កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo រកបានគ្រាប់ទី១០១ សម្រាប់ជម្រើសជាតិព័រទុយហ្គាល់
× ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានយកឈ្នះ២ទល់០ លើក្រុមស៊ុយអែត នាការប្រកួតពានរង្វាន់ UEFA Nations League នៅថ្ងៃទី៨ ខែកញ្ញា។ គ្រាប់បាល់ទាំងពីរគ្រាប់នេះ រកបានដោយខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំ C.Ronaldo។
Ronaldo នៅតែធ្វើបានល្អ ក្នុងការប្រកួតយ៉ាងស្វិតស្វាញជាមួយក្រុមជម្រើសជាតិស៊ុយអែត។ នាការប្រកួតនេះ ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំរូបនេះ បានរកគ្រាប់ទី១ ដោយការទាត់បាល់ Free Kick នៅចុងម៉ោងវគ្គទី១ និងការស៊ុតបាល់ពីក្រៅតំបន់គ្រោះថ្នាក់នៅនាទី៨១ នៃវគ្គទី២។
គ្រាប់បាល់ទាំងពីរគ្រាប់ ជួយឱ្យ Ronaldo បន្តឈរនៅលេខរៀងទី២ នៃកំណត់ត្រាកីឡាករដែលស៊ុតបញ្ចូលទីឱ្យក្រុមជម្រើសជាតិច្រើនជាងគេ។ Ronaldo រកបានគ្រាប់បាល់១០១គ្រាប់ សម្រាប់ការលេងឱ្យក្រុមជម្រើសជាតិ១៦៥លើក ចាប់តាំងពីឆ្នាំ២០០៣មក ដោយនៅឈរពីក្រោយកីឡាករ Ali Daei ដែលស៊ុតបាល់បញ្ចូលទី១០៩គ្រាប់ សម្រាប់ក្រុមជម្រើសជាតិអ៊ីរ៉ង ក្នុងអាជីពបាល់ទាត់ពីឆ្នាំ១៩៩៣ ដល់២០០៦។
គ្រាប់បាល់១០១គ្រាប់នេះ Ronaldo ស៊ុតបាល់ដោយប្រើជំនាញជើងស្ដាំ៥៤គ្រាប់ ជើងឆ្វេង២២គ្រាប់ និងការប្រើក្បាលតែតបញ្ចូលទី២៥គ្រាប់។ ចំពោះគ្រាប់បាល់ដែល Ronaldo ស៊ុតបញ្ចូលទីវិញ ភាគច្រើននៅក្នុងតំបន់គ្រោះថ្នាក់៨០លើក និងក្រៅតំបន់គ្រោះថ្នាក់២១លើក។ នេះបើតាមកំណត់ត្រាស៊ុតបញ្ចូលទីរបស់Ronaldo ដែលចុះផ្សាយដោយសារព័ត៌មាន BBC។
ដោយឡែកកីឡាករ Lionel Messi វ័យ៣៣ឆ្នាំ របស់ក្រុមអាហ្សង់ទីនវិញ រកបាន៧០គ្រាប់ ក្នុងការប្រកួត១៣៨លើកសម្រាប់ក្រុមជម្រើសជាតិ។
នៅក្នុងការប្រកួតពូលCនេះដែរ ក្រុមជម្រើសជាតិបារាំង ក៏បានឈ្នះក្រុមក្រូអាស៊ី ៤ទល់២ដែរ។ ចំណែកពូលB វិញ ក្រុមជម្រើសជាតិ ប៊ែលហ្ស៊ិកឈ្នះក្រុមអ៊ីស្លង់ ៥ទល់១ ខណៈក្រុមដាណឺម៉ាក និងអង់គ្លេស ០-០៕
Tag:
C.Ronaldo
កីឡាបាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com