ជាតិ
សេដ្ឋកិច្ច
លោក ស៊ន ឌីប៉ង់៖ កម្ពុជាមានតម្រូវការផលិតផលទឹកឃ្មុំច្រើន តែការផលិតនៅតិច
× វិស័យកសិកម្មកម្ពុជាមានសក្ដានុពលខ្ពស់ ហើយក៏ជាហេតុអំណោយផលខ្ពស់ ចំពោះផលិតភាពទឹកឃ្មុំ។ ទោះជាយ៉ាងនេះក្តី ផលិតភាព ទឹកឃ្មុំនៅកម្ពុជា មិនទាន់អាចបំពេញតាមតម្រូវការទីផ្សារដ៏ខ្ពស់នៅឡើយទេ ដោយសារការផលិតនៅមានកម្រិតនៅឡើយ។ នៅក្នុងកិច្ចសម្ភាសជាមួយ ThmeyThmey25 លោក ស៊ន ឌីប៉ង លើកឡើងបន្ថែមថា កម្ពុជាក៏នៅមិនទាន់មានការចែកចាយបណ្តាញអ្នកផលិត និងចែកចាយត្រឹមត្រូវនៅឡើយដែរ។
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាបទសម្ភាសន៍រវាងកញ្ញា ខន ណារី អ្នកសារព័ត៌មាននៃ សារព័ត៌មាន ThmeyThmey25 និងលោក ស៊ន ឌីប៉ង់ សហស្ថាបនិក និងនាយកគ្រប់គ្រងក្រុមហ៊ុន SCW3PS Co,.Ltd ដូចតទៅ៖
ឃ្មុំចិញ្ចឹម អាចទទួលបានផល ច្រើនជាងឃ្មុំព្រៃ ហើយគុណភាពក៏មិនជាខុសគ្នាប៉ុន្មានដែរ អាស្រ័យលើបរិយាកាស និងតំបន់ ដែលសត្វឃ្មុំទាំងនោះរស់នៅ។ លោក ឌីប៉ង់ បានលើកឡើងបន្តថា នៅកម្ពុជាវិស័យកសិកម្មមានសក្ដានុពលខ្ពស់ ជាហេតុមានអំណោយផលចំពោះផលិតភាពទឹកឃ្មុំ ប៉ុន្តែផលិតភាពនៃការផ្គត់ផ្គង់ និងចរន្តនៃការចែកចាយទឹកឃ្មុំក្នុងប្រទេសកម្ពុជា ក៏នៅមានកម្រិតនៅឡើយ។ លោក ស៊ន ឌីប៉ង់ ដែលបានចាប់ផ្តើម អាជីវកម្មផលិត និងចែកចាយទឹកឃ្មុំ តាំងពីដើមឆ្នាំ ២០១៧មក បញ្ជាក់ដូច្នេះ៖ «កន្លងមកទីផ្សារទឹកឃ្មុំ គឺអត់មានចរន្តនៃការចែកចាយត្រឹមត្រូវនោះទេ។ បើសិនជាចង់បានទឹកឃ្មុំ គឺពិបាករកប្រភពនៃការចែកចាយ។ អីចឹងក្រុមហ៊ុនរបស់យើង គឺយើងបង្កើតចរន្តអ្នកចែកចាយ គឺយើងបង្កើតថ្មី។ អីចឹងទាំងការផលិត និងទីផ្សារ គឺយើងបង្កើតថ្មីទាំងទាំងអស់»។
ទោះជាយ៉ាងនេះក្តី លោក ស៊ន ឌីប៉ង នៅតែមានសុទិដ្ឋិនិយម ចំពោះការបង្កើនការផលិតទឹកឃ្មុំឲ្យអាចបំពេញតម្រូវការក្នុងស្រុក និងអាចមានឱកាសនាំចេញទៅក្រៅប្រទេសដែរ ពិសេសទៅកាន់ប្រទេសចិន តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៕
Tag:
ស៊ន ឌីប៉ង់
ទឹកឃ្មុំ
ចិញ្ចឹមឃ្មុំ
អាជីវកម្ម
ធុរកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com