ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
តំណាងកម្ពុជា តបនឹងលោកស្រី រ៉ូណា ស្មីត ថា កម្ពុជា គោរពច្បាប់ និងផ្តល់តម្លៃលើសេរីភាពបញ្ចេញមតិ
09, Sep 2020 , 1:58 pm        
រូបភាព
លោក អាន សុខខឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងសហ្សឺណែវ (រូបពីហ្វេសប៊ុករបស់លោក សុខខឿន) និងលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលន្ទុកឃ្លាំមើលសិទ្ធីមនុស្សក្នុងប្រទេសកម្ពុជា
លោក អាន សុខខឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងសហ្សឺណែវ (រូបពីហ្វេសប៊ុករបស់លោក សុខខឿន) និងលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលន្ទុកឃ្លាំមើលសិទ្ធីមនុស្សក្នុងប្រទេសកម្ពុជា
ភ្នំពេញ៖ ស្ថានបេសកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ស្នើឲ្យលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ប្រកាន់ខ្ជាប់តាមវិជ្ជាជីវៈ ហើយគួរប្រមូលព័ត៌មានផ្ទៀងផ្ទាត់ឲ្យបានគ្រប់ប្រភព និងនីតិវិធីសម្រាប់ការទាក់ទងជាមួយរដ្ឋាភិបាលកម្ពុជា។ តំណាងកម្ពុជា កត់សម្គាល់ឃើញថា ការពិនិត្យរបស់លោកស្រី ពាក់ព័ន្ធនឹងការអនុវត្តច្បាប់នៅកម្ពុជា មិនបានផ្តោតតាមច្បាប់សិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយឲ្យបានគ្រប់គ្រាន់នោះទេ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជានៅទីក្រុងហ្សឺណែវ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។



តំណាងកម្ពុជា ប្រាប់លោកស្រី រ៉ូណា ស្មីត ថា កម្ពុជាគោរពច្បាប់និងផ្ដល់តម្លៃចំពោះសេរីភាពបញ្ចេញមតិ បង្កើតសមាគម និងប្រមូលផ្ដុំដោយសន្តិវិធីស្របតាមច្បាប់។ តំណាងកម្ពុជា បន្តថា កម្ពុជាក៏អនុលោមតាមច្បាប់រដ្ឋធម្មនុញ្ញដែរ គឺផ្អែកតាមការប្រើប្រាស់សិទ្ធិនិងសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលណាម្នាក់ មិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិនិងសេរីភាពរបស់អ្នកដទៃឡើយ។

ការឆ្លើយតបរបស់តំណាងកម្ពុជានេះ ធ្វើឡើយបន្ទាប់ពីលោកស្រី បានបង្ហាញក្ដីកង្វល់ពីការចាប់ខ្លួនសកម្មជនបរិស្ថាន៣នាក់ (នៃចលនាមាតាធម្មជាតិ) និងមនុស្សមួយចំនួនទៀត ដោយមានទាំងព្រះសង្ឃ១អង្គផងដែរ ក្រោមបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សង្គម។ លោកស្រី ថ្លែងថា សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការបង្កើតសមាគម និង ការជួបជុំដោយសន្តិវិធី ត្រូវបានការពារដោយបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជារដ្ឋធម្មនុញ្ញកម្ពុជាផងដែរ។

ប៉ុន្តែ តំណាងកម្ពុជា សង្កេតឃើញលោកស្រី រ៉ូណា ស្មីត ពុំធ្លាប់សង្កត់ធ្ងន់ឱ្យបានគ្រប់គ្រាន់ទាល់តែសោះថា ការអនុវត្តសេរីភាពបញ្ចេញមតិ បង្កើតសមាគម និងប្រមូលផ្ដុំដោយសន្តិវិធី ត្រូវមានដែនកំណត់ ចែងដោយច្បាប់ស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋនិងនយោបាយ។ តំណាងកម្ពុជា បន្ថែមថា ការខកខានមិនបានបញ្ជាក់ឱ្យបានច្បាស់ មិនត្រឹមតែបង្កឱ្យសាធារណជន មានការភ័ន្តច្រឡំប៉ុណ្ណោះទេ គឺថែមទាំងផ្តល់កម្លាំងចិត្តឱ្យក្រុមខ្លះ ដែលបានត្រៀមខ្លួនជាស្រេចក្នុងការកេងចំណេញពីស្ថានភាពនេះ។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន តំណាងកម្ពុជា ផ្ញើសារជូនលោកស្រីថា អ្នករាយការណ៍ពិសេសមានកាតព្វកិច្ច គោរពឱ្យបានខ្ជាប់ខ្លួនតាម «ក្រមសីលធម៌សម្រាប់អ្នកកាន់អាណត្តិនៃនីតិវិធីពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស» និង «សៀវភៅណែនាំស្ដីពីប្រតិបត្តិការនៃនីតិវិធីពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស»។

តំណាងកម្ពុជា បញ្ជាក់ថា៖«គោលការណ៍ទូទៅសម្រាប់ការអនុវត្តតួនាទីខាងលើ មានសារៈសំខាន់នៃការប្រមូលព័ត៌មាន តាមការផ្ទៀងផ្ទាត់ ត្រឹមត្រូវជាមួយគ្រប់ប្រភព និងនីតិវិធីសម្រាប់ការទាក់ទងជាមួយរដ្ឋាភិបាល»។ គួរកត់សម្គាល់ថា ព្រះសង្ឃនិងយុវជន ដែលត្រូវចាប់ខ្លួន ភាគច្រើន ជាសមាជិកនៃក្រុមយុវជនខ្មែរថាវរៈនិងក្រុមយុវជនចលនាមាតាធម្មជាតិ។ ព្រះសង្ឃនិងយុវជន ដែលត្រូវចាប់ខ្លួន មានដូចជា យុវតី ឡុង គន្ធា យុវតី ភួន កែវរស្មី យុវជន ថុន រដ្ឋា (យុវជននៃចលនាមាតាធម្មជាតិ), អតីតព្រះតេជគុណ កើត សារ៉ាយ យុវតី ឈឿដារ៉ាវី យុវតី សូ មេត្តា យុវតី ស កន្និកា យុវជន មាន ព្រហ្មមុនី យុវជន ថា ឡាវី និង យុជន ហ៊ុន វណ្ណៈ (យុវជនខ្មែរថាវរៈ) ជាដើម៕

អត្ថបទទាក់ទង



Tag:
 សិទ្ធិមនុស្ស
  រ៉ូណា ស្មីត
© រក្សាសិទ្ធិដោយ thmeythmey.com