ក្លិប​បាល់ទាត់​អេ​ស្ប៉ា​ញ នឹង​អាច​ផ្លាស់ប្ដូរ​កីឡាករ​បាន​៥​នាក់​
កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប​បាល់ទាត់​អេ​ស្ប៉ា​ញ នឹង​អាច​ផ្លាស់ប្ដូរ​កីឡាករ​បាន​៥​នាក់​
09, Sep 2020 , 10:29 pm        
រូបភាព
​ក្លិប​បាល់ទាត់​អេ​ស្ប៉ា​ញ ក្នុង​ក្របខណ្ឌ​កំពូល​ចំនួន​២ នឹង​អាច​ផ្លាស់ប្តូរ​កីឡាករ​បាន​៥​នាក់ សម្រាប់​ការប្រកួត នៅ​រដូវ​កាល​ថ្មី​នេះ ក្រោយពី​សហព័ន្ធ​បាល់ទាត់​ជាតិ បានសម្រេច​អនុម័ត​លើ​សំណើសុំ​កែប្រែ​ច្បាប់​ក្នុង​លី​គ កាលពី​ថ្ងៃទី​៨ កញ្ញា​។​នេះ​បើតាម​ការចុះផ្សាយ​របស់ Channel News Asia ។​

 
​ក្រុមប្រឹក្សា​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ​(IFAB) ដែលជា​អង្គការ​បង្កើត​ច្បាប់​បាល់ទាត់​ពិភពលោក​នេះ បានលើកឡើង​កាលពី​ឆ្នាំមុន ពាក់ព័ន្ធ​នឹង​ការកែប្រែ​ច្បាប់ ដោយ​អាច​អនុញ្ញាតឱ្យ​កីឡាករ​ផ្លាស់ប្តូរ​បាន​៥​នាក់​ក្នុង​ការប្រកួត ខណៈពេលដែល​ជំងឺ​កូ​វីដ​-១៩ រាតត្បាត​ជុំវិញ​ពិភពលោក​។ IFAB យល់ឃើញថា ការកែប្រែ​ច្បាប់​នេះ ដើម្បី​កាត់បន្ថយ​បន្ទុក​កីឡាករ​លើ​ទីលាន ក៏ដូចជា​កីឡាករ ដែល​ស្ថិតនៅក្នុង​បញ្ជី​ឈ្មោះ​ដ៏​ច្រើន​កកកុញ​ផងដែរ​។​
 
​សំណើ​របស់ IFAB ដែល​ស្នើឱ្យ​កែប្រែ​ច្បាប់ សម្រាប់​អនុញ្ញាតឱ្យ​កីឡាករ​៥​នាក់​ផ្លាស់ប្តូរ​ក្នុងការ​ប្រកួត​នេះ គឺមាន​រយៈពេល​ដល់​ខែសីហា ឆ្នាំ​២០២១ ដើម្បី​ទុកឱ្យ​លី​គ​នីមួយៗ មានការ​សម្រេចចិត្ត ថា​តើ​ពួកគេ​យល់ស្រប និង​អនុវត្តតាម​សំណើ​នេះដែរ​ទេ​។​
 
​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ រួមទាំង​សហព័ន្ធ​បាល់ទាត់​បារាំង និង​អាល្លឺម៉ង់ សុទ្ធតែ​ប្រកាស​គាំទ្រ​សំណើ IFAB ដោយ​ពួកគេ​នឹង​អនុញ្ញាតឱ្យ​កីឡាករ​ផ្លាស់ប្ដូរ​៥​នាក់ ក្នុងការ​ប្រកួត​នៅ​រដូវ​កាល​នេះ លើកលែងតែ​ក្លិប​បាល់ទាត់​ក្របខណ្ឌ​អង់គ្លេស​ទេ ដែល​បោះឆ្នោត​ប្រឆាំង​ការកែប្រែ​ច្បាប់​នេះ​។ ក្របខណ្ឌ​អង់គ្លេស ទំនងជា​នៅ​បន្ត​អនុវត្ត​ការផ្លាស់ប្ដូរ​កីឡាករ​៣​នាក់​ក្នុង​ការប្រកួត​ដដែល សម្រាប់​រដូវ​កាល​ថ្មី​នេះ​។​
 
​ក្របខណ្ឌ​បាល់ទាត់​អេ​ស្ប៉ា​ញ La Liga Santander នឹងត្រូវ​បើក​រដូវ​កាល​ប្រកួត នៅ​ថ្ងៃទី​១១ កញ្ញា​នេះ​៕
 
 

Tag:
 La Liga
  បាល់ទាត់​អេ​ស្ប៉ា​ញ
© រក្សាសិទ្ធិដោយ thmeythmey.com