ជាង​បី​ខែ អាមេរិក​លុប​ទិដ្ឋាការ​និស្សិត​និង​អ្នកស្រាវជ្រាវ​ចិន​ជាង​១០០០​នាក់​តាម​បញ្ជា​លោក ត្រាំ
សង្គមអន្តរជាតិ​
អន្តរជាតិ
ជាង​បី​ខែ អាមេរិក​លុប​ទិដ្ឋាការ​និស្សិត​និង​អ្នកស្រាវជ្រាវ​ចិន​ជាង​១០០០​នាក់​តាម​បញ្ជា​លោក ត្រាំ
10, Sep 2020 , 10:21 am        
រូបភាព
និស្សិតចិនម្នាក់កំពុងដើរនៅសាកលវិទ្យាល័យមួយ។ រូបភាព AFP
និស្សិតចិនម្នាក់កំពុងដើរនៅសាកលវិទ្យាល័យមួយ។ រូបភាព AFP
​ក្រសួងការបរទេស​អា​មេ​រិ​ក បានប្រកាស​នៅ​ថ្ងៃទី​៩ ខែកញ្ញា ថា ខ្លួន​បាន​លុបចោល​ទិដ្ឋាការ​ដែល​ផ្ដល់​ឲ្យ​ជនជាតិ​ចិន​ជាង​១០០០​នាក់​ក្នុង​រយៈពេល​បី​ខែ​ដែល​ក្នុងនោះ​មាន​ទាំង​និស្សិត​កំពុង​សិក្សា​នៅ​អាមេរិក និង​អ្នកស្រាវជ្រាវ​នៅតាម​សាកលវិទ្យាល័យ​នានា​ផង​។ ការលុបចោល​នេះ ជាការ​អនុវត្តតាម​បញ្ជា​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​តែង​ចោទ​ចិន​ថា ប្រើប្រាស់​និស្សិត​ចិន​ដើម្បី​ប្រមូល​ព័ត៌មាន​នានា​ឲ្យ​រដ្ឋាភិបាល​ប៉េកាំង​។

 
​លោក ដូ​ណា​ល់ ត្រាំ បានចេញ​បញ្ជា​ប្រតិបត្តិ​មួយ​នៅ​ថ្ងៃទី​២៩ ខែឧសភា ដែល​បើ​ផ្លូវ​ដល់​ការលុបចោល ឬ​មិន​ផ្ដល់​ទិដ្ឋាការ​សម្រាប់​ជនជាតិ​ចិន​ណា​ដែល​អាចជា​ហានិភ័យ​ដល់​អាមេរិក​។ បញ្ជា​របស់លោក ត្រាំ ដែល​ចេញ​ចំពេល​ទំនាក់ទំនង​ជាមួយ​ចិន​មិនសូវ​ល្អ សំដៅលើ​ជនជាតិ​ចិន​ទាំង​និស្សិត និង​ប្រជាជន​ធម្មតា​ដែល​ត្រូវបាន​ចាត់ទុកជា​គ្រោះថ្នាក់​សម្រាប់​សន្តិសុខ​អាមេរិក និង​ពាក់ព័ន្ធ​ការប្រមូល​ព័ត៌មាន​នៅ​ទឹកដី​អាមេរិក​ផងដែរ​។ 
 
​បញ្ជា​ខាងលើ ចូល​ធរមាន​នៅ​ថ្ងៃទី​១ ខែមិថុនា​។ ជាង​បី​ខែ​មកនេះ ជន​ជាតិចិន​ច្រើនជាង​១០០០​នាក់ ត្រូវបាន​ក្រសួងការបរទេស​អាមេរិក​លុបចោល​ទិដ្ឋាការ​របស់​ពួកគេ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​បញ្ជាក់ថា​៖ «​គិត​ត្រឹម​ថ្ងៃទី​៨ ខែកញ្ញា ក្រសួងការបរទេស​អា​មេ​រិ​កបាន​ដក​ទិដ្ឋាការ​ពី​ជន​ជាតិចិន​ច្រើនជាង​មួយ​ពាន់​នាក់ ដែល​ត្រូវបាន​រកឃើញថា ស្ថិតក្រោម​លក្ខខណ្ឌ​បញ្ជា​ប្រតិបត្តិ​លេខ​១០០៤៣ ហើយ​គ្មាន​សិទ្ធិ​ទទួលបាន​ទិដ្ឋាការ​ឡើយ​។​»
 
​អ្នកនាំពាក្យ​ដដែល អះអាងថា និស្សិត​ថ្នាក់​ឧ​ត្ត​មសិ​ក្សា និង​អ្នកស្រាវជ្រាវ ដែល​មិនអាច​ទទួលបាន​ទិដ្ឋាការ តំណាង​ឲ្យ​ផ្នែក​តូច​នៃ​ចំនួន​និស្សិត និង​អ្នកស្រាវជ្រាវ​ចិន​ដែល​ធ្វើដំណើរ​ទៅកាន់​អាមេរិក​។ ដូចនេះ អាមេរិក នៅតែ​បន្ត​ស្វាគមន៍​សិស្ស​និស្សិត​ចិន​ស្របច្បាប់​ដែល​មិន​ធ្វើតាម​គោលការណ៍​បក្ស​កុម្មុយនីស្ត​ចិន​ក្នុង​ការធ្វើ​អនុត្តរភាព​យោធា​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ ក្រសួងការបរទេស​អា​មេ​រិ​ក បញ្ចេញ​ព័ត៌មាន​លម្អិត​ពី​អ្នក​ដែល​ត្រូវ​លុប​ទិដ្ឋាការ​ឡើយ​។​
 
​ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩ សិស្ស​ចិន​រៀន​នៅ​អាមេរិក​មាន​ជិត​៣៧​ម៉ឺន​នាក់ ដែល​ក្លាយជា​ប្រភព​ដ៏​សំខាន់​មួយ​របស់​បណ្ដា​សាកលវិទ្យាល័យ​អាមេរិក​ក្នុង​កាលៈទេសៈ​ដែល​ជំងឺ COVID-19 កំពុង​រាតត្បាត​នោះ​។ យ៉ាងណាមិញ ទីក្រុង​វ៉ាស៊ីនតោន​អះអាងថា និស្សិត​ចិន​កាន់តែច្រើន ក្លាយជា​ឧបករណ៍​របស់​បក្ស​កុម្មុយនីស្ត​ចិន​ក្នុងការ​លួច​ស៊ើបការណ៍​សំងាត់​ពី​អាមេរិក​៕
 

Tag:
 អាមេរិក​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com