ជាតិ
សង្គមជាតិ
លោក ហ៊ុន ម៉ានី សោកស្ដាយចំពោះមរណភាពលោកតា នូ លាត សិប្បករផលិតឧបករណ៍ដែកបុរាណ
× ភ្នំពេញ៖ លោកតា នូ លាត ដែលគេស្គាល់ជាទូទៅថាជាជាងដំដែក និងចេះផលិតឧបករណ៍ដែកបុរាណនោះ បានទទួលមរណភាពនៅថ្ងៃទី៩ កញ្ញានេះ ក្នុងអាយុ៨៨ឆ្នាំ។ តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ានី សោកស្ដាយចំពោះមរណភាពលោកតា នូ លាត សិប្បករផលិតឧបករណ៍ដែកបុរាណនេះ។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានស្គាល់លោកតា នូ លាត នោះ បានសរសេររំលែកទុក្ខលើហ្វេសប៊ុកខ្លួន ដោយអមជាមួយរូបថតលោកតាដូច្នេះថា៖«ខ្ញុំសូមលើកដៃបួងសួង សូមដួងវិញ្ញាណក្ខ័ន្ធលោកតាបានដល់សុគតិភពកុំបីឃ្លៀងឃ្លាត និងសូមស្មារតីជាគម្រូ នៃការថែរក្សាកេរមរតកប្រពៃណីដូនតា ដែលលោកតាបានបន្សល់ទុក ស្ថិតក្នុងការចងចាំរបស់កូនខ្មែរជំនាន់ក្រោយគ្រប់រូបកុំបីឃ្លៀងឃ្លាត»។
មុនទទួលមរណភាពលោកតា នូ លាត សិប្បករផលិតឧបករណ៍ដែកបុរាណ ធ្លាប់បាននាំយកឧបករណ៍បុរាណខ្មែរ និងរបៀបធ្វើទៅបង្ហាញដល់អ្នកចូលទស្សនាព្រឹត្តិការណ៍អង្គរសង្រ្កាន្តកាលពីឆ្នាំ២០១៧។
លោកតា នូ លាត ចេះផលិតឧបករណ៍បុរាណធ្វើពីដែក ដូចជាដាវ ពូថៅ កណ្ដៀវ ខ្វែវ ផ្គាក់ កាំបិតបន្ទោះជាដើម។ ក្រៅពីនោះលោកតាក៏ចេះធ្វើរទេះគោ និងខ្លែងឯកផងដែរ។បើតាមក្រុមគ្រួសារ សពលោកតាតម្កល់ទុកនិងធ្វើបុណ្យនៅគេហដ្ឋាន ស្ថិតនៅភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង (ខាងកើតប្រាសាទបាគង)៕
© រក្សាសិទ្ធិដោយ thmeythmey.com