អន្តរជាតិ
របាយការណ៍៖ មនុស្សច្រើនជាង១ពាន់លាននាក់នឹងត្រូវបម្លាស់ទីនៅឆ្នាំ២០៥០ គ្រោះរាំងស្ងួតនៅប្រទេសកេនយ៉ា។_រូបភាព៖_AFP
× មនុស្សច្រើនជាង១ពាន់លាននាក់នឹងត្រូវបម្លាស់ទីនៅឆ្នាំ២០៥០ ។ នេះបើយោងតាមរបាយការណ៍របស់ស្ថាប័នស្រាវជ្រាវ Institute for Economics and Peace (IEP) ដែលចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា។ កំណើនប្រជាជនយ៉ាងឆាប់រហ័ស កង្វះខាតទឹកនិងអាហារ និងការប្រឈមមុខកាន់តែខ្លាំងឡើងជាមួយនឹងគ្រោះធម្មជាតិ ជាកត្តាសំខាន់។
ស្ថាប័នស្រាវជ្រាវ Institute for Economics and Peace ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បានចេញរបាយការណ៍វិភាគដែលមានចំណងជើងថា Ecological Threat Register ដែលបង្ហាញពីគ្រោះប្រឈមចំនួន៨ ដែលបណ្តាលមកពីបរិស្ថាន។ របាយការណ៍នេះ ក៏បានបង្ហាញប្រទេស នឹងតំបន់ដែលប្រឈមខ្លាំងទៅនឹងគ្រោះមហន្តរាយទាំងនោះ។
ដោយប្រើប្រាស់ទិន្នន័យពីរបាយការណ៍របស់អង្គការសហប្រជាជាតិ និងទិន្ន័យដទៃផ្សេងទៀត IEP បានវិភាគថា នៅឆ្នាំ២០៥០ ប្រជាជនលើពិភពលោកនឹងកើនដល់១០ពាន់លាននាក់។ កំណើនប្រជាជននេះ នឹងធ្វើឲ្យមានជម្លោះសង្គ្រាម និងការប្រជែងដណ្តើមធនធានធម្មជាតិ នឹងកើនឡើងកាន់តែខ្លាំង ដែលបណ្តាលឲ្យមនុស្ស១,២ពាន់លាននាក់ងាយរងគ្រោះ និងត្រូវបង្ខំចិត្តបម្លាស់ទីពីលំនៅស្ថាននៅឆ្នាំ២០៥០។
នៅឆ្នាំ២០១៩ មានមនុស្សចំនួន៣០លាននាក់បានបម្លាស់ទី ដោយសារជម្លោះសង្គ្រាម និងកត្តាធម្មជាតិផ្សេងៗ។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Steve Killelea ស្ថាបនិករបស់ IEP បាននិយាយថា៖« ការបម្លាស់ទីនេះ មិនត្រឹមតែបណ្តាលឲ្យមានផលប៉ះពាល់សង្គម និងនយោបាយក្នុងប្រទេសកំពុងអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែក៏មានផងដែរចំពោះប្រទេសអភិវឌ្ឍដោយសារតែការបម្លាស់ទីយ៉ាងច្រើនរបស់ជនភៀសខ្លួន»។
របាយការណ៍វិភាគខាងលើ បានបែងចែកការប្រឈមបរិស្ថានជា២ប្រភេទធំៗ គឺអសន្តិសុខស្បៀង កង្វះខាតទឹក និងកំណើនប្រជាជន ហើយនិងគ្រោះធម្មជាតិដែលមាន ទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់ព្យុះត្រូពិក និងការកើនឡើងកម្ពស់ទឹកសមុទ្រ។ របាយការណ៍ខាងលើ ក៏បង្ហាញផងដែរនូវលទ្ធផលវិភាគលើការប្រឈមបរិស្ថាន និងសមត្ថភាពក្នុងការទប់ទល់របស់ប្រទេសចំនួន១៤៧។
ជាក់ស្តែង ចិន និងឥណ្ឌា នឹងប្រឈមកង្វះខាតទឹកនៅពេលខាងមុខ។ ចំណែកប្រទេសឯទៀតដូចជាប៉ាគីស្ថាន អ៊ីរ៉ង់ ម៉ូសំប៊ិក កេនយ៉ា និងម៉ាដាហ្កាស្កា នឹងប្រឈមជាមួយគ្រោះធម្មជាតិជាច្រើន ក៏ដូចជាការថមថយសមត្ថភាពក្នុងការទប់ទល់នឹងបញ្ហាប្រឈមធម្មជាតិទាំងនោះ។ លោក Killelea បានលើកឡើងថា ទឹកសាបនៅពេលបច្ចុប្បន្ននេះ មានចំនួន៦០ភាគរយតិចជាងអ្វីដែលធ្លាប់មានកាលពី៥០ឆ្នាំមុន ចំណែកឯតម្រូវការអាហារនឹងកើនឡើង៥០ភាគរយនៅរយៈពេល៣០ឆ្នាំខាងមុខ ហើយមួយផ្នែកធំបណ្ដាលមកពីកំណើនប្រជាជនជីវភាពមធ្យមនៅអាស៊ី។
កត្តាខាងលើ រួមផ្សំជាមួយនឹងគ្រោះធម្មជាតិដែលនឹងកើតឡើងជាញឹកញាប់ដោយសារបម្រែបម្រួលអាកាសធាតុ អាចបណ្តាលឲ្យប្រទេសដែលមានស្ថិរភាព ក្លាយជាប្រទេសងាយរងគ្រោះផងដែរ។ របាយការណ៍ខាងលើ ក៏បង្ហាញថា អាហ្វហ្កានីស្ថាន ម៉ូសំប៊ិក និងណាមីប៊ី ជាប្រទេសដែលមានការប្រឈមបរិស្ថានកម្រិតខ្ពស់បំផុត ខណៈកម្ពុជាស្ថិតក្នុងចំណោមមានការប្រឈមបរិស្ថានកម្រិតទាប ដែលក្នុងនោះមានគ្រោះទឹកជំនន់៕
© រក្សាសិទ្ធិដោយ thmeythmey.com