COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន​សហព័ន្ធ​ក្លិប​អឺរ៉ុប ព្យាករ​ថា ក្លិប​នឹង​ធ្លាក់​ចំណូល​ជាង​៤​ពាន់​លាន​ដុល្លារ​នៅ​២​ឆ្នាំ​ខាងមុខ ដោយសារ​វិបត្តិ​កូ​វីដ​-១៩
10, Sep 2020 , 9:37 am        
រូបភាព
រូបពីTwitter UEFA
រូបពីTwitter UEFA
​វិស័យ​បាល់ទាត់​នៅ​អឺរ៉ុប នឹង​បន្ត​ស្ថិតនៅក្រោម​វិបត្តិ​គ្រប់គ្រង​សេដ្ឋកិច្ច ដោយសារ​ការធ្លាក់ចុះ​ចំណូល ព្រោះតែ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​រយៈពេល​២​ទៅ​៣ ឆ្នាំ​ទៀត​។ នេះ​ជាការ​លើកឡើង​របស់លោក Andrea Agnelli ប្រធាន​សហព័ន្ធ​ក្លិប​បាល់ទាត់​អឺរ៉ុប ដែល​ព្រមាន​ពី​ហានិភ័យ​ធ្លាក់ចុះ​ចំណូល​ធ្ងន់ធ្ងរ​ដោយសារ​វិបត្តិ​កូ​វីដ​-១៩​។

 
​មូលហេតុ​ដែល​លោក Andrea Agnelli លើកឡើង​បែបនេះ ដោយសារ​មើលឃើញ​ពី​ប្រាក់ចំណូល​ធ្លាក់ចុះ​នៅក្នុង​អំឡុងពេល​ការប្រកួត​បិទ​បញ្ចប់​រដូវ​កាល នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ ត្រង់ចំណុច​នេះ​លោក Agnelli បាន​សង្កត់ធ្ងន់ថា ការបាត់បង់​អ្នកគាំទ្រ​ទស្សនា​បាល់ទាត់ ដែលជា​ប្រភព​ចំណូល​យ៉ាងសំខាន់ ,​ការធ្លាក់ចុះ​ចំណូល​ពី​ការឧបត្ថម្ភ (Sponsorship) និង​ការធ្លាក់ចុះ​តម្លៃ​ទីផ្សារ​ទិញដូរ​កីឡាករ ពី​២០​ទៅ​៣០​ភាគរយ សុទ្ធសឹងតែ​ជា​មូល​ហេតុដែល​ធ្វើឱ្យ​ក្លិប​នីមួយៗ​ជួបប្រទះ​វិបត្តិ​។ លោក Agnelli ក៏បាន​វាត​ម្លៃ​ថា ចំណូល​របស់​ក្លិប​នៅ​លី​គ​ធំៗ​ទាំងអស់ នឹង​ធ្លាក់ចុះ​ក្នុង​រង្វង់​៤​ពាន់​លាន​អឺរ៉ូ (៤៧០៧​លាន​ដុល្លារ​) ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​ខាងមុខ​ទៀត​។​
 
​ប្រធាន​សហព័ន្ធ​ក្លិប​បាល់ទាត់​អឺរ៉ុប និង​ជា​ប្រធាន​ក្លិប​សេះបង្កង Juventus រូបនេះ ត្រូវបាន​សារព័ត៌មាន Channel News Asia ស្រង់​សម្តី​ដូច្នេះ​ថា​៖«​យើង​(​ក្លឹប​អឺរ៉ុប​) កំពុង​សម្លឹងមើល​ការធ្លាក់ចុះ​ប្រាក់ចំណូល​ប្រហែល ៤ ពាន់​លាន​អឺរ៉ូ ក្នុង​រយៈពេល ២ ឆ្នាំ​ខាងមុខ​» ។​
 
​ខណៈ​កំពុង​ជួប​បញ្ហា​វិបត្តិ​ចំណូល ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ សហព័ន្ធ ក៏​ត្រៀម​ប្រាក់​បង្វិល​សង​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ សម្រាប់​ការប្រកួត Champions League និង Europa League ដែលមាន​ទឹកប្រាក់​៥៧៥​លាន​អឺរ៉ុប ( ស្មើ​៦៧៨​លាន​ដុល្លារ​អាមេរិក​) ដែរ​។ នេះ​បើតាម​លោក Andrea Agnelli​។​
 
​លោក Andrea Agnelli បាន​បន្ថែមថា​៖«​យើង​បានឃើញ​ហើយ ពី​ចំណុច​សំខាន់​នៃ​ការ​បង្វិលប្រាក់​សង​ចាងហ្វាង​ផ្សព្វផ្សាយ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ យើង​ក៏បាន​ឃើញ​ដែរ ពី​ការ​បង្វិលប្រាក់​ទៅ​ក្របខណ្ឌ Premier League ចំនួន​៣៣០​លាន​ផោន​(៤៣០​លាន​ដុល្លារ​អាមេរិក​) និង​ការធ្លាក់ចុះ​ចំណូល​នៃ​ការផ្សព្វផ្សាយ នៅ​ក្របខណ្ឌ Bundesliga របស់​អាល្លឺម៉ង ដែលមាន​ទឹកប្រាក់​២០០​លាន​អឺរ៉ូ (២៣៥​លាន​ដុល្លារ​អាមេរិក​) ។​ហើយ​យើង​ក៏​កំពុង​បិទ​បញ្ជី​គណនី UEFA ជាមួយ​ការចំណាយ​ប្រហែល​៥៧៥​លាន​អឺរ៉ូ (​ស្មើ​៦៧៨​លាន​ដុល្លារ​អាមេរិក​) សម្រាប់​ការប្រកួត​ក្លិប​អន្តរជាតិ​ផ្សេងៗ ។​នេះ​ជា​ទំហំ​ទឹកប្រាក់​ដុល​»​។​
 
​ចំពោះ​ការពិភាក្សា​ជុំវិញ​ការផ្លាស់ប្តូរ​ទ្រង់ទ្រាយ​នៃ​ការប្រកួត​ក្លឹប​នៅ​អឺរ៉ុប ជាមួយ​ភាគី​មេដឹកនាំ​នៅក្នុង​លី​គ​តំបន់​អឺរ៉ុប​ផ្សេងទៀត ត្រូវបាន​ជាប់គាំង នៅក្នុង​បរិបទ​«​គ្រប់គ្រង​វិបត្តិ​សេដ្ឋកិច្ច​»​នេះ ។​នេះ​បើតាម​លោក Andrea Agnelli ដែល​អំពាវនាវ​ឱ្យមាន​ភាគី​ពាក់ព័ន្ធ រួមគ្នា​កែប្រែ​ការប្រកួត​អន្តរជាតិ និង​របៀប​ធ្វើឱ្យ​ក្លិប​នីមួយៗ​មាន​ភាពប្រសើរឡើង ចាប់ពី​ឆ្នាំ​២០២៤​ទៅ ដើម្បី​អាច​ទទួលបាន​ចំណូល​ដ៏​ល្អ​បំផុត​មួយ ក្រោយពី​វិបត្តិ​កូ​វីដ​-១៩​។​
 
«​យើង​នឹងត្រូវ​ការស្ដារ​ឡើងវិញ មុននឹង​យើង​អាច​ទទួលបាន​ដំណោះស្រាយ​សមរម្យ​នូវ​អ្វីដែល​យើង​ចង់បាន​នៅក្នុង​អនាគត​។ យើង​ចាំបាច់​ត្រូវការ​យោគយល់​គ្នា​ដោយ​ការផ្លាស់ប្តូរ​ដោយ​ស្មើភាព​គ្នា នូវ​អ្វី​ដែលជា​ផលប្រយោជន៍​នៃ​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​ក្លិប ក្រោយ​វិបត្តិ​កូ​វីដ​-១៩»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រធាន​សហព័ន្ធ​ក្លិប​បាល់ទាត់​អឺរ៉ុប​៕
 
 
 
 

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com