ជាតិ
សង្គមជាតិ
សង្គម​ស៊ីវិល​៣៩ ស្នើ​ឲ្យ​ដោះលែង​ក្រុមយុវជន និង​បញ្ឈប់​ការបំភិតបំភ័យ​
10, Sep 2020 , 2:57 pm        
រូបភាព
ពលរដ្ឋនិងយុវជន ប្រមូលផ្តុំគ្នានៅមុខតុលាការភ្នំពេញ កន្លងមក ដើម្បីសុំឲ្យដោះលែងលោក រ៉ុង ឈុន (រូបពី អង្គការលីកាដូ)
ពលរដ្ឋនិងយុវជន ប្រមូលផ្តុំគ្នានៅមុខតុលាការភ្នំពេញ កន្លងមក ដើម្បីសុំឲ្យដោះលែងលោក រ៉ុង ឈុន (រូបពី អង្គការលីកាដូ)
​អង្គការ សង្គម​ស៊ីវិល និង សមាមគ​ម​៣៩​នៅ​កម្ពុជា រួមគ្នា​ស្នើ​ឲ្យ​តុលាការ ទម្លាក់​ការចោទប្រកាន់​និង​ដោះលែង​ក្រុម​សកម្មជន ដែល​ភាគច្រើន​ជា​យុវជន​ក្មេងៗ​។ ក្រុម​អង្គការ​សង្គម​ស៊ីវិល ថែមទាំង​ស្នើ​ឲ្យ​អាជ្ញាធរ បញ្ឈប់​ការបំភិតបំភ័យ​និង​ការបង្ក្រាប ទៅលើ​ក្រុម​អ្នកការពារ​សិ​ទិ្ធ​មនុស្ស អ្នកការពារ​បរិស្ថាន​វ័យក្មេង និង អ្នក​តវ៉ា​ដោយ​អហិង្សា​។


​សំណើ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ធ្វើ​ឡើ​តាមរយៈ​សេចក្តីថ្លែងការណ៍​រួមមួយ នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០​។ តាមរយៈ​សេចក្តីថ្លែងការណ៍ ក្រុម​អង្គការ​សង្គម​ស៊ីវិល ក៏​ស្នើ​ឲ្យ​អាជ្ញាធរ គោរព​សិ​ទិ្ធ​សេរី​ភាពជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ក្នុងការ​តស៊ូ​មតិ​ដោយ​អហិង្សា​។ 
 
​ក្រុម​អង្គការ​សង្គម​ស៊ីវិល សរសេរ​ក្នុង​សេចក្តីថ្លែងការណ៍​ថា​៖«​យើងខ្ញុំ មានការ​សោកស្តាយ និង​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ការប្រើប្រាស់​បទល្មើស​ញុះញង់ ដោយ​អាជ្ញាធរ ដើម្បី​បំបិទ​សិ​ទិ្ធ​សេរីភាព​របស់​ពលរដ្ឋ​ក្នុងការ​បញ្ចេញមតិ និង​ចូលរួម​ក្នុងការ​ដោះស្រាយ​បញ្ហា​សង្គម​»​។​
 
​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ធិ​ការ​សិទ្ធិមនុស្ស​កម្ពុជា ចាត់ទុក ការចេញ​សេចក្តីថ្លែងការណ៍​រួម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ថា​ជា​រឿង​ធម្មតា​។ ម្យ៉ាងទៀត លោក យល់ថា ការបង្ហាញ​ក្តីបារម្ភ​និង​ការបញ្ចេញមតិ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល គឺជា​សិទ្ធិ​របស់​ពួកគេ​។ 
 
​យ៉ាងណា អ្នកនាំពាក្យ​រូបនេះ អះអាងថា សេចក្តីថ្លែងការណ៍ ក៏ដូចជា​សំណើ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល មិនមាន​ឥទ្ធិពល​អ្វី​ទៅលើ​តុលាការ​ឡើយ​។ លោក មានប្រសាសន៍ថា​៖«​សំណើ​ដែល​ខុសច្បាប់ យើង អត់​មានអី​យកមក​ពិចារណា​ទេ​»​។ 
 
​ជាមួយគ្នានេះ លោក ស្នើ​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល រក​ភស្តុតាង ហើយ​ឡើង​ការពារ​ក្តី​ឲ្យ​ក្រុមយុវជន​ឬ​ក្រុម​សកម្មជន​ទាំងនោះ តាមផ្លូវ​តុលាការ​វិញ ប្រសើរ​ជាង​ការចេញ​សេចក្តីថ្លែងការណ៍​។ 
 
​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ចេញ​សេចក្តីថ្លែងការណ៍ មានដូចជា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) សមាគម​អាដហុក (ADHOC) អង្គការ​លីកាដូ (LICADHO) អង្គការ​តម្លាភាព​កម្ពុ​ជា (TI) អង្គការ​កម្មវិធី អភិវឌ្ឍន៍ ធនធាន​យុវជន (YRDP) វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា (CID)  គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (COMFREL) បណ្តាញ​យុវជន​កម្ពុជា (CYN) និង បណ្តាញ​ព្រះសង្ឃ​យុវជន​កម្ពុជា (CYMN) ជាដើម​។​
 
​អ្នក ដែល​ត្រូវ​ចាប់ខ្លួន​ក្នុង​មួយរយៈ​ចុងក្រោយ​នេះ មានដូចជា លោក រ៉ុង ឈុន លោក សួង សុ​ភ័​ណ្ឌ អតីត​ព្រះសង្ឃ កើត សារាយ យុវជន មាន ព្រហ្ម​មុនី យុវជន ហ៊ុន វណ្ណៈ យុវជន ថា ឡា​វី យុវជន ថុ​ន រដ្ឋា យុវតី ឈឿ ដា​រាវី យុវតី សូ មេត្តា យុវតី ស កន្និកា យុវតី ឡុង គ​ន្ធា និង យុវតី ភួ​ន កែវ​រស្មី ជាដើម​។ លើកឡែងតែ​លោក លោក រ៉ុង ឈុន និង លោក សួង សុ​ភ័​ណ្ឌ យុវជន​យុវតី​ទាំងនោះ ភាគច្រើន​ជា​សមាជិក​នៃ​ក្រុមយុវជន​ខ្មែរ​ថាវរៈ​និង​ក្រុមយុវជន​ចលនា​មាតា​ធម្មជាតិ​។​
 
​ក្រៅពីនេះ នៅមាន​មនុស្ស​មួយទៀត ដែល​ត្រូវ​ចាប់ខ្លួន ដូចជា យុវជន​ជា​អ្នកចម្រៀង​រ៉េ​ប ជា គ​ន្ធា រួមទាំង​មន្ត្រី​អតីត​គណបក្សប្រឆាំង​២​រូប គឺ លោក ជុំ វុទ្ធី និង លោក ឈួ ផេង​។ 
​មនុស្ស​ដែល​ត្រូវ​ចាប់ខ្លួន​ខាងលើ ភាគច្រើនបំផុត គឺ​រង​បទ​ចទ​ដូចគ្នា គឺ​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម​។ 
 
​កាលពី​ថ្ងៃទី​៧ ខែកញ្ញា ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា (OHCHR) បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម Twitter ថា ទោះបីជា​ការជួបជុំ​ឬ​ការប្រមូលផ្តុំ​នៅ​កម្ពុជា មាន​លក្ខណៈ​សន្តិវិធី​ក្តី តែ​នៅតែមាន​ការចាប់ខ្លួន និង​ឧប្បត្តិហេតុ​មួយចំនួន កើតឡើង​ពី​ការប្រើប្រាស់ «​កម្លាំង​ហួសប្រមាណ​» ទប់​ទល់នឹង​ក្រុមបាតុករ ដែល​ភាគច្រើន​ជា​ស្ត្រី​និង​ជា​យុវជន​។ ស្ថាប័ន​តំណាង​អង្គការសហប្រជាជាតិ​ដ៏​ធំ​មួយ​នេះ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ «​គោរព​សិទ្ធិ​អ្នក​តវ៉ា​» ។ 
 
​ចំណែក អ្នកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សង្កេតមើល​បញ្ហា​សិទ្ធិមនុស្ស​ក្នុងប្រទេស​កម្ពុជា បានបង្ហាញ​ក្តីកង្វល់​ចំពោះ​ការចាប់​ព្រះសង្ឃ​និង​យុវជន​ជា​សកម្មជន​ទាំងនោះ​។ អ្នកស្រី ថ្លែងថា សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ ការបង្កើត​សមាគម និង ការជួបជុំ​ដោយ​សន្តិវិធី ត្រូវបាន​ការពារ​ដោយ​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ ក៏ដូចជា​រដ្ឋធម្មនុញ្ញ​កម្ពុជា​ផងដែរ​។​
 
​អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​រូបនេះ សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា​ថា​៖«​ខ្ញុំ សូម​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​កម្ពុជា ធានាថា សិទ្ធិ​ទាំងនេះ ត្រូវបាន​គោរព​និង​ការពារ ហើយ​បង្កើត​បរិយាកាស​មួយ ដែល​បុគ្គល​ម្នាក់ៗ អាចអនុវត្ត​សិទ្ធិ​ទាំងនេះ​»​។ អ្នកស្រី បន្តថា​៖«​ខ្ញុំ សូម​ជំរុញ​ឲ្យ​បញ្ជូន​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំងនោះ​ទៅ​តុលាការ ហើយ​ត្រូវគោរព​ឲ្យ​បាន​ពេញលេញ​នូវ​សិទ្ធិ​ទទួលបាន​នីតិវិធី​ត្រឹមត្រូវ​របស់​ពួកគេ​។ ខ្ញុំ កំពុង​តាមដាន​ព្រឹត្តិការណ៍​ទាំងនេះ​យ៉ាង​ដិតដល់​នៅក្នុង​ប្រទេស​កម្ពុជា​»៕
 

Tag:
 សង្គម​ស៊ីវិល​
  សិទ្ធិ​
  យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com