COVID-19
អន្តរជាតិ
ចិន ប្រាប់​អាស៊ាន​ថា អាមេរិក ជា​អ្នក​នាំ​ឲ្យ​មាន​យោ​ធូប​នីយកម្ម​ធំជាងគេ​នៅ​សមុទ្រ​ចិន​ខាងត្បូង​
10, Sep 2020 , 11:37 am        
រូបភាព
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន តាមប្រព័ន្ធវីដេអូ Conference នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០។ រូបភាព៖ ក្រសួងការបរទេសកម្ពុជា
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន តាមប្រព័ន្ធវីដេអូ Conference នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០។ រូបភាព៖ ក្រសួងការបរទេសកម្ពុជា
​ប្រមុខ​ការទូត​ចិន លោក​វ៉ាង យី នៅ​ថ្ងៃទី​៩ ខែកញ្ញា បាន​ប្រាប់​អាស៊ាន​ថា អាមេរិក​គឺជា​អ្នកធ្វើ​យោ​ធូប​នីយកម្ម​ដ៏​ធំជាងគេ​បង្អស់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីការបរទេស​ចិន បា​នប​ចោទ​ទៀតថា អាមេរិក បាន​ជ្រែ​ត​ជ្រែក​ចូលមកក្នុង​ជម្លោះដែនសមុទ្រ​មួយ​នេះ​ដោយផ្ទាល់ ដើម្បី​បម្រើ​តម្រូវការ​នយោបាយ​រប​ស់​ខ្លួន​។

 
​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៣ ដែលមាន​រយៈពេល ៤​ថ្ងៃ បានចាប់ផ្តើម​ហើយ​នៅ​ថ្ងៃទី​៩ ខែកញ្ញា​។ ក្រៅពី COVID-19 និង​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​ជំងឺឆ្លង​សកល​នេះ សមុទ្រ​ចិន​ខាងត្បូង នៅតែ​ជា​ប្រធានបទ​ដ៏​សំខាន់ នៃ​កិច្ចប្រជុំ​នេះ​។ ក្នុងនាម​ជា​ប្រធាន​ផ្លាស់​វេន​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន វៀតណាម ក៏បាន​លើកឡើង​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​សកម្មភាព​យោធា​នៅក្នុង​តំបន់​នេះ​។ 
 
​មួយរយៈ​មុន ចិន បានធ្វើ​សម​យោធា​នៅក្បែរ​ប្រជុំ​កោះ Paracel និង​Spratly ដែល​បង្ក​ឲ្យ​មានការ​ជំទាស់​ពី​ភាគី​ជម្លោះ ដូចជា​វៀតណាម​ជាដើម​។ ចំណែក​អាមេរិក​វិញ ក៏បាន​បញ្ជូន​នាវា​ដឹក​យន្តហោះ​ពីរ​គ្រឿង ទៅក្នុង​តំបន់​នេះដែរ ស្របពេល​ចិន កំពុង​ធ្វើ​សមយុទ្ធ​យោធា​នៅក្បែរ​ប្រជុំ​កោះ Paracel កាលពីដើម​ខែកក្កដា​។ បន្ថែម​ពីលើ​នេះ នៅ​ចុងខែ​សីហា អាមេរិក បាន​រាយការណ៍​ថា ចិន​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចំនួន ៤​គ្រាប់​ចូលទៅក្នុង​សមុទ្រ​នេះ​ថែមទៀត​។​
 
​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន​នៅ​ធ្ងៃ​ទី​៩ ខែកញ្ញា លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស បាន​អះអាងថា ទីក្រុង​វ៉ាស៊ីនតោន គឺជា​អ្នកធ្វើ​យោ​ធូប​នីយកម្ម​ដ៏​ធំជាងគេ​បង្អស់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ បើតាម​លោក វ៉ាង សកម្មភាព​របស់​អាមេរិក គឺ​ដើម្បី​បង្ខូច​សកម្មភាព​ចិន ហើយ​ធ្វើ​ឲ្យ​ភាព​តានតឹង​ក្នុង​តំបន់​កើនឡើង​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។  
 
​លោក វ៉ាង ដែលជា​ទីប្រឹក្សា​រដ្ឋ​ចិន​ផង​នោះ ទំនង​ចង់​សំដៅ​ដល់​សកម្មភាព​យោធា​អាមេរិក​ដែល​ចិន​ចាត់ទុកជា​ការជ្រៀតជ្រែក​មក​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង រួមមាន​ការបញ្ជូន​យន្តហោះ​ស៊ើបការណ៍ ការបញ្ជូន​នាវាចម្បាំង​បើក​កាត់​ដែនទឹក​នោះ​ជាដើម​។ 
 
«​សន្តិភាព និង​ស្ថិរភាព គឺជា​ផលប្រយោជន៍​ដ៏​ធំ​បំផុត​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​»​។ ប្រមុខ​ការទូត​ចិន បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា ចិន​ក៏មាន​ឆ​ន្ទះ​ក្នុង​ការចរចា និង​ទំនាក់ទំនង​ជាមួយ​អាមេរិក ជុំវិញ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដែរ ដើម្បី​បង្កើត​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​។ 
 
​ជាមួយគ្នា​នោះ ប្រមុខ​ការទូត​ចិន ក៏បាន​ស្នើ​ឲ្យ​អាស៊ាន និង​ចិន បញ្ចប់​កិច្ចចរចា​ក្រម​ប្រតិបត្តិ​លើ​សមុទ្រ​ចិន​ខាងត្បូង​(Code of Conduct) ឲ្យ​កាន់តែ​ឆាប់​ផងដែរ​។ កាលពី​កិច្ចប្រជុំ​អាស៊ាន​ឆ្នាំ​២០១៨ កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី​ចិន លី ខឺ​ឈាំ​ង ក៏បាន​ស្នើ​ឲ្យ​ភាគី​អាស៊ាន និង​ចិន បញ្ចប់​កិច្ចចរចា​លើ​ក្រម​ប្រតិបត្តិ​មួយ​នេះ ត្រឹម​ឆ្នាំ​២០២១ ដែល​ព្រុយ​ណេ ត្រូវ​ធ្វើជា​ប្រធាន​អាស៊ាន​។ 
 
​យ៉ាងណាក៏ដោយ ការបញ្ចប់​កិច្ចចរចា​លើ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ទំនងជា​មិនអាច​បញ្ចប់​ត្រឹម​ឆ្នាំ​២០២១ បានទេ ព្រោះ​វិបត្តិ COVID-19 បានធ្វើ​ឲ្យ​អ្នកជំនាញ​របស់​ប្រទេស​ពាក់ព័ន្ធ មិនអាច​ជួបគ្នា​ដោយផ្ទាល់​បាន​។ 
 
 

Tag:
 អាមេរិក​
  ចិន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com