រដ្ឋមន្ត្រីការបរទេសនៃរដ្ឋសមាជិកអាស៊ាន បានចាប់ផ្ដើមកិច្ចប្រជុំប្រចាំឆ្នាំ នៅថ្ងៃទី៩ ខែកញ្ញាហើយក្រោយត្រូវពន្យារពេលជាងមួយខែ ដោយសារជំងឺ COVID-19។ ការរាតត្បាតសកល COVID-19, ជម្លោះដែនអធិបតេយ្យភាពនៅសមុទ្រចិនខាងត្បូង, បញ្ហាជនភៀសខ្លួនរ៉ូហ៊ីងយ៉ានិងភាពតានតឹងនៅឧបទ្វីបកូរ៉េ ជាស្ថិតក្នុងបញ្ជីរបៀបវារៈនៃកិច្ចពិភាក្សានេះ។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៣ និងកិច្ចប្រជុំពាក់ព័ន្ធអាស៊ានដែលមានរយៈពេល៤ថ្ងៃ កំពុងរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូ ដោយសារតែជំងឺរាតត្បាតសកល COVID-19។ ជំនួបទាំងនេះ ដំបូងឡើយ គ្រោងរៀបចំឡើងនៅដើមខែសីហា ក្នុងខែសីហានារដ្ឋធានី ហាណូយ នៃប្រទេសវៀតណាម ព្រោះប្រធានអាស៊ានឆ្នាំ២០២០នេះ គឺជាវៀតណាម។
ក្នុងសុន្ទរកថាបើកកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វុក បានថ្លែងថា កិច្ចសហប្រតិបត្តិការរាប់ទសវត្សរ៍របស់សមាជិកអាស៊ាន គឺកំពុងត្រូវបានធ្វើតេស្តក្នុងបរិបទដែលពោរពេញដោយការប្រែប្រួលយ៉ាងឆាប់រហ័ស និងបញ្ហាប្រឈមដែលមិនធ្លាប់កើតមានពីមុនមក ជាពិសេស ជំងឺរាតត្បាតសកល COVID-19 ។
យ៉ាងណាមិញ ភាពស្អិតល្មួត និងការឆ្លើយតបក្នុងចំណោមសមាជិកអាស៊ានទាំង១០ បានអនុញ្ញាតឲ្យអង្គការតំបន់នេះឈរប្រកៀកស្មាគ្នាប្រឈមមុខនឹងបញ្ហាប្រឈមធំធេងនេះ ហើយបន្តពុះពារទៅមុខ។ លោកនាយករដ្ឋមន្ត្រី ហ្វុក បញ្ជាក់បែបនេះ ដែលដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo ។ មូលបទនៃកិច្ចប្រជុំអាស៊ានឆ្នាំ២០២០នេះ គឺ«ភាពស្អិតល្មួត និងការឆ្លើយតប»។
ជំងឺរាតត្បាតសកល COVID-19 គឺជាប្រធានបទក្តៅក្នុងជំនួបពិភាក្សាសម្រាប់ថ្ងៃដំបូងនៃកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន។ នេះបើយោងតាមសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍រួម ដែលទីភ្នាក់ងារ Kyodo ទទួលបាន ។ ក្នុងសេចក្តីព្រាងដដែល រដ្ឋមន្ត្រីការបរទេសអាស៊ាន ទទួលស្គាល់ពីផលប៉ះពាល់ធ្ងន់ធ្ងរនិងលើវិស័យជាច្រើន ដែលបង្កឡើងដោយសារជំងឺ COVID-19 មកលើតំបន់ ដូចជា ការបង្អាក់ច្រវាក់ផលិតកម្ម និងការបាត់បង់ការងារជាដើម។
បញ្ហាមួយទៀត ដែលទំនងនឹងត្រូវយកមកពិភាក្សាក្នុងជំនួបនេះ គឺ បញ្ហាជម្លោះដែនអធិបតេយ្យភាពនៅសមុទ្រចិនខាងត្បូង ។ សមុទ្រចិនខាងត្បូង កំពុងមានភាពតានតឹងកាន់តែខ្លាំងរវាងសហរដ្ឋអាមេរិក និងចិន ដោយក្រុងវ៉ាស៊ីនតោនចោទចិនថាសម្ងែងកម្លាំងយោធាដើម្បីសម្លុតប្រទេសជិតខាងខ្លួន ខណៈក្រុងប៉េកាំងអះអាងថាអាមេរិកជាប្រទេសខាងក្រៅ តែព្យាយាមជ្រៀតជ្រែកចូលបញ្ហាសមុទ្រចិនខាងត្បូង។
សមុទ្រនេះ ជាផ្លូវពាណិជ្ជកម្មដ៏មមាញឹកបំផុតមួយ និងមានធនធានធម្មជាតិជាច្រើន ដូចជា ប្រេង ឧស្ម័ន និងត្រី ដែលមានតម្លៃរាប់ពាន់លានដុល្លារ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ចិនបានកសាងកោះសិប្បនិម្មិត ដែលបំពាក់ដោយហេដ្ឋារចនាសម្ព័ន្ធយោធា។ ទង្វើនេះបង្កក្តីព្រួយបារម្ភដល់ប្រទេសក្នុងតំបន់អាស៊ានខ្លះ ដែលទាមទារតំបន់ត្រួតស៊ីជាមួយចិន។ ក្រៅពីចិន ប្រទេសទាមទារផ្សេងទៀត មានដូចជា វៀតណាម ហ្វីលីពីន ព្រុយណេ និងម៉ាឡេស៊ី ។
ម្យ៉ាងទៀត សេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានដដែល ក៏បាននិយាយដល់បញ្ហារ៉ូហ៊ីងយ៉ា។ ជនភាគតិចមួយនេះ រត់ភៀសខ្លួនពីរដ្ឋរ៉ាក់ឃីន ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា ទៅកាន់ព្រំដែនបង់ក្លាដែស ដើម្បីគេចខ្លួនពីការបង្ក្រាបរបស់ក្រុមយោធា។ តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ចាប់តាំងពីខែសីហា ឆ្នាំ២០១៧ ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាប្រមាណ ៧៤ម៉ឺននាក់ បានភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស។
ចុងក្រោយ ភាពតានតឹងនៅឧបទ្វីបកូរ៉េ ក៏នឹងរំពឹងថាស្ថិតក្នុងរបៀបវារៈកំពូលរបស់កិច្ចប្រជុំពាក់ព័ន្ធរបស់រដ្ឋមន្ត្រីអាស៊ានផងដែរ ជាពិសេស ក្នុងវេទិកាតំបន់អាស៊ាន (ARF) ដែលនឹងរៀបចំឡើងនាថ្ងៃទី១២ ខែកញ្ញា ។ កិច្ចប្រជុំដែលផ្តោតសំខាន់បញ្ហាសន្តិសុខតំបន់ ក៏នឹងមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី និងរដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ ផងដែរ។
ការឈ្លោះប្រកែកគ្នារវាងមហាអំណាចទាំងពីររាប់ចាប់តាំងពីសង្គ្រាមពាណិជ្ជកម្ម ការទម្លាក់កំហុសគ្នាទៅមកករណីជំងឺ COVID-19 និងគោលនយោបាយចិននៅហុងកុងជាដើម នឹងធ្វើឲ្យកិច្ចជំនួបពាក់ព័ន្ធអាស៊ាន ARF កាន់តែក្តៅគគុក ទោះបីជារៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូក៏ដោយក្តី៕