ភាពយន្តផលិតឡើងវិញ «Mulan» របស់ក្រុមហ៊ុនយក្ស Disney កំពុងប្រឈមព្យុះរិះគន់ជាថ្មី ក្រោយរកឃើញថា បានថតឈុតខ្លះក្នុងទីក្រុង ស៊ីនជាំង ទីដែលជនជាតិវីហ្គ័រកាន់សាសនាឥស្លាមប្រមាណ១លាននាក់ ត្រូវបានចាប់ឃុំឃាំងនៅមណ្ឌលលត់ដំ។
រលករិះគន់ បានចាប់ផ្ទុះឡើងកាលពីថ្ងៃទី៧ ខែកញ្ញា នៅពេលដែលអ្នកប្រើប្រាស់បណ្ដាញសង្គម Twitter មួយចំនួន បានកត់សម្គាល់ថា ក្រុមហ៊ុន Disney បានអរគុណជាពិសេសដល់អាជ្ញាធរក្នុងទីក្រុង ស៊ីនជាំង នៅចុងបញ្ចប់នៃរឿង (Credit) សម្រាប់ការផ្ដល់ទីតាំងថត។ អ្នកលេងបណ្ដាញសង្គម បាននាំគ្នាស្នើឲ្យធ្វើពហិការភាពយន្តដែលចាយលុយអស់២០០លានដុល្លារសម្រាប់ថតនេះ។
ឆ្លើយតបនឹងសំណួរអ្នកកាសែតនៅថ្ងៃទី ៨ ខែកញ្ញា ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅក្រុង ស៊ីនជាំង និងភាពយន្ត Mulan របស់ Disney អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បកស្រាយថា បញ្ហានៅស៊ីនជាំង ពុំមែនជាបញ្ហាសិទ្ធិមនុស្ស សាសនា ឬពូជសាសន៍ឡើយ តែជាការប្រយុទ្ធប្រឆាំងអំពើហិង្សា ភេរវកម្ម និងការផ្ដាច់ខ្លួន។ នេះបើសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។
ជារឿយៗ រដ្ឋាភិបាលក្រុងប៉េកាំង ត្រូវបានរិះគន់ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅទីក្រុង ស៊ីនជាំង ពោលគឺចាប់តាំងពីរបាយការណ៍របស់អ្នកជំនាញអង្គការសហប្រជាជាតិកាលពីឆ្នាំ២០១៨ បានរកឃើញថា មានការឃុំខ្លួនមនុស្សមួយលាននាក់នៅតំបន់ស្វយ័តស៊ីនជាំង។ ហើយភាគច្រើននៃអ្នកជាប់ឃុំនេះ គឺជាជនជាតិភាគតិចវីហ្គ័រដែលកាន់សាសនាឥស្លាម។ យ៉ាងណាមិញ រដ្ឋាភិបាលប៉េកាំងតែងតែទាត់ចោលការចោទប្រកាន់នេះ។
ទោះមុនមានរឿងចម្រូងចម្រាសទាក់ទងស៊ីនជាំងថ្មីនេះ ពាក្យថា #BoycottMulan ដែលមានន័យថា «ធ្វើពហិការMulan» ត្រូវបានអ្នកលេងបណ្ដាញសង្គម ជាពិសេស Twitter នាំគ្នាសរសេរព្រោងព្រាត ក្នុងទីក្រុង ហុងកុង ប្រទេសថៃ និងកោះ តៃវ៉ាន់។ ម្យ៉ាងទៀត សកម្មជនក្នុងទីតាំងទាំងបីនេះ បានធ្វើយុទ្ធនាការតាមអនឡាញ ដោយរិះគន់ធ្ងន់ៗចំពោះការដឹកនាំផ្ដាច់ការរបស់រដ្ឋាភិបាលកុម្មុយនីស្តចិន។
រឿង Mulan ឆ្នាំ២០២០នេះ ក៏ធ្លាប់រងព្យុះរិះគន់ម្ដងរួចហើយកាលពីប៉ុន្មានខែមុន ហើយក៏ត្រូវបានស្នើឲ្យធ្វើពហិការរឿងនេះដូចគ្នាពីសំណាក់អ្នកគាំទ្របាតុករហុងកុង។ រឿងអាស្រូវនេះ បានកើតឡើងក្រោយតារាសម្ដែងតួអង្គអ្នកប្រយុទ្ធ Mulan កញ្ញា Liu Yifei បានប្រកាសគាំទ្រកម្លាំងប៉ូលិសហុងកុង ខណៈពួកគេបានប្រើកម្លាំងបង្ក្រាបលើក្រុមបាតុករប្រជាធិបតេយ្យកាលពីឆ្នាំមុន។ រឿង Mulan (មូឡាន) នេះ ក៏កំពុងចាក់បញ្ចាំងនៅតាមបណ្តារោងភាពយន្តនានានៅកម្ពុជាផងដែរ។
អ្នកស្រី Niki Caro សញ្ជាតិនូវែលសេឡង់ អាយុ៥៣ឆ្នាំជាអ្នកដឹកនាំរឿង ដោយមានតួសម្តែងល្បីៗ ដូចជា Yifei Liu (តួអង្គឯកនាងមូឡាន ដែលខ្មែរស្គាល់ថា សៀវឡុងនី), Donnie Yen (ខ្មែរហៅកុំកុំ), Jet Li (លី លានជា), Tzi Ma, Jason Scott Lee, Yoson An, Ron Yuan និង Gong Li ជាដើម៕