លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី៩ ខែកញ្ញា ត្រូវបានសមាជិកសភាន័រវេសស្នើឈ្មោះជាបេក្ខជនសម្រាប់ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២១។ ការស្នើឈ្មោះលោក ត្រាំ សម្រាប់ពានរង្វាន់ខ្ពង់ខ្ពស់នេះ កើតឡើងបន្ទាប់ពីលោកបានជួយផ្សះផ្សាទំនាក់ទំនងការទូតរវាងអ៊ីស្រាអែល និងអេមីរ៉ាតអារ៉ាបរួម។
លោក Christian Tybring-Gjedde សមាជិកសភាន័រវេស មកពីគណបក្សដែលមានទំនោរស្តាំនិយម ជាអ្នកស្នើឈ្មោះលោក ដូណាល់ ត្រាំ ទៅគណៈកម្មការណូបែលន័រវេស ដើម្បីពិចារណាផ្តល់ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២១ ដល់លោកប្រធានាធិបតីអាមេរិករូបនេះ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Tybring-Gjedde អះអាងថា ការស្នើឈ្មោះនេះ គឺសម្រាប់ការចូលរួមរបស់លោក ត្រាំ ក្នុងការបង្កើតសន្តិភាពរវាងអ៊ីស្រាអែល និងអេមីរ៉ាតអារ៉ាបរួម។ លោកបន្ថែមទៀតថា គណៈកម្មការណូបែលគួរណាស់តែកាត់សេចក្តីទៅលើការពិត និងមិនមែនអាកប្បកិរិយារបស់លោក ត្រាំ នៅពេលខ្លះឡើយ។
ខាងសេតវិមានវិញ បានលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំង២ គឺជាសក្ខីកម្មពីទស្សនវិស័យ និងការទូតយ៉ាងមុះមុតរបស់លោក ត្រាំ ។ សេតវិមានបន្តថា លោក ត្រាំ មានកិត្តិយសណាស់ដែលត្រូវពិចារណាដោយគណៈកម្មការណូបែល។
កិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងអេមីរ៉ាតអារ៉ាបរួមមានឈ្មោះថា Abraham Accords ត្រូវបានរដ្ឋបាលលោក ត្រាំ ចាត់ទុកជាសេចក្តីសង្ឃឹមយ៉ាងវិជ្ជមានសម្រាប់សន្តិភាពនៅតំបន់មជ្ឈិមបូព៌ា។ កិច្ចព្រមព្រៀងខាងលើនេះ ក៏បានផ្អាកផែនការរបស់អ៊ីស្រាអែលក្នុងការទន្ទ្រានយកដីប៉ាឡេស្ទីនផងដែរ។ ប៉ុន្តែលោក ត្រាំ នៅមិនទាន់អាចសម្រេចបានការចចាររវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនឡើយ ខណៈផែនការសន្តិភាពរបស់លោក ត្រូវបានគេមើលឃើញថា ផ្តល់ប្រយោជន៍ច្រើនដល់អ៊ីស្រាអែល។
នេះជាលើកទីពីរ ដែលលោក Tybring-Gjedde ស្នើឈ្មោះលោ ត្រាំ ។ កាលពីឆ្នាំ២០១៨ លោក ត្រាំ ក៏ត្រូវបានស្នើឈ្មោះសម្រាប់ពានរង្វាន់ណូបែលនេះ ដោយគ្រានោះអ្នកនយោបាយន័រវេសរូបនេះ បានសំអាងលើការខិតខំផ្សះផ្សាររវាងបងប្អូនគូសត្រូវកូរ៉េខាងជើង និងកូរ៉េខាងត្បូង ក៏ដូចជាមួយស៊ីរីផងដែរ តែជាអកុសលលោក ត្រាំ មិនបានទទួលរង្វាន់នេះឡើយ។
សម្រាប់ឆ្នាំ២០២០នេះ អ្នកឈ្នះពានរង្វាន់ណូបែលសន្តិភាពនឹងត្រូវប្រកាសនៅថ្ងៃទី៩ តុលា នៅទីក្រុងអូស្លូ ប្រទេសន័រវេស។ បេក្ខជនចំនួន៣១៨រូប ត្រូវបានយកមកពិចារណា។ ចំណែកគណៈកម្មការដែលសម្រេចផ្តល់ពានរង្វាន់ណូបែល មានចំនួន៥រូប និងត្រូវបានជ្រើសតាំងដោយសភាន័រវេសផ្ទាល់។
អ្នកដែលឈ្នះពានរង្វាន់ណូបែលទទួលបានមេដាយមាស១៨ការ៉ាត់ និងទឹកប្រាក់ជាង១លានដុល្លារ។ អាមេរិកធ្លាប់មានប្រធានាធិបតី៤រូបហើយ ដែលទទួលបានរង្វាន់ណូបែលសន្តិភាព គឺលោកប្រធានាធិបតីថេអូដរ រូស្វែលត៍(Theodore Roosevelt) ក្នុងឆ្នាំ១៩០៦, វូឌ្រូ វីលសុន (Woodrow Wilson) ក្នុងឆ្នាំ១៩២០, ជីមី ខាតធ័រ(Jimmy Carter) ក្នុងឆ្នាំ១៩៩៦ និងលោក បារ៉ាក់ អូបាម៉ា ក្នុងឆ្នាំ២០០៩៕