ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! កំពុងមាន​បញ្ហា​តម្រងនោម គួរ​ចៀសវាង​អាហារ​ទាំងនេះ​
10, Sep 2020 , 6:59 am        
រូបភាព
​របប​អាហារ​ជះឥទ្ធិពល​គួរឱ្យកត់សម្គាល​លើ​តម្រងនោម ជាពិសេស​ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​តម្រងនោម​ណាមួយ​។ ថា​តើ​អាហារ​អ្វីខ្លះ​ដែល​អ្នក​កំពុងមាន​បញ្ហា​តម្រងនោម​គួរ​ប្រយ័ត្ន​ក្នុងការ​ទទួលទាន​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ទាំងនោះ ៖

 
១. ផ្លែ​បឺ​រ​
 
​ទោះបីជា​ផ្លែ​បឺ​រ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​គុណភាព​ខ្ពស់ ប៉ុន្តែ​ការទទួល​ទាន​ច្រើនពេក​អាច​បង្ក​គ្រោះថ្នាក់​ដល់​តម្រងនោម ជាពិសេស​ប្រសិនបើ​អ្នក​កំពុងមាន​ជំងឺ​តម្រងនោម​ណាមួយ​ស្រាប់​។ នេះ​ក៏​ព្រោះតែ​ផ្លែ​បឺ​រ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប៉ូ​តា​ស្យូ​ម​។ ទោះបីជា​រាងកាយ​ត្រូវការ​ជាតិ​រ៉ែ​នេះ​ចាំបាច់ ប៉ុន្តែ​ប្រសិនបើ​វា​កើនឡើង​លើស​កម្រិត​ពេក​ក្នុង​ឈាម​ក៏​អាច​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយចំនួន​ផងដែរ​។​
 
២. សាច់​
 
​រាងកាយ​ត្រូវការ​ប្រូតេអ៊ីន ប៉ុន្តែ​មិនមែន​ច្រើនពេក​ឡើយ ក៏​ព្រោះ​វា​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​តម្រងនោម​។ ហើយ​ការ​ទទួលទាន​ជាតិ​ប្រ​តេ​អ៊ី​ន​ចេញពី​សាច់សត្វ​ច្រើនពេក​បង្កើត​ជាតិ​អាស៊ីត​ក្នុង​ឈាម​ដែល​បណ្ដាលឱ្យ​កើត​ជំងឺ acidosis ស្ថានភាព​មួយ​ដែល​តម្រងនោម​របស់​អ្នក​មិនអាច​រក្សា​កម្រិត pH ក្នុង​រាងកាយ​ឱ្យមាន​តុល្យភាព​បាន​។ យូរ​ទៅ​បញ្ហា​នេះ​បង្ក​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ផ្សេងទៀត​ដូចជា បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ និង​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​។ របប​អាហារ​ដែលមាន​ផ្ទុក​ប្រូតេអ៊ីន​ចេញពី​សាច់សត្វ​ខ្ពស់​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ក្រួស​ក្នុង​តម្រងនោម​ផងដែរ​ដោយ​សាច់​ជម្រុញ​ការផលិត​អាស៊ីត​អ៊ុយ​រិ​ក​។ អ្នក​គួរ​ព្យាយាម​ទទួលទាន​បន្លែ​និង​គ្រាប់​ធញ្ញជាតិ​ដើម្បី​ទទួលបាន​ប្រូតេអ៊ីន​ដែល​រាងកាយ​ត្រូវការ​។​
 
៣. អំបិល ឬ​អាហារ​ប្រៃ​
 
​របប​អាហារ​មាន​សុខ​ភាពល្អ​មួយ គឺមាន​ផ្ទុក​សូ​ដ្យូ​ម ឬ​អំបិល​មិន​លើសពី ២៣០០ មី​លី​ក្រាម ឬ​ប្រហែល ១ ស្លាបព្រា​កាហ្វេ​ប៉ុណ្ណោះ​។ ប្រសិនបើ​អ្នកទទួល​ទាន​អាហារ​ប្រៃ ឬ​អំបិល​ច្រើនពេក តម្រងនោម​ត្រូវ​ទទួលបន្ទុក​ខ្លាំង​ជាង​ធម្មតា​ដើម្បី​កម្ចាត់​ជាតិ​សូ​ដ្យូ​ម​ដែល​លើស​។ ជា​លទ្ធផល​យូរ​ទៅ​តម្រងនោម​នឹង​ចាប់ផ្ដើម​ចុះខ្សោយ​ប៉ះពាល់​សមត្ថភាព​មុខងារ ហើយ​បង្កើន​ការ​ស្ដុក​ទុក​សារធាតុ​រាវ​បង្ក​ហានិភ័យ​នៃ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។​
 
៤. ចេក​
 
​ប្រសិនបើ​អ្នក​សង្ស័យថា​ខ្លួនឯង​កំពុងមាន​បញ្ហា​តម្រងនោម ចូរ​ព្យាយាម​រក្សា​របប​អាហារ​ត្រឹមត្រូវ​មួយ​។ ហើយ​នេះ​មានន័យថា​ការកម្រិត​ការទទួល​ទាន​អាហារ​មួយចំនួន​ដូចជា ចេក ចាំបាច់​ត្រូវធ្វើឡើង​ដោយ​ផ្លែឈើ​នេះ​មាន​ផ្ទុក​ប៉ូ​តា​ស្យូ​ម​ខ្ពស់​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​តម្រងនោម​កំពុងមាន​បញ្ហា​។ មនុស្សពេញវ័យ​មាន​សុខភាព​ល្អ​គួរ​ទទួលទាន​ប៉ូ​តា​ស្យូ​ម​ចេញពី​អាហារ​ផ្សេងៗ​ត្រឹម​ពី ៣៥០០ ទៅ ៤៧០០ មី​លី​ក្រាម​ប៉ុណ្ណោះ​។ ចេក​ទំហំ​មធ្យម​មួយ​ផ្លែ​ទម្ងន់​ត្រឹម ១៥០ ក្រាម​មាន​ផ្ទុក​ប៉ូ​តា​ស្យូ​ម​ដល់​ទៅ ៥៣៧ មី​លី​ក្រាម​ទៅហើយ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​ជំងឺ​តម្រងនោម​ណាមួយ ការទទួល​ទាន​ប៉ូ​តា​ស្យូ​ម​គួរ​ត្រូវបាន​កាត់បន្ថយ​ដោយ​រាងកាយ​មិន​អាចមាន​សមត្ថភាព​ពេញលេញ​ក្នុងការ​ច្រោះ​ចំណែក​លើស​ចេញ​ដែល​បង្ក​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ជាច្រើន​។​
 
៥. ក្រូច​និង​ទឹកក្រូច​ស្រស់​
 
​ក្រូច​និង​ទឹកក្រូច​ស្រស់​មាន​ផ្ទុក​កាឡូរី​ទាប ប៉ុន្តែ​វីតាមីន C និង​ប៉ូ​តា​ស្យូ​ម​ខ្ពស់​។ ក្រូច​ទំហំ​កណ្ដាល​មួយ​ផ្លែ​មាន​ផ្ទុក​ប៉ូ​តា​ស្យូ​ម​ដល់​ទៅ ២៤០ មី​លី​ក្រាម ហើយ​ទឹកក្រូច​ស្រស់ ១ ពែង​មាន​ផ្ទុក​ប៉ូ​តា​ស្យូ​ម​ប្រហែល ៤៧០ មី​លី​ក្រាម​។ ដូច្នេះ​ការទទួល​ទាន​ផ្លែក្រូច ឬ​ទឹកក្រូច​ស្រស់​គួរ​ត្រូវបាន​កម្រិត ជាពិសេស​ប្រសិនបើ​អ្នក​កំពុងមាន​បញ្ហា​តម្រងនោម​ដែល​មិនអាច​ដំណើរការ​មុខងារ​បាន​ប្រក្រតី​។ ប្រសិនបើ​តម្រងនោម​មិនអាច​កម្ចាត់​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​លើស​ចេញពី​ក្នុង​ឈាម​ទេនោះ​វា​អាច​នឹង​បង្ក​គ្រោះថ្នាក់​ខ្លាំងណាស់​ដល់​រាងកាយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com