អន្តរជាតិ
តៃវ៉ាន់ ថា យន្ត​ចម្បាំង​ចិន​ហោះចូល​ដែនអាកាស​របស់ខ្លួន​
09, Sep 2020 , 5:29 pm        
រូបភាព
យន្តហោះចម្បាំង J-10 របស់ចិន។ រូបភាព៖ military-today
យន្តហោះចម្បាំង J-10 របស់ចិន។ រូបភាព៖ military-today
​យន្តហោះ​ចិន​ជាច្រើន​គ្រឿង បាន​ហោះចូល​ដែនអាកាស​នៅ​ភាគខាងត្បូង​របស់​តៃវ៉ាន់ នៅ​ថ្ងៃទី​៩ ខែកញ្ញា​។ ក្រសួងការពារជាតិ​តៃវ៉ាន់​បានបញ្ជាក់​បែបនេះ ដោយ​បន្ថែមថា ខ្លួន​ក៏បាន​បញ្ជា​ឲ្យ​យន្តហោះ​ទាំងនោះ​ចេញពី​ដែនអាកាស​ខ្លួន​ដែរ បើ​មិន​ចង់​មាន​បញ្ហា​។

 
​ចិន តែងតែ​បញ្ជូន​យន្តហោះ​ចម្បាំង​របស់ខ្លួន​មក​ក្នុង​ដែនអាកាស​តៃវ៉ាន់​។ រដ្ឋាភិបាល​ក្រុង​តៃប៉ិ តែងតែ​តវ៉ា​ពី​បញ្ហា​នេះ​រាល់​លើក​ដែរ​។ បើទោះបី​ជាមាន​ការតវ៉ា​ច្រើនលើក​ពី​សំណាក់​តៃវ៉ាន់​មែន ប៉ុន្តែ​ចិន​នៅតែ​ផ្គើន​ដាក់​តៃវ៉ាន់​ដដែល តាមរយៈ​សកម្មភាព​ដ​ដែលៗ​របស់ខ្លួន​។ 
 
​នៅពេល​ព្រឹក​ថ្ងៃទី​៩ ខែកញ្ញា យន្តហោះ​ចម្បាំង​របស់​ចិន​ជាច្រើន​គ្រឿង បាន​ហោះចូល «​តំបន់​ដែល​អាច​ឆ្លើយតបបាន​» នា​ភាគខាងត្បូង​តៃវ៉ាន់​ជាថ្មី ។ ក្រសួងការពារជាតិ​តៃវ៉ាន់ បាន​បញ្ជាក់ថា យន្តហោះ​ចម្បាំង​ទាំងនោះ​មាន​ប្រភេទ Su-30 និង J-10 តែ​មិន​បញ្ជាក់​ចំនួន​ឡើយ​។ ជាមួយនឹង​ការ​ថ្កោលទោស​តៃវ៉ាន់ ចាត់ទុក​សកម្មភាព​បែ​ប​នេះ ជា​ការចង់​បំផ្លាញ​ស្ថិរភាព និង​សន្តិភាព​ក្នុង​តំបន់ តាមរយៈ​សកម្មភាព​ឯកតោភាគី​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Liberty Times តៃវ៉ាន់​ក៏បាន​ព្រមាន​ឲ្យ​យន្តហោះ​ចម្បាំង​ទាំងនោះ​ចាកចេញ​ពី​ដែនអាកាស​របស់ខ្លួន​ដែរ​។ ក្នុងការ​ហោះហើរ​ចូល​ដែនអាកាស​ដែល​អាច​តបត​បាន​បែបនេះ តៃវ៉ាន់​អាច​ចាត់វិធានការ​ភ្លាមៗ និង​សមស្រប​បំផុត​។ ដោយឡែក តៃវ៉ាន់ ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ខ្លួន កុំ​ភ្ញាក់ផ្អើល​អ្វី​ឡើយ​។  
 
​មិនទាន់​ដឹង​ពី​មូលហេតុ​ជាក់លាក់​ពាក់ព័ន្ធ​វត្តមាន​យន្តហោះ​ចម្បាំង​ហោះ​ចិន​ចូល​ដែនអាកាស​របស់​តៃវ៉ាន់​នៅឡើយ​ទេ ប៉ុន្តែ​យន្តហោះ​ចម្បាំង​ចិន​ទាំងនោះ ទំនងជា​ផ្នែក​មួយ​នៃ​សមយុទ្ធ​យោធា​របស់​ចិន ដែល​កំពុង​ធ្វើ​នៅ​ភាគខាងត្បូង​នៃ​សមុទ្រ​លឿង​នៅ​ថ្ងៃទី​៩ ខែកញ្ញា​។​
 
​ថ្មីៗ​នេះ តៃវ៉ាន់ ក៏បាន​ធ្វើ​សមយុទ្ធ​យោធា​នៅ​ឆ្នេរ​ភាគខាងត្បូង និង​ខាងកើត​របស់ខ្លួន ដើម្បី​ការពារ​ការវាយប្រហារ​មកពី​ខាងក្រៅ​។ ចំណែក​ចិន​វិញ ក៏បាន​ធ្វើ​សមយុទ្ធ​យោធា​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ផងដែរ ដើម្បី​បញ្ចេញ​សាច់ដុំ​របស់ខ្លួន នៅ​ខែសីហា​កន្លងទៅ​ដែរ​។ 
 
​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​៨ ខែកញ្ញា លោកស្រី​ប្រធានាធិបតី Tsai Ing-wen បាន​អំពាវនាវ​ឲ្យ​ប្រទេស​សម្ព័ន្ធមិត្ត​កាន់​របប​ប្រជាធិបតេយ្យ ប្រឆាំង​សកម្មភាព​អុង​អាត់​របស់​ប្រទេស​មួយចំនួន និង​ការពារ​សេរីភាព​នៅក្នុង​តំបន់​។ ការលើកឡើង​របស់​មេ​ដឹកនាំ​តៃវ៉ាន់​បែបនេះ ទំនងជា​សំដៅ​ដល់ទី​ក្រុង​ប៉េកាំង ដែល​បាន​បង្កើន​សកម្មភាព​យោធា​របស់ខ្លួន​យ៉ាងខ្លាំង​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង សមុទ្រ​ចិន​ខាងកើត និង​ច្រក​សមុទ្រ​តៃវ៉ាន់​៕

Tag:
 តៃវ៉ាន់​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com