សេដ្ឋកិច្ច
អន្តរជាតិ
សេដ្ឋកិច្ច​ជប៉ុន​បន្ត​ធ្លាក់ចុះ​ខ្លាំង​ត្រីមាស​ទី​២ ក្លាយជា​វិញ្ញាសា​ពិបាក​សម្រាប់​នាយករដ្ឋមន្ត្រី​ថ្មី​
09, Sep 2020 , 10:55 am        
រូបភាព
រូបភាព AFP
រូបភាព AFP
ដោយ៖​កង ម៉េង​ហុង
​សេដ្ឋកិច្ច​ប្រទេស​ជប៉ុន​បាន​ធ្លាក់ចុះ​យ៉ាង​លឿន​ហួស​ពី​ការរំពឹងទុក​ក្នុង​ត្រីមាស​ទី​២ ដោយសារ​ការចំណាយ​មូលធន និង​ប្រាក់​ឈ្នួល​ពលរដ្ឋ​រង​ផលប៉ះពាល់​ព្រោះ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩​។ បញ្ហា​នេះ​នឹង​ក្លាយជា​វិញ្ញាសា​ថ្មី​ដ៏​ពិបាក​មួយ​សម្រាប់​មេដឹកនាំ​ជប៉ុន​ថ្មី​ដែល​នឹង​ជំនួស​តំណែង​លោក ស៊ីន​ហ្សូ អា​បេ​។ 



​ទិន្នន័យ​ផ្លូវការ​មួយ​របស់​រដ្ឋាភិបាល​ជ​ប៉ុន​ចុះ​ថ្ងៃ ៨ ខែកញ្ញា បាន​បង្ហាញថា សេដ្ឋកិច្ច​រដ្ឋ​អាស៊ី​បូព៌ា​មួយ​នេះ ធ្លាក់ចុះ ២៨,១ ភាគរយ ក្នុង​ចន្លោះ​ខែមេសា​ដល់​ខែមិថុនា​។ តួលេខ​នេះ គឺ​ច្រើនជាង​ការប៉ាន់ស្មាន​បឋម ដែល​ស្មើនឹង ២៧,៨ ភាគរយ​ប៉ុណ្ណោះ​។  
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ AFP បញ្ហា​ប្រឈម​ដែល​បង្អាក់​កំណើនសេដ្ឋកិច្ច​ជប៉ុន គឺ​ការចំណាយ​និង​ប្រាក់​ឈ្នួល​គ្រួសារ​ជប៉ុន​នៅតែ​បន្ត​ធ្លាក់ចុះ​ក្នុង​ខែកក្កដា​ដោយសារ​មេរោគ​កូ​វីដ​។ រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​បាន​អះអាង ការធ្លាក់ចុះ​នេះ​នៅតែ​កើតឡើង ថ្វីបើ​វិធានការ​រឹតត្បិត​ក្នុងប្រទេស​ត្រូវបាន​បន្ធូ​រ​បន្ថយ​ចាប់​តាំង​កាលពី​ខែឧសភា​ក៏ដោយ​ក្តី​។​
 
​ការដាំ​ក្បាល​ចុះ​នៃ​សេដ្ឋកិច្ច​ជប៉ុន​ក្នុង​ត្រីមាស​ទី​២​នេះ នឹង​ក្លាយជា​សម្ពាធ​កាន់តែ​ធំ​សម្រាប់​នាយករដ្ឋមន្ត្រី​ជប៉ុន​ថ្មី​ដែល​នឹង​ជ្រើសរើស​នៅ​ថ្ងៃទី ១៤ ខែកញ្ញា​ខាងមុខ​។ វា​ប្រាកដ​ណាស់​ថា មេដឹកនាំ​ថ្មី​ត្រូវ​ស្វះ​ស្វែងរក​វិធានការ​ចាំបាច់ និង​មាន​ប្រសិទ្ធភាព​ដើម្បី​បញ្ឆេះ​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​ឡើងវិញ​។  
 
​ហេតុផល​ចម្បង​មួយទៀត​ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជប៉ុន​មាន​បញ្ហា​នេះ ក៏​ដោយសារ​ការធ្លាក់ចុះ​យ៉ាងគំហុក​នៃ​ការចំណាយ​មូលធន​របស់​ជប៉ុន ដោយ​វា​ធ្លាក់ចុះ​រហូតដល់ ៤,៧ ភាគរយ​ក្នុង​ត្រីមាស​ទី​២​នេះ​។ 
 
​ក្រៅពីនេះ ទិន្នន័យ​ដាច់ដោយឡែក​មួយទៀត ក៏បាន​បង្ហាញថា ការចំណាយ​ក្នុង​គ្រួសារ​ជប៉ុន បាន​ធ្លាក់ចុះ ៧,៦ ភាគរយ​ក្នុង​ខែកក្កដា មក​ត្រឹមតែ ៣,៧ ភាគរយ​ប៉ុណ្ណោះ​។ ឯ​ប្រាក់​ឈ្នួល​របស់​ប្រជាជន​ជប៉ុន ក៏បាន​ធ្លាក់ចុះ​ក្នុង​រយៈពេល ៥ ខែ​ជាប់ៗ​គ្នា​ក្នុង​ខែកក្កដា ដែល​នេះ​ជា​សូចនាករ​មួយ​ង្ហា​ញ​ពី​បញ្ហា​ប្រឈម​ជាពិសេស​ការចំណាយ​ត្បិតត្បៀត​របស់​ប្រជាជន​ជប៉ុន​នោះ​។ 
​ដូច្នេះហើយ គេ​រំពឹងថា អ្នកនឹង​បន្ត​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ថ្មី​ជំនួស​លោក អា​បេ នឹងត្រូវ​ដោះស្រាយ​វិ​ញ្ញា​សាសេដ្ឋកិច្ច​ថ្មី និង​ដ៏​លំបាក​នេះ​នៅពេល​ខាងមុខ​។ 
 
​ក្នុងនាម​ជា​បេក្ខជន​នាំមុខ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) លោក យូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា (Yoshihide Suga) ដែល​បច្ចុប្បន្ន​មាន​តំណែង​ជា​ប្រធាន​លេខាធិការ​គណៈរដ្ឋមន្ត្រី​ជប៉ុន បាន​លើក ឡើង​ពី​វិធានការ​សេដ្ឋកិច្ច​ដើម្បី​ជំរុញ​ការចំណាយ​ក្នុងស្រុក និង​ផ្ដល់​សន្ទុះ​ដល់​សេដ្ឋកិច្ច​ប្រទេស​ដែរ​។​
 
​អ្នកនយោបាយ​រូបនេះ​ក៏បាន​ប្តេជ្ញា​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​រចនា​សម្ព័ន្ធ​ដឹកនាំ​រដ្ឋាភិបាល​ជប៉ុន ដែលជា​ឧបសគ្គ​ក្នុង​ការធានា​ប្រសិទ្ធភាព​ការងារ​ថែមទៀត​ផង​។​
 
​សូមបញ្ជាក់ថា ការបោះឆ្នោត​ក្នុង​គណបក្ស​ប្រជា​ធិ​តេ​យ្យ​ដែលជា​បក្ស​កាន់អំណាច​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ថ្មី នឹងត្រូវ​រៀបចំឡើង​នៅ​ថ្ងៃទី ១៤ ខែកញ្ញា ហើយ​សភា​ជប៉ុន​ក៏​នឹង​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​នៅ​ថ្ងៃទី​១៦ ខែកញ្ញា​៕
 
 

Tag:
 ជប៉ុន​
 ​សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com