលខ្លីស្តីពីស្តង់ដារសុវត្ថិភាពសំណង់នេះ។
 
លោកបន្តថា អនុញ្ញាតឲ្យពួកគេអាចសិក្សាស្វែងយល់ ក៏ដូចជាក្រេបជញ្ជក់យក ចំណេះដឹងៗថ្មីជុំវិញសុវត្ថិភាពសំណង់នេះមកអនុវត្តក្នុងប្រទេសដែរ។ អ្វីដែលសំខាន់ លោកបញ្ជាក់ថា អ្នកជំនាញទាំងនោះ កំពុងផ្តោតលើរបៀបនៃការរៀបចំ និងអភិវឌ្ឍបទបញ្ញត្តិស្តីពីសុវត្ថិភាពសំណង់ដែលត្រឹមត្រូវ និងសក្តិសមនឹងបរិបទកម្ពុជាជាពិសេសអនុវត្តឲ្យមានប្រសិទ្ធិភាពខ្ពស់។ 
 
«ពួកគេកំពុងសិក្សាថាតើត្រូវអភិវឌ្ឍ និងអនុវត្តក្រមស្តីពីសុវត្ថិភាពសំណង់នោះបែបណាឲ្យបានត្រឹមត្រូវ ដ្បិតថា កម្ពុជាមានច្បាប់សាងសង់រួចរាល់ហើយកាលពីឆ្នាំ ២០១៩ នោះ»។ លោកសង្កត់ធ្ងន់បែបនេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com